លោក ហ៊ុន ម៉ានី ៖ ពហុកីឡដ្ឋានជាតិ មរតកតេជោ នឹងក្លាយជាកម្លាំងជំរុញទឹកចិត្តដ៏មហិមាដល់កីឡាករ កីឡាការិនី
(ភ្នំពេញ)៖ ប្រធានហភាពសហព័ន្ធយុវជនកម្ពុជា លោក ហ៊ុន ម៉ានី បានបង្ហាញសុទិដ្ឋិនិយមយ៉ាងមុតមាំថា ពហុកីឡដ្ឋានជាតិ «មរតកតេជោ» នឹងក្លាយជាកម្លាំងជំរុញទឹកចិត្តដ៏មហិមាដល់កីឡាករ កីឡាការិនីទាំងអស់ក្នុងការប្រឹងប្រែងដើម្បីដណ្តើមជោគជ័យក្នុងវិញ្ញាសារប្រកួតរបស់ខ្លួន។
សរសេរនៅលើទំព័រ Facebook នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១នេះ លោក ហ៊ុន ម៉ានី បានអោយដឹងថា «សមិទ្ធផលដ៏ត្រចះត្រចង់មួយទៀតក្នុងវិស័យកីឡាបានលេចត្រដែតរូបរាងជាផ្លូវការហើយនាថ្ងៃនេះ។ ស្ថិតក្នុងបរិយាកាសដ៏សែនរំភើបរីករាយប្រកបដោយក្តីមោទនៈនេះ ខ្ញុំក៏ដូចជាពលរដ្ឋកម្ពុជាទាំងអស់គ្នា សូមសម្តែងនូវការអបអរសាទរ និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង ប្រកបដោយការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ដែលសម្រេចបាននូវសមិទ្ធផលជាច្រើនជូនជាតិ មាតុភូមិ និងប្រជាជន ហើយដែលពហុកីឡដ្ឋានជាតិ «មរតកតេជោ» នេះជាតឹកតាងមួយ»។
លោកបន្ថែមថា ផ្អែកលើការដឹកនាំប្រកបដោយភាពម៉ឺងម៉ាត់ និងចក្ខុវិស័យវែងឆ្ងាយ កម្ពុជាបានធ្វើដំណើរយ៉ាងស្វាហាប់ឈានមកដល់ចំណុចនេះ ពោលគឺការឈោងចាប់ឧត្តមភាពក្នុងវិស័យកីឡា ស្របពេលដែលសេដ្ឋកិច្ចជាតិ ជីវភាពប្រជាជនមានការកើនឡើងមកដល់កម្រិតមួយ ដែលអនុញ្ញាតឱ្យយើងអភិវឌ្ឍខ្លួនបន្ថែមក្នុងផ្នែកផ្សេងៗ រួមមានកីឡាផងដែរ។
លោក ហ៊ុ ន ម៉ានី បានបន្តថា ជាមួយនឹងសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធរូបវន្តនេះ ព្រះរាជាណាចក្រកម្ពុជាក៏បាន និងកំពុងហ្វឹកហាត់ ដុសខាត់ សម្រិតសម្រាំងសមត្ថភាពកីឡាករ កីឡាការិនី សម្រាប់ត្រៀមលក្ខណៈដើម្បីជ័យជំនះក្នុងការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
«ខ្ញុំមានសុទិដ្ឋិនិយមយ៉ាងមុតមាំថា ពហុកីឡដ្ឋានជាតិ «មរតកតេជោ» នឹងក្លាយជាកម្លាំងជំរុញទឹកចិត្តដ៏មហិមាដល់បងប្អូនកីឡាករ កីឡាការិនីទាំងអស់ក្នុងការប្រឹងប្រែងដើម្បីដណ្តើមជោគជ័យក្នុងវិញ្ញាសារប្រកួតរបស់ខ្លួន។ បងប្អូនត្រូវមានជំនឿជាក់លើខ្លួនឯង ដូចដែលពួកយើងជឿជាក់មកលើបងប្អូនដូច្នេះដែរ។ នេះជាការបញ្ជាក់របស់លោកហ៊ុន ម៉ានី ។
វិមានកីឡដ្ឋាន គឺជាសំណង់ធំជាងគេក្នុងចំណោមសំណង់នានា នៅក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ ស្ថិតក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ វិមានកីឡដ្ឋានត្រូវបានបើកការដ្ឋានសាងសង់ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៧។ វិមានកីឡដ្ឋាន ទទួលបានថវិកាជាជំនួយឥតសំណង់សម្រាប់ការសាងសង់ពីរដ្ឋាភិបាលចិន ក្នុងទំហំទឹកប្រាក់ប្រមាណ១៦០លានដុល្លា។
វិមានកីឡដ្ឋាន បានសាងសង់លើទំហំផ្ទៃដីប្រមាណ ១៦.២២ហិកតា ទំហំសំណង់ប្រហែល ៨.២៤ម៉ឺនម៉ែត្រការ៉េ គឺជាកីឡដ្ឋានខ្នាតធំ ដែលអាចផ្ទុកអ្នកទស្សនាបានរហូតដល់ ៦ម៉ឺននាក់ ហើយមានសមត្ថភាពទទួលរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាថ្នាក់ជាតិ និងអន្តរជាតិធំៗកម្រិតពិភពលោក។ ពិសេសនឹងក្លាយជាកីឡដ្ឋានដ៏សំខាន់ សម្រាប់ត្រៀមស្វាគមន៍ការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម នៅកម្ពុជា នាឆ្នាំ២០២៣ខាងមុខ៕