ប្រទេសចិនប្រកាសរកឃើញករណីឆ្លងកូវីដ-១៩សរុប ១៦១នាក់ថ្មីទៀត, ភាគច្រើនបំផុតស្ថិតក្នុងខេត្ត Shaanxi

(បរទេស)៖ ប្រទេសចិននៅថ្ងៃចន្ទសប្តាហ៍ថ្មីនេះ បានប្រកាសរកឃើញករណីឆ្លងជំងឺ COVID-19 សរុប ១៦១នាក់ថ្មីទៀត នៅកំលុងពេល ២៤ម៉ោងមុន ដែលជាការថយចុះបន្តិចវិញ បើធៀបនឹងតួលេខដែលត្រូវបានប្រកាស កាលពីថ្ងៃអាទិត្យ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាព្រឹកថ្ងៃចន្ទ ទី០៣ ខែមករា ឆ្នាំ២០២២។

នៅក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះ ១០១នាក់ជាករណីឆ្លងក្នុងសហគមន៍ ហើយភាគច្រើនបំផុតត្រូវបានរកឃើញ នៅក្នុងខេត្ត សានស៊ី (Shaanxi) ខណៈទីក្រុង ស៊ីអាន (Xi’an) របស់ខេត្តស្ថិតនៅភាគកណ្តាលប្រទេសមួយនេះ កំពុងបន្តស្ថិតក្រោមការបិទខ្ទប់នៅឡើយ ដើម្បីទប់ទល់នឹងការរាតត្បាតជំងឺ COVID-19 ដែលធ្ងន់ធ្ងរគួរឲ្យកត់សម្គាល់សម្រាប់ប្រទេសចិន អស់ជាច្រើនខែមកនេះ។

អាជ្ញាធរសុខាភិបាលចិន ក៏បានធ្វើការបែងចែកករណីវិជ្ជមាន COVID-19 ដែលមិនចេញរោគសញ្ញា ដាច់ដោយឡែកពីករណីឆ្លងទូទៅផងដែរ ដោយក្នុងកំលុងពេល ២៤មុននេះ ករណីវិជ្ជមានមិនចេញរោគសញ្ញាសរុប ៣៥នាក់ទៀតត្រូវបានរកឃើញ ដោយថយចុះពីចំនួន ៥២នាក់កាលពីថ្ងៃអាទិត្យ។

គួរបញ្ជាក់ថា ប្រទេសចិននៅតែរក្សាបានយ៉ាងល្អ ចំពោះការព្យាបាលអ្នកឆ្លងជំងឺ COVID-19 ឲ្យរួចផុតពីសេចក្តីស្លាប់ នៅក្នុងរយៈពេលជិត ២ឆ្នាំកន្លងមកនេះ ខណៈចំនួនអ្នកស្លាប់សរុបនៅតែរក្សានៅត្រឹម ៤,៦៣៦នាក់ដដែល។ គិតត្រឹមពេលនេះដែរ ចិនមានករណីឆ្លងជំងឺ COVID-19 សរុប ១០២,៦៦៦ករណី និងជាសះស្បើយវិញ ៩៤,៩០៣នាក់៕

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds