ឆ្នាំ ​២០២១ ផលិតកម្ម​ដំណាំ​កសិកម្ម សរុប​មាន​​ប្រមាណ $ ១០ ៥៦៧ លាន​

ភ្នំពេញ ៖ ផលិតកម្ម​ដំណាំ​កសិកម្មសម្រាប់​ឆ្នាំ ​២០២១ សរុប​មាន​​ប្រមាណ $១០ ៥៦៧ លាន​ កើន​លើស​ឆ្នាំ ​២០២០ ​ចំនួន ៣៣,១៥% ។​ នេះបើយោងតាមការអោយដឹងរបស់រដ្ឋមន្ត្រី​ក្រសួងកសិកម្ម។

ក្នុង​ចំណោម​ផល​ពី​វិស័យ​កសិកម្ម​ខាងលើ​នេះ មានតម្លៃ​ទទួល​បាន​ពី​ការ​នាំ​ចេញ​កសិផល​មាន​វិញ្ញាបនបត្រ មាន​ចំនួន $ ៣ ៩៥៨ លាន​ កើន​លើស​ឆ្នាំ ​២០២០ ​ចំនួន ១០៥,៤៣% តម្លៃ​ទទួល​បាន​ពី​ការ​នាំ​ចេញ​កសិផល​គ្មាន​វិ​ញ្ញាប​នប​ត្រ មាន​ចំនួន $៩៥៩ លាន​ ​ថយ​ចុះ​ចំនួន ៣៦,២៩% ធៀប​ឆ្នាំ​ ២០២០ និង​តម្លៃ​ទទួល​បាន​ពី​កសិផល​ដែល​សល់​សម្រាប់​ប្រើប្រាស់​ក្នុងស្រុក មាន​ចំនួន $៥ ៦៤៨ លាន កើន​លើស​ឆ្នាំ ​២០២០ ​ចំនួន ២៥,៤៥% ​។

លោក វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ឲ្យ​ដឹង​ថា នៅ​ឆ្នាំ ​២០២១ កន្លង​ទៅ​នេះ កម្ពុជា​សម្រេច​ផលិតកម្ម​ដំណាំ​កសិកម្ម​នៅ​ទូ​ទាំង​ប្រទេស​ទទួល​បាន​សរុប​ចំនួន ៣៥ ៩៧៤ ១៣៨ តោន កើនឡើង​ចំនួន ២៣% ​ធៀប​នឹង​ឆ្នាំ​ ២០២០ ​ក្នុង​នោ​មានដំណាំ​ស្រូវ មាន​ចំនួន ១២ ២០៦ ៩១១ តោន កើនឡើង​ចំនួន ១១,៦៣% ធៀប​នឹង​ឆ្នាំ ​២០២០ ដែល​មាន​បរិមាណ​ចំនួន ១០ ៩៣៥ ៦១៨ ​តោន ​។

ទោះ​យ៉ាងនេះ​កសិករ​ជា​ច្រើន​នៅ​ឆ្នាំ​នេះ​ត្អូញ​ថា​ការ​ចំណាយ​លើ​ការ​ដាំ​ដុះ​ឆ្នាំ​នេះ​កើនឡើង​ដោយសារ ជី​កសិកម្ម ថ្នាំ​កសិកម្ម បាន​ឡើងថ្លៃ​ពី ​៣​ ទៅ​ដង ​៤​ ចំណែក​ផលិតផល​ពិសេស​នៅ​តំបន់​ខ្លះ​បាន​ធ្លាក់​ថ្លៃ ​។

កសិកររស់នៅ​ក្នុងស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ  លោក មឿ​ន និយាយ​ថា នៅ​ពេល​នេះ​លោក​បាន​ទុក​ដីស្រែ​ជាង ​២​ ហិ​កតា​ចោល​មិន​ដាំ​ដុះ​ដោយសារ​ជី​ឡើងថ្លៃ​ពេក​ចំណែក​ស្រូវ​បើ​ចុះថោក​ទៅ​វិញ នាំ​ការ​ធ្វើស្រែ​ឆ្នាំ​នេះ​លោក​គិត​ថា ​មិន​ចំណេញនោះឡើយ ​។ កសិករ​រូប​នេះ អះអាងថា ​កសិករ​ជា​ច្រើន​ក្នុង​មូលដ្ឋាន​របស់​គាត់បាន​ទុក​ដី​ចោល​មិន​ដាំ​ដុះ​ដូច​លោក​ដែរ ​។

នៅ​ក្នុង​របាយការណ៍​របស់​លោក​ វេ​ង សា​ខុន ក្រៅពី​ដំណាំ​ស្រូវ ដែល​មាន​ទិន្នផល​កើន​នោះ ដំណាំ​សាកវប្បកម្ម និង​ដំណាំ​ឧស្សាហកម្ម ក៍​ទទួល​កំណើន​ផង​ដែរ បើ​ធៀប​ឆ្នាំ ​២០២០ ​៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds