ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន៖ ឆ្លងឆ្នាំសកល ២០២១ ឆ្លងចូល ២០២២ នៅទូទាំងប្រទេសទទួលបានភ្ញៀវទេសចរជាង១លាន១សែននាក់

(ភ្នំពេញ)៖ នាឱកាសឆ្លងឆ្នាំសកល២០២១ឆ្លងចូល២០២២ នៅទូទាំងប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរសរុបជាង១លាន១សែននាក់ ក្នុងនោះរាជធានីភ្នំពេញ និងខេត្តសៀមរាបមានអ្នកចូលទស្សនាច្រើនជាងគេ។ នេះបើតាមឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដែលបានបញ្ជាក់ប្រាប់ នាព្រឹកថ្ងៃទី០១ ខែមករា ឆ្នាំ២០២២នេះ។

ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន បានបញ្ជាក់យ៉ាងដូច្នេះថា «ស្ថិតិភ្ញៀវទេសចរនាឱកាសឆ្លងឆ្នាំសកល ២០២១ ឆ្លងចូល ២០២២ (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ឆ្លងចូលថ្ងៃទី០១ ខែមករា ឆ្នាំ២០២២) ភ្ញៀវទេសចរសរុបមានចំនួន១,១៤៥,១៤១នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន១,១៣៩,៣៨៧នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងមានចំនួន៥,៧៥៤នាក់។ ឯកឧត្ដមរដ្ឋមន្ត្រីបានបង្ហាញអំពីគោលដៅទេសចរណ៍សំខាន់ៗមួយចំនួន រួមមាន៖

* រាជធានីភ្នំពេញ៖ ៣៦៥,៦៥៣នាក់
* ខេត្តសៀមរាប៖ ១៨៩,៤៣៦នាក់
* ខេត្តកំពត៖ ៩៦,១៣៨ នាក់
* ខេត្តកំពង់ស្ពឺ៖ ៨០,១០០នាក់
* ខេត្តកំពង់ឆ្នាំង៖ ៧១,៨៦៩នាក់
* ខេត្តកែប៖ ៦៦,១៣៥នាក់
* ខេត្តព្រះសីហនុ៖ ៥៥,៧១៧នាក់។

ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន បានបន្តថា យោងតាមតួលេខខាងលើឃើញថាមានការកើនឡើងដល់ទៅ ៦៣.៦៥% ធៀបនឹងឱកាសឆ្លងឆ្នាំសកល២០២០ឆ្លងចូល២០២១។ ជាមួយការបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនាពេលកន្លងមក រដ្ឋបាលរាជធានី-ខេត្ត រដ្ឋបាលក្រុង-ស្រុកមួយចំនួនបានរៀបចំជាពិធីអបអរសាទ និងទទួលអំណរឆ្នាំថ្មី ការប្រគុំតន្រ្តី ការតុបតែងលម្អទីក្រុង និងដាក់ភ្លើងបំភ្លឺជាដើម ដើម្បីទាក់ទាញភ្ញៀវទេសចរ។

ចំពោះរាជធានីភ្នំពេញ តាមការវាយតម្លៃបឋមរបស់អាជ្ញាធរ មានប្រជាពលរដ្ឋជាង៣៦ម៉ឺននាក់បានដើរកម្សាន្តនៅគោលដៅសំខាន់ៗ ដូចជា នៅតំបន់កោះពេជ្រ មាត់ទន្លេមុខព្រះបរមរាជវាំង តំបន់កម្សាន្តជ្រោយចង្វា វិមានឈ្នះ-ឈ្នះ និងពហុកីឡាដ្ឋានជាតិមរតកតេជោជាដើម។

គោលដៅទេសចរណ៍នានានៅទូទាំងប្រទេសសុទ្ធតែទទួលបានចំនួនភ្ញៀវទេសចរយ៉ាងផុសផុល។ បន្ទប់សណ្ឋាគារ ផ្ទះសំណាក់ រីស៊ត និងបឹងហ្កាឡូ ត្រូវបានភ្ញៀវកក់ស្ទើរពេញ ១០០% ខណៈដែលមូលដ្ឋានអាជីវកម្មទេសចរណ៍ផ្សេងៗក៏បានបើកដំណើរការទទួលភ្ញៀវទេសចរឡើងវិញកាន់តែច្រើនឡើង។

ដោយឡែក ប្រជាពលរដ្ឋមួយចំនួនបានជ្រើសរើសយកការជួបជុំនៅតាមគេហដ្ឋាន ដោយមានការទទួលទានអាហារ-ភេសជ្ជៈ ច្រៀងកម្សាន្តជាលក្ខណៈគ្រួសារ-មិត្តភក្តិ ខ្លះទៀតក៏បានចេញទៅដើរកម្សាន្ត និងជួបជុំឆ្លងឆ្នាំនៅតាមភោជនីយដ្ឋានផាប់ (Pub) និង Sky Bar នានា។

ឯកឧត្ដមបានបញ្ជាក់ដែរថា គ្រប់គោលដៅទេសចរណ៍ និងមូលដ្ឋានអាជីវកម្មទេសចរណ៍បានខិតខំអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP) ក្រោមការចុះពិនិត្យ អប់រំ និងណែនាំពីរដ្ឋបាលរាជធានី-ខេត្ត មន្ទីរទេសចរណ៍ទាំង២៥រាជធានី-ខេត្ត។

ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន បានបន្តទៀតថា ចំពោះការគ្រប់គ្រងសន្តិសុខ សណ្ដាប់ធ្នាប់ និងចរាចរណ៍ជាដើមមានភាពល្អប្រសើរ មិនមានបញ្ហា ឬការរំខានណាមួយកើតឡើងគួរកត់សម្គាល់ទេនៅយប់ឆ្លងឆ្នាំនេះ ដោយគណៈបញ្ជាការឯកភាពរាជធានី-ខេត្តបានរៀបចំកម្លាំងប្រចាំការនៅតាមទីតាំងសំខាន់ៗក្នុងមូលដ្ឋានរបស់ខ្លួន។

បើតាមឯកឧត្ដម ថោង ខុន បន្ទាប់ពីថ្ងៃឆ្លងឆ្នាំនេះហើយ ភ្ញៀវទេសចរនិងប្រជាពលរដ្ឋនឹងបន្តដើរកម្សាន្តនៅតាមគោលដៅទេសចរណ៍នានារហូតដល់ចុងសប្តាហ៍នេះ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds