សម្តេចតេជោ ហ៊ុន សែន កំណត់ឲ្យចាក់វ៉ាក់សាំង Pfizer នៅតែក្នុងរាជធានីភ្នំពេញ តែចាក់ជូនប្រជាពលរដ្ឋពីគ្រប់កន្លែងទាំងអស់ ឲ្យតែចង់ចាក់
(បាត់ដំបង)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២២នេះ បានថ្លែងកំណត់ឲ្យមានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទ Pfizer តែក្នុងរាជធានីភ្នំពេញប៉ុណ្ណោះ ដោយសារតែវ៉ាក់សាំងប្រភេទនេះ មិនអាចដឹកចេញទៅតាមបណ្តាខេត្តបាន ព្រោះបញ្ហាប្រព័ន្ធត្រជាក់។
បើទោះបីជាកំណត់ឲ្យចាក់ Pfizer ជាង២លានដូស តែក្នុងរាជធានីភ្នំពេញក្តី សម្តេចតេជោ ហ៊ុន សែន បានប្រកាសបើកទូលាយ ក្នុងការអនុញ្ញាតឲ្យបងប្អូនប្រជាពលរដ្ឋ ដែលចង់ចាក់វ៉ាក់សាំង Pfizer ដូសជំរុញនេះ អាចឡើងមកចាក់នៅរាជធានីភ្នំពេញបាន។
ការកំណត់ថ្មីរបស់សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ កំណាត់ផ្លូវជាតិលេខ៥ ប្រវែងជិត៨៥គីឡូម៉ែត្រ ក្នុងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២២។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ដោយសារវ៉ាក់សាំង Pfizer យកចេញទៅក្រៅអត់រួច ដោយត្រូវការរក្សាសីតុណ្ហភាពក្រោមសូន្យ ដូច្នេះត្រូវចាក់នៅរាជធានីភ្នំពេញតែម្តង។ បងប្អូនព្រួយបារម្ភថាផ្អើលគ្នាទៅចាក់នៅភ្នំពេញ ឥឡូវខ្ញុំប្រាប់ វិធីដែលល្អជាងគេ ផ្អើលទៅពីណាផ្អើលទៅ ខ្មែរដូចតែគ្នាទេ កុំខ្វល់ពេក បើគេសុខចិត្តជិះពីបាត់ដំបងទៅភ្នំពេញ ក៏ចាក់ឲ្យទៅ»។
សម្តេចបន្ថែមថា «ខ្ញុំបានកំណត់ហើយ ប្រទេសនេះអត់មានបែងចែកតំបន់ទេ អ្នកណាចង់ទៅរក Pfizer នៅភ្នំពេញ សូមអញ្ជើញបើកឃ្លាំងចាក់តែម្តងទៅ។ បញ្ហាមិនមែនបញ្ហាខ្លាចគេដណ្តើមវ៉ាក់សាំងទេ ខ្លាចការមកដល់នៃអូមីក្រុង រាលដាលពេញប្រទេស និងខ្លាចប្រជាជនយើងមិនទៅចាក់ទៅវិញទេ»។
សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២២ម្សិលមិញ បានបញ្ជាឲ្យទិញវ៉ាក់សាំង៥លានដូសបន្ថែមទៀត ខណៈវ៉ាក់សាំងដែលកំពុងមានក្នុងឃ្លាំងប្រមាណ១០លានដូស សម្រាប់ចាក់ដូចជំរុញដល់ប្រជាជនកម្ពុជា និងធានាណាប្រជាជនកម្ពុជា មិនខ្វះវ៉ាក់សាំង។
សម្តេច តេជោ ហ៊ុន សែន បានថ្លែងអំពាវនាវដល់បណ្តាខេត្តទាំងអស់ ខិតខំប្រឹងប្រែងធ្វើយ៉ាងដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសជំរុញ ឬដូសទី៣ ឲ្យបានលឿនទាន់ពេលវេលា ខណៈដែលវីរុសបំប្លែងថ្មី អូមីក្រុង បានចូលសហគមន៍ហើយនោះ ហើយគ្មានជម្រើសណាល្អជាង ជំរុញការចាក់វ៉ាក់សាំងឲ្យទាន់ពេលវេលានោះទេ។
សូមជម្រាបថា គិតត្រឹមយប់ថ្ងៃទី៩ ខែមករា ឆ្នាំ២០២២ កម្ពុចាបានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៤,២៨២,៧៨៨នាក់៕