សម្ដេចតេជោ៖ បើខ្ញុំមានដូចជប៉ុន ខ្ញុំផ្ដល់ជំនួយឲ្យគេអស់ហើយ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា បើសិនជាប្រទេសកម្ពុជា ជាប្រទេសអ្នកមានដូចប្រទេសជប៉ុន កម្ពុជានឹងផ្ដល់ជំនួយឲ្យ ប្រទេសផ្សេងៗអស់ហើយ ។

 

ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ កំណាត់ផ្លូវជាតិលេខ៥ បាត់ដំបង-សេរីសោភ័ណ នាថ្ងៃទី១០ មករានេះ សម្ដេចតេជោមានប្រសាសន៍ថា «ទោះបីកម្ពុជាក្រ ក៏ប៉ុន្តែកម្ពុជា ក៏មានបេះដូងធំទូលាយ បើខ្ញុំមានដូចជប៉ុន ងាប់ហើយ ខ្ញុំផ្ដល់ជំនួយឲ្យគេអស់ហើយ ប៉ុន្តែខ្ញុំវាក្រ តែនិយាយយ៉ាងដូច្នេះ មិនមែនបានសេចក្ដីថា ជប៉ុនមិនផ្ដល់ជំនួយទេ គឺភារកិច្ចរបស់គាត់គឺ ផ្ដល់ជំនួយទូទាំងពិភពលោក គ្រាន់តែផ្ដល់ជំនួយមកយើង (កម្ពុជា) ប្រមាណ ១៤០០លានដុល្លាររួចទៅហើយ» ។

 

សម្ដេចបន្តថា ជប៉ុនមានភារកិច្ចច្រើន គឺត្រូវផ្ដល់ជំនួយទៅប្រទេសនេះ ប្រទេសនោះ ។ សម្ដេចថា កម្ពុជា បានផ្ដល់ជំនួយទៅឲ្យមីយ៉ាម៉ា ចំនួន៣លើករួចមកហើយ ដោយលើកទី១នៅឆ្នាំ២០២០ លើកទី២ឆ្នាំ២០២១ និងលើកទី៣ នៅថ្ងៃទី៧ មករា ឆ្នាំ២០២២ ។

សម្ដេចបន្ថែមថា យន្តការក្នុងការផ្ដល់ជំនួយ ទៅកាន់មីយ៉ាន់ម៉ា គួរតែត្រូវបានរៀបចំឡើង ដោយមានភាគីពាក់ព័ន្ធដូចជា អាស៊ាន ប្រេសិតពិសេសរបស់ប្រធានអាស៊ាន អគ្គលេខាធិការអាស៊ាន មជ្ឈមណ្ឌលសម្របសម្រួលអាស៊ាន ខាងមីយ៉ាន់ម៉ា និងទីភ្នាក់ងាររបស់អង្គការ សហប្រជាជាតិដែលពាក់ព័ន្ធ ៕

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds