កម្ពុជាកំពុង​ទាក់ទាញ Air Asia Thailand ឱ្យបើក​ជើងហោះហើរ​ត្រង់​ពី​តំបន់​ទេសចរណ៍អន្តរជាតិសំខាន់​ៗ​​មក​កម្ពុជា

ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ក្រសួងទេសចរណ៍ បាននឹង​កំពុង​ទាក់ទាញ ក្រុមហ៊ុន​អាកាសចរណ៍ Air Asia Thailand របស់​ប្រទេស​ថៃ ​ឲ្យ​បើក​ដំណើរការ Air Asia cambodia នៅ​កម្ពុជា ហើយ​បង្កើត​ជើងហោះហើរ​ត្រង់​ពី​តំបន់​ទេសចរណ៍​សំខាន់​ៗ​របស់​ប្រទេស​មួយ​ចំនួន ពិសេស​ពី​ប្រទេស​ថៃ ​តែ​ម្តង មក​កាន់​កម្ពុជា​ ឬ​ឆ្ពោះទៅ​សៀមរាប​ និង​ខេត្ត​ព្រះ​សីហ​នុ ផ្ទាល់​តែ​ម្តង ​។

លោក​ សុខ សុ​ក្រិ​ត្យា បាន​លើក​សំណើរ​នេះទៅ​កាន់លោក Tasspon Bijleveld នាយក​ប្រតិបត្តិ Air Asia Thailand នៅ​ទីក្រុង​បាងកក​ ។ លោកថា ​កម្ពុជា​បាន​បើក​ប្រទេស​ទ្បើ​ង​វិញ តាំងពី​ថ្ងៃ​ទី​ ១៥ ខែវិច្ឆិការ ឆ្នាំ ​២០២១​ មក ​។​ ​ទោះជា​ជួប​វិបត្តិ​កូ​វី​ដ​ក៏​ដោយ រាជរដ្ឋាភិបាល​កម្ពុជា​បាន​បញ្ចេញ​ថវិកា​មួយ​ចំនួន​ដើម្បី​កែ​លម្អរ ជួសជុល​ និង​សាងសង់​ផ្លូវ និង​ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័​នៅ​ក្នុង​តំបន់​ទេសចរ​សំខាន់​ៗ​ដូច​ជា​ខេត្ត​ព្រះ​សីហ​នុ ខេត្តសៀមរាប ​ជាដើម​ដើម្បី​ត្រៀម​ទទួលភ្ញៀវ​ទេសចរ​ទ្បើ​ង​វិញ​ ។ ជាមួយ​គ្នា​នេះ កម្ពុជា​បាន​កំពុង​សាងសង់​ព្រ​លាន​យន្តហោះ​ពីរ​ទៀត​ គឺ​នៅ​ភ្នំពេញ ​និង​សៀមរាប ​។

នាយក​ប្រតិបត្តិ ក្រុមហ៊ុន​អាកាស​ចរ​ណ៌ Air Asia Thailand បាន​សន្យា​ថា ​នឹង​ជំរុញ​ឲ្យ​បង្កើត Air Asia Cambodia អោយ​បាន​លឿន ដើម្បី​ហោះហើរ​ត្រង់​ពី​តំបន់​ទេសចរណ៍​សំខាន់​ៗ​នៃ​ប្រទេស​មួយ​ចំនួន​មក​កម្ពុជា​ ។ ​លោក​បាន​យល់​ស្រប​ចំពោះ​គំនិត​នៃ​ការ​បង្កើត​ជើងហោះហើរ​ត្រង់នេះ ដើម្បី​សម្រួល​ដល់​ភ្ញៀវ​ទេសចរ​ និង​កំណើន​ភ្ញៀវ​ទេសចរ ខណៈដែល​ពួក​គេ​បាន​កំពុង​សំឡឹង​ឃើញ​ប្រទេស​កម្ពុជា ជា​គោលដៅ​ទេសចរណ៍​ប្រកបដោយ​សុវត្ថិភាព ​៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds