ចុកឈាមណាស់!លោក William Guang សារភាពថា ទ្រព្យដែលប្លន់បាននឹង គ្មានលក់បានប៉ុន្មានទេ យ៉ាងច្រើន…(មានវីដេអូ)
នៅព្រលប់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ ទំព័រហ្វេសប៊ុកផ្លូវការ របស់ អាវុធហត្ថរាជធានីភ្នំពេញ Phnom «Penh Gendarmerie» បានបង្ហោះវីដេអូ បង្ហាញពីចម្លើយសារភាពរបស់លោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅសុខ សុវណ្ណវឌ្ឍនាសារពង្ស ហៅ វិល្លាម គ័ង ដែលជាមេខ្លោង និងជាអ្នក រៀបចំផែនការប្លន់ផ្ទះលោកជំទាវឧកញ៉ា អ៊ាន សៀវម៉ី។
បង្ហោះភ្ជាប់ជាមួយវីដេអូនេះ ទំព័រហ្វេសប៊ុកខាងលើ បានរៀបរាប់ថា «អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនមនុស្ស០៤នាក់ ពាក់ព័ន្ធករណីប្លន់អ្នកលក់ឡេអនឡាញ អ៊ាន សៀវម៉ី ទៅតុលាការហើយ!ករណីប្លន់ផ្ទះអ្នកលក់ឡេអនឡាញ អ៊ាន សៀវម៉ី កាលពីវេលាម៉ោងប្រមាណ១០និង៤០នាទី ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ ដែលក្រុមចោរមានគ្នា៥នាក់ ប្រដាប់ដោយអាវុធគ្រប់ដៃ និងយកបានគ្រឿងពេជ្រទៅមួយចំនួន គេចខ្លួនបានត្រឹមតែមួយយប់
ក៏ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ក្រោមការចង្អុលបង្ហាញពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងបានទទួលការអនុញ្ញាតពីឯកឧត្ដមព្រះរាជអាជ្ញា ច្រឹងខ្មៅ ចាត់ឲ្យលោកព្រះរាជអាជ្ញារង សិត វណ្ណៈ សម្របសម្រួល និងដឹកនាំបញ្ជាកម្លាំងដោយ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជា មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការបង្ក្រាបដល់សម្បុកមេខ្លោងធំ ដែលជាប្រធានគណបក្សខ្មែរក្រោក និងបានប្រមូលយកគ្រឿងពេជ្រប្រគល់ជូនជនរងគ្រោះវិញ ហើយជនសង្ស័យបានបញ្ជូនដល់តុលាការហើយ។
តាមចម្លើយរបស់ឈ្មោះ សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅសុខ សុវណ្ណវឌ្ឍនាសារពង្ស ហៅ វិល្លាម គ័ង ដែលជាមេខ្លោង និងជាអ្នក រៀបចំផែនការ បានបញ្ជាក់ថា សកម្មភាពចូលប្លន់ផ្ទះអ្នកលក់ឡេអនឡាញ អ៊ាន សៀវម៉ី នេះ គឺខ្លួនរៀបផែនការមុនតែមួយថ្ងៃទេ
ដោយចេញធ្វើសកម្មភាពចំនួន ០៥នាក់ ខ្លួនជាអ្នកដឹកនាំផ្ទាល់តែម្តង មូលហេតុដែលនាំឲ្យខ្លួនសម្រេចចិត្តប្លន់គឺដោយសារ:ទី១ គឺសព្វថ្ងៃខ្លួនខ្វះខាតលុយកាក់ទ្រទ្រង់ជីវភាពនិងបក្ស ជាក់ស្តែងរថយន្តដែលខ្លួនជិះ គឺបង់រំលោះមិនទាន់ដាច់នៅឡើយ ហើយផ្ទះដែលខ្លួន រស់នៅ គឺជួលក្នុងតម្លៃ ២៥០០$ក្នុង១ខែ ជំពាក់ឈ្នួលផ្ទះគេ២ខែហើយ ចំណែកស្នាក់ការបក្សចំនួន១៦ខេត្ត ក៏មិនមានប្រាក់បង់ឈ្នួលផ្ទះឲ្យគេ ព្រមទាំងជំពាក់បំណុលគេជុំទិសទៀតផង។
ទី២ គឺខ្លួនមានទស្សន: អ្នកក្រនិយម ជ្រិញពួកអ្នកមាន ឡាយតាម Facebook បង្អួតទ្រព្យសម្បត្តិ ដូចនេះ ក៏កើតចិត្តចង់ ព្រមានដល់អ្នកមាន មួយចំនួនដែលមានចរិតបែបនេះ ។
កន្លងមកពួកខ្លួនបានធ្វើសកម្មភាពប្លន់ចំនួន០២លើក:ទី១គឺនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ បានធ្វើសកម្មភាពប្លន់ ម្ចាស់បុរីម៉នដានី នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ តែមិនបានសម្រេច ព្រោះនៅថ្ងៃធ្វើសកម្មភាព ស្រាប់តែជនរងគ្រោះមិនបាននៅក្នុងឡានដែលពួកខ្លួនបានកាក់ប្លន់ ក៏ក្លែងធ្វើជាសួរនាំក្នុងនាមសមត្ថកិច្ច ហើយពេលនោះខ្លួនមិនបានចូលរួមទេ គឺឲ្យតែកូនចៅ ០៥នាក់ អាវុធវែង០១ដើម អាវុធខ្លី០២ដើម និងក្លែងឯកសណ្ឋានសមត្ថកិច្ច ចុះទៅធ្វើសកម្មភាព។
ទី២គឺនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ ខ្លួនបានប្រើរូបភាពដូចលើកទី១ដែរ គឺក្លែងឯកសណ្ឋានសមត្ថកិច្ច និងក្លែងដីកាបង្គាប់ឲ្យនាំខ្លួន ចុះទៅធ្វើសកម្មភាព ប្លន់យកទ្រព្យសម្បត្តិ នៅផ្ទះអ្នកឡេអនឡានឈ្មោះ អ៊ាន សៀវម៉ី បានសម្រេចដោយប្រមូលបានគ្រឿងពេជ្រមួយចំនួន តែរំលងបានតែ១យប់ ក៏ត្រូវសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញចុះបង្ក្រាបដល់ផ្ទះ
ដោយឃាត់ខ្លួនមនុស្សបានចំនួន១២នាក់ អាវុធវែងខ្លីចំនួន០៥ដើមភ្លាមៗ និងគ្រឿងពេជ្រជាច្រើនឈុតត្រឡប់មកវិញ ក្រោយមកឆែកឃើញអាវុធ០១ដើមទៀត លាក់នៅមាត់លូ សរុបដកហូតបានអាវុធ ០៦ដើម។
ក្រោមវិធានការជំនាញ ក្នុងចំណោមមនុស្ស១២នាក់ ដែលឃាត់ខ្លួន សមត្ថកិច្ចបានរកឃើញអ្នកពាក់ព័ន្ធចំនួន០៤នាក់ និងបានកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់តែម្តង»។
នៅក្នុងវីដេអូ ដែលអាវុធហេត្ថបង្ហោះ ចំណុចមួយនោះ, លោកវិល្លាម បានបញ្ជាក់ថា ការប្លន់នេះ ជាការព្រមានទៅកាន់អ្នកមាន កុំអួតពេកថ្ងៃក្រោយ នេះពួកសម្ដែង ខ្សែកស្វារ៉េនេះ ប្រហែលជា២លី ២លីកន្លះនេះអស់ហើយ ចូលប្រហែលជា១ពាន់គ្រាប់ ហើយលក់ក្នុងទីផ្សារវិញ ក្រៅពីម្ចាស់គេ លក់គ្មានបានប៉ុន្មានទេ…ទាំងអស់ហ្នឹងគ្មានលើហ្នឹងទេ។
គួរបញ្ជាក់ថា កាលពីរសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ លោកជំទាវឧកញ៉ា អ៊ាន សៀវម៉ី បានអំពានាវដល់អ្នកសារព័ត៌មាន កុំឲ្យចុះផ្សាយព័ត៌មានមិនច្បាប់ការ មិនតម្លាភាព និងវិភាគដោយឯកឯងជុំវិញការបង់បង់ទ្រព្យសម្បត្តិរបស់ខ្លួននោះ។
ទោះយ៉ាងណា លោកជំទាវ នៅតែប្រកាន់ភ្ជាប់ថា «យើងខ្ញុំជាជនរងគ្រោះ សូមអះអាងថាការបាត់បង់មានចំនួនច្រើនលើសលប់ ខ្ទង់លាន$ ដែលយើងកំពុងសើរើវិកយ័បត្រ័ដើម្បីផ្ទៀងផ្ទាត់»។
ក្រោយមកនៅយប់ថ្ងៃដដែល សមត្ថកិច្ច បានបញ្ជាក់ថា «តាមចម្លើយរបស់ជនរងគ្រោះសម្ភារៈ ដែលបានបាត់បង់រួមមានខ្សែកពេជ្រធំ ចំនួន៣ខ្សែ និងគ្រឿងអលង្ការ (ពេជ្រ) មួយចំនួនទៀត យោងទៅលើវិក្កយបត្រ ទិញ-លក់ គិតជាទឹកប្រាក់សរុបប្រហែលជា ១.៦ ទៅ ១.៩ លានដុល្លារអាមេរិក និងទូរស័ព្ទដៃម៉ាក I phone ចំនួន ២គ្រឿងផងដែរ។ ពេលនេះសមត្ថកិច្ចចម្រុះកំពុងតែធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់លើកករណីនេះ»៕