លោក KIM YONG JU ប្អូនប្រុសពៅរបស់ស្ថាបនិកកូរ៉េខាងជើង លោកគីម អ៊ីលស៊ុង បានទទួលមរណភាពហើយក្នុងជន្មាយុ១០១ឆ្នាំ
បរទេស ៖ តាមសេចក្ដីរាយការណ៍មួយកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ របស់ទីភ្នាក់ងារព័ត៌មានកូរ៉េខាងជើង KCNAថា លោក KIM YONG JU ប្អូនប្រុសពៅរបស់ស្ថាបនិកកូរ៉េខាងជើង លោកគីម អ៊ីលស៊ុង បានទទួលមរណភាពហើយក្នុងជន្មាយុ១០១ឆ្នាំ។
KCNA ឲ្យដឹងទៀតថា មេដឹកនាំកូរ៉េខាងជើងបច្ចុប្បន្ន គឺជាចៅរបស់លោកគីមអ៊ីលស៊ុង គឺលោកគីម ជុងអ៊ុន បានបញ្ជូនបាច់ផ្កាដើម្បីគោរពវិញ្ញាណក្ខ័ន្ធប្អូនប្រុងពៅ របស់ជីតា លោកនិងសម្ដែងការចូលរួមមរណទុក្ខចំពោះមរណភាពរបស់លោក KIM YONG JU ។
KCNA សរសេរថា លោក KIM YONG JU អតីតអនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនជាន់ខ្ពស់ ជាអ្នកធ្លាប់ចូលរួមតស៊ូយ៉ាងប្ដូរផ្ដាច់ ដើម្បីបំពេញបណ្ដាទិសដៅ និងនយោបាយរបស់បក្សពលករកូរ៉េ និងរួមចំណែកដល់ការជម្រុញការកសាង និងអភិវឌ្ឍប្រព័ន្ធសង្គមនិយមតាមបែបកូរ៉េ អំឡុងពេលលោកកាន់តំណែងសំខាន់ៗរបស់បក្សនិងរដ្ឋ។
កើតក្នុងឆ្នាំ១៩២០ លោក KIM YONG JU ជាជនលេខ២ របស់រ៉េខាងជើង រហូតដល់ទសវត្សឆ្នាំ៧០ ហើយជាប្រធានផ្នែកចាត់តាំងរបស់បក្ស។ លោកក៏ជាអ្នកចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍អន្តរកូរ៉េថ្ងៃទី៤ កក្កដា ឆ្នាំ១៩៧២ ក្រោមអាណត្តិរបស់បងប្រុសលោកគីមអ៊ីលសុ៊ង ជាមេដឹកនាំកូរ៉េខាងជើងសម័យនោះ ។
ជាមួយការតែងតាំងអ្នកបន្តតំណែងពីលោកគីមអ៊ីលស៊ុង គឹកូនប្រុស លោកគិមជុងអ៊ីលក្នុងឆ្នាំ១៩៧៣ លោកKIM YONG JU បានបាត់បង់អំណាច ហើយបញ្ជូនមកកាន់ KANGGYE ខេត្ត JAGANG ភាគខាងជើងប្រទេស។ លោកគីមជុងអ៊ីល បានឡើងកាន់អំណាចក្នុងឆ្នាំ១៩៩៤ បន្ទាប់ពីមរណភាពរបស់លោកគីមអ៊ីលស៊ុង ហើយស្ថិតក្នុងអំណាច រហូតដល់លោកទទួលមរណភាពក្នុងឆ្នាំ២០១១។
ក្នុងឆ្នាំ១៩៩៣ លោក KIM YONG JU ត្រូវបានតែងតាំងជាប្រមុខរដ្ឋរង និងជាសមាជិកការិយាល័យនយោបាយបក្សពលករកូរ៉េ បន្ទាប់ពីការពង្រឹងអំណាចរបស់លោកគីមជុងអ៊ីល តែនោះសុទ្ធជាតំណែងនិមិត្តរូបប៉ុណ្ណោះ៕
ដកស្រង់ចេញពីវេបសាយ ៖ yna