ប្រទេសចិនបានរកឃើញមេរោគកូវីដ១៩ លើផ្លែឈើដែលនាំចូលពីប្រទេសថៃ និងវៀតណាម

យោងតាមការចុះផ្សាយដោយសារព័ត៌មាន SCMP បានរាយការណ៍ថា ទីក្រុងមួយចំនួនរបស់ប្រទេសចិន បានចាប់ផ្តើមត្រួតពិនិត្យលើអាហារនាំចូលជាបន្ទាន់ និងប្រាប់ឱ្យអ្នកទិញផ្លែឈើទាំងអស់ ត្រូវនៅដាច់ដោយឡែកពីគេ បន្ទាប់ពីបានរកឃើញថា ផ្លែឈើដែលនាំចូលពីតំបន់អាស៊ី​អា​គ្នេ​យ៍មួយចំនួន បានតេស្ដវិជ្ជមានជាមួយជំងឺ COVID-19 ។ ប្រភពបាននិយាយថា យ៉ាងហោចណាស់មានក្រុងចំនួន ៩ នៅក្នុងខេត្ត Zhejiang និង Jiangx បានរាយការណ៍ពីករណីវិជ្ជមាន COVID-19 លើផ្លែស្រកានាគ ដែលនាំចូលពីប្រទេសវៀតណាម និងផ្លែមៀន ដែលនាំចូលមកពីប្រទេសថៃ ចាប់តាំងពីខែធ្នូមកម្ល៉េះ។

ប្រការនេះបាននាំឱ្យមានការបិទផ្សារទំនើបជាបណ្តោះអាសន្ន និងបង្កើនការត្រួតពិនិត្យកាន់តែខ្លាំង នៅតាមទីផ្សារលក់ផ្លែស្រកានាគ ជាពិសេសមកពីប្រទេសវៀតណាម។ ជាក់ស្ដែងពលរដ្ឋច្រើនជាង ១,០០០ នាក់ នៅក្រុង Shaoxing របស់ខេត្ត Shaoxing ត្រូវបានគេបង្គាប់ឱ្យនៅដាច់ដោយឡែកនៅតាមផ្ទះរៀងខ្លួន បន្ទាប់ពួកគេបានប៉ះពាល់នឹងផ្លែស្រកានាគ ដែលនាំចូលពីប្រទេសវៀតណាម។

ចំណែកអ្នករស់នៅទីក្រុងផ្សេងទៀត ដែលបានទៅកាន់ហាងលក់ផ្លែឈើដែលសង្ស័យថាឆ្លងមេរោគ ឬបានទិញផ្លែស្រកានាគដែលនាំចូល ក៏ត្រូវរាយការណ៍ទៅមន្ត្រីក្នុងតំបន់ និងធ្វើតេស្តរកមេរោគផងដែរ។

គួរឱ្យដឹងដែរថា ប្រទេសចិនក៏ជាទីផ្សារលេខ ១ សម្រាប់ផ្លែស្រកានាគរបស់វៀតណាម ដែលស្មើនឹង ៨០% នៃការនាំចេញសរុប នេះបើតាមសម្ដីលោក Dang Phuc Nguyen អគ្គលេខាធិការសមាគមបន្លែ និងផ្លែឈើវៀតណាម ដែលបាននិយាយក្នុងបទសម្ភាសន៍ជាមួយ Bloomberg កាលពីខែកញ្ញាឆ្នាំមុន។

លោកបាននិយាយថា ផ្លែស្រកានាគបង្កើតបាន ១ ភាគ ៣ នៃការនាំចេញផ្លែឈើ និងបន្លែរបស់ប្រទេសវៀតណាម ដែលមានតម្លៃ ៣.២៧ ពាន់លានដុល្លារកាលពីឆ្នាំមុន៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open