រដ្ឋធានីហាណូយ ខ្សែរថភ្លើងក្នុងក្រុងដំបូងបង្អស់របស់វៀតណាម ប្រឈមបញ្ហាក្សត់អ្នកដំណើរ
បរទេស៖ វៀតណាមចំណាយពេល១០ឆ្នាំដើម្បីស្ថាបនាខ្សែរថភ្លើង Cat Linh-Ha Dong នៅក្នុងរដ្ឋធានីហាណូយ ដែលជាខ្សែរថភ្លើងក្នុងក្រុងដំបូងគេបង្អស់ និងបានដាក់ឱ្យប្រើប្រាស់កាលពីថ្ងៃទី២១ ខែវិច្ឆិកា កន្លងទៅនេះ។
បើទោះគម្រោងខ្សែរថភ្លើងនេះ ទទួលបានមតិវិជ្ជមានមួយចំនួនក៏ដោយ ក៏នៅមានការចោទសួរមួយចំនួនទៅលើគុណតម្លៃនៃគម្រោងដ៏ចម្រូងចម្រាសមួយនេះផងដែរ។
ខ្សែរថភ្លើងនេះ មានចម្ងាយ ១៣ គីឡូម៉ែត្រ មានស្ថានីយចំណត១២កន្លែង ដឹកអ្នកដំណើរចាប់ពីស្ថានីយរថភ្លើង Cat Linh ដែលស្ថិតនៅភាគកណ្តាលឈាងខាងជើងទីក្រុងហាណូយ និងចប់ត្រឹមចំណតរថយន្តក្រុង Yen Nghia នៅភាគនិរតីសង្កាត់ Ha Dong។ រថភ្លើងនេះ អាចរត់ក្នុងល្បឿនរហូតដល់៨០គីឡូម៉ែត្រក្នុងមួយម៉ោង និងប្រើពេលប្រហែល២៤នាទី ព្រមទាំងអាចសម្រួលដឹកអ្នកដំណើរទៅមកប្រហែល១លាននាក់ក្នុងមួយថ្ងៃ។
ខ្សែរថភ្លើងនេះ ត្រូវបានគេរំពឹងថា នឹងជួយសម្រួលដល់ការកកស្ទះចរាចរណ៍ និងកាត់បន្ថយការប្រើប្រាស់យានយន្តឯកជននៅក្នុងទីក្រុងហាណូយ។
ពលរដ្ឋក្នុងរដ្ឋធានីហាណូយ បង្ហាញក្តីរំពឹងលើគុណភាពនៃសេវារថភ្លើងនេះ។ មន្ត្រីរដ្ឋាភិបាលក្រុងហាណូយមួយរូបដែលសុំមិនបញ្ចេញឈ្មោះ បាននិយាយថា បើទោះជាអ្នកស្រីមិនទាន់អាចធ្វើដំណើរតាមខ្សែរថភ្លើងនេះទៅធ្វើការបាននៅឡើយក៏ដោយ ក៏អ្នកស្រីសង្ឃឹមថា ខ្សែរថភ្លើងនេះ នឹងអាចកាត់បន្ថយការកកស្ទះចរាចរណ៍ ចំណេញពេលវេលា និងកាត់បន្ថយភាពតប់ប្រមល់ និងសម្ពាធពីការធ្វើដំណើរផងដែរ។
នៅពេលទើបបើកឱ្យធ្វើដំណើរសាកល្បងដោយឥតគិតថ្លៃរយៈពេល២សប្តាហ៍កន្លងមក កាលពីខែមុននេះ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានវៀតណាមបានផ្សព្វផ្សាយថា ខ្សែរថភ្លើងមួយនេះ ប្រឈមនឹងបញ្ហាក្សត់អ្នកដំណើរទៅវិញ។ យោងតាមរបាយការណ៍នៃការលក់សំបុត្រធ្វើដំណើរក្នុងរយៈពេលប៉ុន្មានថ្ងៃដំបូងបញ្ជាក់ថា អ្នកធ្វើដំណើរតាមខ្សែរថភ្លើងនេះ នៅមានចំនួនតិចតួចនៅឡើយ គឺប្រហែល ១២.០០០ នាក់ក្នុងមួយថ្ងៃប៉ុណ្ណោះ ឬមានអ្នកជិះប្រហែលត្រឹមតែ៦០នាក់ក្នុងពេលរត់មួយជើងៗ គឺមានន័យថា វាប្រើអស់តែ៨ភាគរយនៃរថភ្លើងទាំងមូលប៉ុណ្ណោះ។ ការណ៍នេះ បានបង្កក្តីបារម្ភដល់រដ្ឋាភិបាលក្រុងហាណូយ ដែលជាម្ចាស់គ្រប់គ្រងលើគម្រោងនេះ ជាពិសេស ស្របពេលដែលគម្រោងខ្សែរថភ្លើងមួយនេះ កំពុងមានភាពចម្រូងចម្រាស ពាក់ព័ន្ធនឹងការពន្យារពេលគម្រោង និងការចំណាយថវិកាដ៏ច្រើនសន្ធឹកសន្ធាប់។
ក្នុងឆ្នាំ២០០៨ គម្រោងនេះ ប្រើប្រាស់ថវិកាវិនិយោគដំណាក់កាលដំបូងសរុបអស់៥៥២,៨ លានដុល្លារ។ ប៉ុន្តែគិតត្រឹមឆ្នាំ២០១៧ តួលេខថវិកាចំណាយបានកើនដល់ប្រមាណ៨៦៨លានដុល្លារ។ នេះ បើគិតតាមអត្រាប្តូរប្រាក់ក្នុងពេលនោះ៕
ដោយ៖ផែនរ៉ាញ់