ប្រទេសចិនព្រមានចាត់វិធានការខ្លាំងក្លា បើកោះតៃវ៉ាន់ហ៊ានប្រកាសឯករាជ្យ
បរទេស៖ ប្រទេសចិននិងចាត់វិធានការជាក់លាក់ណាមួយ ប្រសិនបើកោះតៃវ៉ាន់ឆ្ពោះទៅកាន់ឯករាជ្យ។នេះតាមការព្រមានរបស់មន្ត្រីរដ្ឋាភិបាលក្រុងប៉េកាំងម្នាក់នៅថ្ងៃពុធនេះ។មន្ត្រីរូបនោះនិយាយទៀតថា ការបង្ក ហេតុរបស់តៃវ៉ាន់និងការជ្រៀតជ្រែកពីខាងក្រៅអាចរីកកាន់តែធំឡើងនៅឆ្នាំក្រោយ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
ចិនចាត់ទុកថា កោះតៃវ៉ាន់ដែលគ្រប់គ្រងតាមបែបប្រជាធិបតេយ្យគឺជាទឹកដីរបស់ខ្លួន ហើយនៅក្នុងពេល២ឆ្នាំកន្លងមកនេះ ប្រទេសចិនបានបង្កើនការគាបសង្កត់ខាងយោធានិងការទូតដើម្បីទាមទារទឹកដីនេះ តែបានបណ្តាលឲ្យមានការខឹងសម្បារនៅក្នុងទីក្រុងតៃប៉ិនិងការព្រួយកង្វល់នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន។
ចិនមានបំណងព្យាយាមឲ្យអស់ពីសមត្ថភាពដើម្បីស្វះស្វែងរកការបង្រួបបង្រួមដោយសន្តិ វិធីជាមួយតៃវ៉ាន់ក៏ប៉ុន្តែនឹងចាត់វិធានការ ប្រសិនបើតៃវ៉ាន់ឆ្លងបន្ទាត់ក្រហមស្តីពីឯករាជ្យភាព។ នេះបើតាមលោក Ma Xiaoguang អ្នកនាំពាក្យការិយាល័យកិច្ចការកោះតៃវ៉ាន់ដែលបានប្រាប់សន្និសីទកាសែត។
លោក Ma បាននិយាយថា «បើកងកម្លាំងទាមទារបំបែករដ្ឋនៅកោះតៃវ៉ាន់ស្វះស្វែងរកការចាត់វិធានការឯករាជ្យភាព ប្រើកម្លាំង ឬឆ្លងបន្ទាត់ក្រហមយើងនឹងត្រូវចាត់វិធានការខ្លាំង ក្លា។
តៃវ៉ាន់បានក្លាយជាចំណុចដ៏សំខាន់មួយនៅក្នុងការតានតឹងនៃទំនាក់ទំនងរវាងតៃវ៉ាន់និងសហរដ្ឋអាមេរិកដែលជាអ្នកគាំទ្រអន្តរជាតិដ៏សំខាន់មួយរបស់កោះនោះ ហើយនឹងជាអ្នកផ្គត់ផ្គង់អាវុធថ្វីបើ មិនមានចំណងទាក់ទងខាងការទូតជាផ្លូវការណ៍ក៏ដោយ។
ចិន ជានិច្ចកាលពណ៌នាកោះតៃវ៉ាន់ជាបញ្ហាដ៏រសើបបំផុតនៅក្នុងចំណងទាក់ទងរបស់ខ្លួនជាមួយសហរដ្ឋអាមេរិក។ លោក Ma បាននិយាយថា ការបង្កហេតុដោយកងកម្លាំងលម្អៀងឯករាជ្យភាពនិង«អន្តរាគមន៍ពីខាងក្រៅ» អាចរីកកាន់តែធំឡើងនិងកាន់តែតឹងតែងឡើងក្នុងប៉ុន្មានខែខាងមុខទៀត។
រដ្ឋាភិបាលក្រុងប៉េកាំង បានបញ្ជូនយន្តហោះចំបាំងជាច្រើនលើកហោះពីលើច្រកសមុទ្រតៃវ៉ាន់ក្នុងប៉ុន្មានខែថ្មីៗនេះដើម្បីដាក់គំនាបលើកោះតៃវ៉ាន់។ តៃវ៉ាន់បាននិយាយថា ខ្លួននឹងមិនចុះចាញ់ការគំរាមកំហែងទេ៕