Ghani បាននិយាយថា ការសម្រេចចិត្តចាកចេញប្រទេសអាហ្វហ្កានីស្ថានរបស់លោកគឺជា «ការដ៏ពិបាកបំផុត»
បរទេស៖ តាមទីភ្នាក់ងារសារព័ត៌មាន AFP បានបញ្ជាក់ឲ្យដឹងថា អតីតប្រធានាធិបតីអាហ្វហ្កានីស្ថានលោក Ashraf Ghani កាលពីថ្ងៃព្រហស្បតិ៍បាននិយាយអំពីការរត់គេចខ្លួននៅពេលដែលក្រុមតាលីបង់បានចូលកាន់កាប់រដ្ឋធានីកាប៊ុល។ លោក បាននិយាយថា ការសម្រេចចិត្តនោះធ្វើឡើងក្នុងពេល«តែប៉ុន្មាននាទី»ប៉ុណ្ណោះ ហើយថា លោកមិនបានដឹងថា លោកនឹងចាកចេញទេរហូតដល់លោកឡើងយន្តហោះ។
បើយោងតាមរយៈ លោក Ghani បានប្រាប់កម្មវិធី Today របស់វិទ្យុ BBC Radio 4ថា នៅព្រឹកថ្ងៃទី១៥ ខែសីហាឆ្នាំ២០២១ គឺថ្ងៃដែលពួកឥស្លាមចូលកាន់កាប់រដ្ឋធានី ហើយរដ្ឋាភិបាលរបស់លោកផ្ទាល់បានដួលរលំ លោកមិនបានគិតថា វានឹងក្លាយជាថ្ងៃចុងក្រោយរបស់លោកនៅក្នុងប្រទេសអាហ្វហ្កានីស្ថានទេ។ ប៉ុន្តែនៅរសៀលថ្ងៃនោះ សន្តិសុខនៅវិមានប្រធានាធិបតីបាន«ដួល រលំ»។
លោក Ghani បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយអតីតប្រធានបុគ្គលិកផ្នែកការពារជាតិអង់គ្លេស លោកឧត្តមសេនីយ៍ Nick Carter ថា «ប្រសិនបើខ្ញុំរឹងទទឹង ពួកគេទាំងអស់នឹងត្រូវសម្លាប់ ហើយពួកគេមិនមានសមត្ថភាពការពារខ្ញុំទេ»។ លោក Ghani បាននិយាយទៀតថា ទីប្រឹក្សាសន្តិសុខជាតិរបស់លោកគឺលោក Hamdullah Mohib «មានការភ័យខ្លាចយ៉ាងខ្លាំង។ គាត់មិនបានទុកពេលឱ្យខ្ញុំលើសពីពីរនាទីទេ»។
លោកបាននិយាយទៀតថា ពីដំបូងលោកណែនាំថាត្រូវជិះឧទ្ធម្ភាគចក្រទៅទីក្រុង Khost ភាគអាគ្នេយ៍។ ប៉ុន្តែទីក្រុងនោះ បានធ្លាក់ក្នុងកណ្តាប់ដៃពួកអ៊ីស្លាមនិយមដែលបានបានកាន់កាប់ទីរួមខេត្តនៅទូទាំងប្រទេសនៅប៉ុន្មានថ្ងៃមុនថ្ងៃដកកងកម្លាំងអន្តរជាតិត្រឹមចុងខែសីហា។
លោកបាននិយាយថា ទីក្រុង Jalalabad នៅភាគខាងកើតជាប់ព្រំដែនជាមួយប្រទេសប៉ាគីស្ថានក៏បានដួលរលំផងដែរ។ លោក Ghani បាននិយាយថា «ខ្ញុំមិនដឹងថា យើងនឹងទៅទី ណាទេ។ ទាល់តែយើងចេញទៅទើបដឹងច្បាស់ថា យើងចាកចេញ»។
លោក Ghani បាននៅក្នុងប្រទេសអេមីរ៉ាតអារ៉ាប់រួមតាំងពីពេលនោះមក។
លោកត្រូវបានគេរិះគន់យ៉ាងខ្លាំងនៅអាហ្វហ្កានីស្ថានចំពោះការចាកចេញ ហើយឥឡូវនេះ ជនជាតិអាហ្វហ្កានីស្ថានបានជាប់នៅក្រោមការគ្រប់គ្រងដ៏តឹងរ៉ឹងរបស់ពួកតាលីបង់ដោយចោទប្រកាន់ថា លោកបានបោះបង់ចោលប្រជាពលរដ្ឋអាហ្វហ្គានីស្ថាននិងបានយកលុយរាប់លានដុល្លារ ក៏ប៉ុន្តែ លោកបានបដិសេធម្តងទៀតកាលពីថ្ងៃព្រហស្បតិ៍។
អតីតមន្ត្រីធនាគារពិភពលោកបានចេញសេចក្តីថ្លែងការណ៍ជាច្រើនអំពីការចាកចេញរបស់លោក ដោយទទួលស្គាល់ថា លោក មិនទាន់បានពន្យល់ប្រជាជនអាហ្វហ្កានីស្ថានអំពីបញ្ហានេះ។ ថ្ងៃព្រហស្បតិ៍គឺជាបទសម្ភាសន៍លើកដំបូងរបស់លោក។ លោក បាននិយាយម្តងទៀតថា កង្វល់ជាចម្បងរបស់លោកគឺការទប់ស្កាត់ការប្រយុទ្ធគ្នាតាមដងផ្លូវដ៏ឃោរឃៅនៅក្នុងរដ្ឋធានីដែលមានជនភៀសខ្លួនរាប់ម៉ឺននាក់ដែលភៀសខ្លួនពីអំពើហិង្សានៅកន្លែងផ្សេងៗក្នុងប្រទេស។
ហើយលោក បាននិយាយថា ការសម្រេចចិត្តចាកចេញរបស់លោកគឺជា «ការដ៏ពិបាកបំផុត»៕