នារីស្រស់ស្អាតថៃម្នាក់ ដោះស្បែកវាយប៉ូលិសចរាចរណ៍ហើយសួរថា ស្គាល់នាងជាកូននរណាអត់?(មានវីដេអូ)

ថៃ៖ វី​ដេ​អូ​ឃ្លី​ប​ដែល​កំពុង​រង​ការ​រិះគន់​យ៉ាង​ខ្លាំង​នៅ​លើ​បណ្តាញ​សង្គមក្នុង​ប្រទេស​ថៃ បាន​បង្ហាញ​ពីសកម្មភាពរ​បរស់​នារី​វ័យក្មេង​ម្នាក់ ស្រវឹង​បានបើករថយន្ត​បញ្ច្រាសទិស​ដៅ​ចរាចរណ៍ ហើយ​ដោះ​ស្បែកជើង​កាន់​ទះកំផ្លៀង ចំ​មុខ​ប៉ូលិស និង​ស្រែក​សម្លុត​សួរ​ថា តើ​ដឹងថា​នាង​ជា​កូន​នរណា​អត់ ? នេះ​បើ​យោង​តាម​គេហទំព័រ​កាសែត ថៃ​រ៉ាត់ ចុះ​ផ្សាយ​នៅ​ព្រឹក​ថ្ងៃ​ទី​០៨ ខែមករា ឆ្នាំ​២០២២​នេះ ។

 

ទាក់ទិន​នឹង​ការ​រិះគន់​លើ​បញ្ហា​នេះ មន្ត្រី​នគរបាល​ប៉ុស្តិ៍ Khu Khot ខេត្ត Pathum Thani របស់​ថៃ បាន​បំភ្លឺ​ថា ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៩ ​និង​៤០​នាទី​យប់ ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០២១ មុនឆ្លងឆ្នាំសកល ​មន្ត្រី​នគរបាល​ប៉ុស្តិ៍ Khu Khot ទទួល​បាន​សេចក្តីរាយការណ៍​ថា មាន​រថយន្ត​មួយ​គ្រឿង ​បើក​បញ្ច្រាស់ទិស នៅ​លើ​ផ្លូវ​ឡាំ​លូ​កា ជាប់​ពហុ​កីឡដ្ឋាន Thupatemi អ្នកបើកបរ​មាន​អាការ​ស្រ​ដៀង​នឹង​អ្នក​ស្រវឹង បាន​បើក​បង្កការស្ទះចរាចរណ៍ ដល់រថយន្តដទៃ​ទៀត ។

ហេតុនេះ សមត្ថកិច្ច​នគរបាល​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ដើម្បី​ត្រួតពិនិត្យ​ករណី​ចរាចរណ៍​ខាងលើ​នេះ លុះ​ពេល​មក​ដល់ ក៏​ប្រទះ​ឃើញ​រថយន្ត​ម៉ាក​ មែរ​សឺ​ដេ​ស​-​បេន​ស៍ Mercedes-Benz ពណ៌​ស ចត​ក្នុង​ទិស​ដៅ​បញ្ច្រាស់ទិស​ចរាចរណ៍ ទុល​មុខ​នឹង​រថយន្ត​ភី​ក​អាប់ មួយ​គ្រឿង​ទៀត ។

ស្ត្រី​ជា​អ្នក​បើករថយន្ត​ មែរ​សឺ​ដេ​ស បាន​ចុះ​ពី​រថយន្ត ហើយ​បាន​ស្តីបន្ទោស​ និង​វាយ​កម្ទេច​រថយន្ត​ភី​ក​អាប់ ។ ពេល​នោះ​មន្ត្រី​ប៉ូលិស​ចរាចរណ៍ ឃើញ​ថា​នាង​ស្រវឹង ដូច្នេះ​បាន​ប្រាប់​ស្ត្រី​រូប​នោះ​ថា ​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង និង​ ​បញ្ច្រាស់ទិស ត្រូវ​តែ​នាំ​ខ្លួនទៅ​ធ្វើតេស្ដ​ជាតិ​អាល់កុល ប៉ុន្តែ​នាង​បាន​ព្យាយាម​បើករថយន្ត​ចេញពី​កន្លែង​កើតហេតុ តែ​មិន​អាច​បើករថយន្ត​បាន ។

 

បន្ទាប់​មក ​ក៏​មានមន្ត្រី​ប៉ូលិស​ពីរ​នាក់ ជា​មន្ត្រី​ល្បាត​របស់​ប៉ុស្តិ៍​នគរបាល Khu Khot និង​នគរបាល​ចរាចរណ៍ បាន​បើកបរ​ម៉ូតូ​មក​ជួយ​អន្តរាគមន៍ឃាត់ ប៉ុន្តែ​ត្រូវ​នារី​វ័យក្មេង​ម្នាក់​នេះ មានការ​ខឹងសម្បារ រួម​ជាមួយនឹង​ការ​ស្រែកសួរ “​ដឹង​ទេ​ថា​នាង​ជា​កូន​អ្នក​ណា​ ?” នៅ​ពេល​ប៉ូលិស​ព្យាយាម​ឃាត់​នាង នាង​បាន​ប្រកែក ហើយ​បានវាយ និង​ឈោងដៃទៅ​ឆក់​កាបូប​ប៉ូលិស មុន​ពេល ​ដោះ​ស្បែក​ វាយ​ចំ​មុខ​ប៉ូលិស រួចហើយ​នាង​ក៏​ទៅ​ស្រែក​ឲ្យ​គេ​ជួយ​ផង​ៗ ។

ក្រោយ​កើតហេតុ ស្ត្រី​បង្ក​ត្រូវ​បាន​ឃាត់ខ្លួន​បញ្ជូន​ទៅ​កាន់​ការិយាល័យ​ស៊ើបអង្កេត ។ យ៉ាងណា អត្តសញ្ញាណ​របស់នារី​ជាប់ចោទ​រូប​នេះ ប៉ូលិស​មិន​បាន​បញ្ចេញនោះទេថានាងជាកូនស្រីរបស់អ្នកណា ?

លោក​វរសេនីយ៍ឯក Manasvet Thongim អធិការ​នគរបាល​ប៉ុស្តិ៍ Khu Khot ប្រាប់​ថា មន្ត្រី​បាន​ធ្វើការ​វាស់​បរិមាណ​ជាតិ​អាល់កុលរក​ឃើញ​ថា លើស​ពី​កម្រិត​កំណត់​ដោយ​ច្បាប់ ជា​លទ្ធផល នាង​ត្រូវ​បាន​ចាប់ខ្លួន និង​ចោទប្រកាន់ ចំនួន ​០៤​ករណី រួម​មាន ៖

  1. បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង
  2. បើកបរ​ដោយ​មិន​គិត​ពី​សុវត្ថិភាព
  3. បង្ក​របួស​ស្នាម​ដល់​មន្ត្រី​ពេល​បំពេញ​កាតព្វកិច្ច​។
  4. ខូចខាត​ទ្រព្យសម្បត្តិ ។ តាម​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ​១/២៥៦៥ ចុះ​ថ្ងៃ​ទី​១ ខែមករា ឆ្នាំ​២០២២៕

ប្រិយមិត្តចង់ជ្រាបច្បាស់ សូមទស្សនា វីដេអូ ចំនួន ៣ឃ្លីប មានដូចខាងក្រោម ៖


អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds