ចំនួនអ្នកស្លាប់ដោយសារលិចនាវានៅប្រទេស Madagascar កើនឡើងដល់ចំនួន ៨៣នាក់
(Reuters) - កាលពីថ្ងៃពុធ ចំនួនអ្នកស្លាប់ដោយសារការលិចនាវាដឹកទំនិញនៅឯឆ្នេរសមុទ្រភាគឦសានប្រទេស Madagascar បានកើនឡើងដល់ចំនួន ៨៣នាក់ ហើយដោយសារតែអាកាសធាតុមិនអំណោយផលការស្វែងរកអ្នកដំណើរចំនួន ប្រាំនាក់ ដែលបាត់ខ្លួនត្រូវបានផ្អាក។
ប្រធានផ្នែកប្រតិបត្តិការនៅសមុទ្រនៃទីភ្នាក់ងារកំពង់ផែសមុទ្រ និងទន្លេ (APMF) លោក Mamy Randrianavony បាននិយាយថា នាវាដែលមិនអនុញ្ញាតឲ្យដឹកអ្នកដំណើរបានផ្ទុកលើសចំណុះ ហើយទឹកបានជន់លិចម៉ាស៊ីន មុនពេលដែលវាលិចកាលពីថ្ងៃចន្ទ។
ភ្នាក់ងារ APMF បាននិយាយថា អ្នកនៅរស់រានមានជីវិតចំនួន ៥០នាក់ ត្រូវបានរកឃើញ។ ហើយការស្វែងរកអ្នកដំណើរដែលបាត់ខ្លួនទាំងប្រាំនាក់នោះ នឹងត្រូវបន្តនៅថ្ងៃព្រហស្បតិ៍។
បន្ថែមពីនេះទៅទៀត ឧទ្ធម្ភាគចក្រដែលជួយដល់ការស្វែងរកមួយគ្រឿង ដែលរួមដំណើរដោយឧត្តមសេនីយលោក Serge Gellé ជាប្រធានកងអាវុធហត្ថលើផ្ទៃប្រទេស បានធ្លាក់ទៅក្នុងសមុទ្រកាលពីល្ងាចថ្ងៃចន្ទ។
នៅព្រឹកថ្ងៃអង្គារិ៍ លោក Gelle ត្រូវបានគេរកឃើញនៅមានជីវិត ១៣ម៉ោង បន្ទាប់ពី ឧបទ្ទេវហេតុ ហើយកំឡុងពេលនោះលោកបានប្រើកៅអីអ្នកបើកយន្តហោះតោងបណ្តែតខ្លួន។
នៅក្នុងវីដេអូមួយដែលបានបង្ហោះដោយកងអាវុធហត្ថ លោក Gelle បាននិយាយថា “ដោយសារតែខ្ញុំមិនអាចទប់ទល់នឹងរលកបាន ខ្ញុំដឹងថាខ្ញុំមិនអាចមកដល់ឆ្នេរវិញបានទេ។ ហើយនៅពេលដែលខ្ញុំមក ជិតដល់ ប្រហែលជា ៥០០ ម៉ែត្រ រលកក៏គួចខ្ញុំទៅវិញ ដោយសារតែខ្ញុំអស់កម្លាំង”។
លោក Gelle បាននិយាយពីមន្ទីរពេទ្យក្នុងរដ្ឋ Madagascar ថា “ខ្ញុំអរគុណព្រះជាម្ចាស់ ដែលពេលនោះមានអ្នកនេសាទម្នាក់។ ប៉ុន្តែទូករបស់អ្នកនេសាទនោះគឺតូចពេក។ ដូច្នេះគាត់ត្រូវតែត្រឡប់មកវិញដើម្បីប្តូរទូកធំជាងនោះ។ ដូច្នេះខ្ញុំនៅបណ្តែតពីរម៉ោងទៀតនៅក្នុងសមុទ្រ”។
អ្នកដំណើរម្នាក់ទៀតជាយន្តការី ដែលស្ថិតនៅក្នុងឧទ្ធម្ភាគចក្រនោះ ក៏ត្រូវបានរកឃើញនៅមានជីវិតផងដែរ។ ចំណែកអ្នកដំណើរពីរនាក់ផ្សេងទៀតមិនទាន់បានរកឃើញឡើយ ៕