តៃវ៉ាន់បានត្រៀមអ្វីខ្លះ ប្រសិនបើមហាយក្សចិនចូលឈ្លានពានខ្លួននោះ
បរទេស៖ កាលពីពេលថ្មីៗនេះ បន្ទាប់ពីមានការហោះឆ្លងកាត់របស់យន្តហោះយោធា និងការចរចាតឹងសរសៃកនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោនបានធ្វើឲ្យជម្លោះដែលអាចកើតឡើងនៅកោះតៃវ៉ាន់ហាក់ដូចជាកាន់តែអាចកើតឡើងពិតប្រាកដមែនក្នុងអំឡុងពេលមួយខែចុងក្រោយនេះ។ នេះជាការពិតសម្រាប់លោក Chen Yi-guang ជាអ្នកជំនាញផ្នែកហិរញ្ញវត្ដុចូលនិវត្តន៍។
លោក Chen Yi-guang ជាអ្នករស់នៅក្នុងទីក្រុងតៃប៉ិនិងក្រុមគ្រួសាររបស់លោក បានស្តុកទុកចំណីអាហារនិងទឹកយ៉ាងច្រើន។ លោកបាននិយាយថា ពួកគេអាចរត់គេចខ្លួន ប្រសិនបើមានការវាយប្រហារ ក៏ប៉ុន្តែជើងហោះហើរអាចត្រូវលុបចោលទាំងអស់។ លោក Chen អាយុ ៥២ឆ្នាំ និយាយថា «ជានិច្ចជាកាលលទ្ធភាពនៃការឈ្លានពានអាចកើតឡើង»។
ការគេចខ្លួនការនៅរស់រានមានជីវិតនិងការងើបបះបោរដោយមានជំនួយពីសម្ព័ន្ធមិត្តលោកខាងលិចស្ថិតនៅក្នុងចំណោមគម្រោងដែលត្រូវបានគេនឹកស្រមៃទុកជាមុនប្រសិនបើការឈ្លានពានរបស់ចិនកើតឡើងភ្លាមៗហើយធ្វើឲ្យបាត់បង់ស្វ័យភាពរបស់កោះតៃវ៉ាន់នោះ។
លោក Shane Lee ជាសាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយចូលនិវត្តមកពីសាកលវិទ្យាល័យ Chang Jung Christian នៃកោះតៃវ៉ាន់និយាយថា «ពលរដ្ឋតៃវ៉ាន់ បានមើលឃើញបញ្ហាដែលបានកើតឡើងនៅទីក្រុងហុងកុងហើយពួកគេមានការភ័យខ្លាចយ៉ាងខ្លាំងអំពីរឿងនេះ»។
ពលរដ្ឋជាងពាក់កណ្តាលរបស់កោះតៃវ៉ាន់ ចង់រក្សាស្ថានភាពនៅដដែលជារៀងរហូតឬធ្វើការសម្រេចនៅពេលក្រោយចំពោះរឿងបង្រួបបង្រួមជាមួយចិនឬឯករាជ្យភាពនោះ។ នេះបើតាមការស្ទង់មតិដោយមជ្ឈមណ្ឌលការសិក្សាការបោះឆ្នោតនៃសាកលវិទ្យាល័យជាតិ Chengchi។ ពលរដ្ឋតែ១,៥ភាគរយដែលត្រូវបានស្ទង់មតិចង់បានការបង្រួបបង្រួមជាតិ«ឲ្យបានឆាប់ទៅ តាមលទ្ធភាពដែលអាចធ្វើបាន»៕