លោក Putin សរសើរ​ទំនាក់ទំនង«គំរូ»​រវាង​រុស្ស៊ី​និង​ចិន​​នៅ​ក្នុង​សន្និសីទ​តាម​វីដូអូ​ជាមួយ​លោក Xi

ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin កាលពី​ថ្ងៃ​ពុធ​បាន​សរសើរ«ទំនាក់ទំនង»របស់​រុស្ស៊ី​ជាមួយ​ចិន​នៅ​ក្នុង​ជំនួប​វីដេអូ​ជាមួយ​មេដឹកនាំ​ចិន​លោក Xi Jinping ហើយ​បាន​បញ្ជាក់​ថា លោក នឹង​ចូលរួម​ការប្រកួត​កីឡា​អូឡាំពិក​នៅ​ក្នុង​ទីក្រុង​ប៉េកាំង​នៅពេល​ដែល​ប្រទេស​ទាំង ២ បាន​ប្រឈម​ការរិះគន់​កាន់តែ​ខ្លាំង​ឡើង​ពី​ប្រទេស​លោក​ខាង​លិចនោះ។ នេះ​បើតាម​សេច ក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

ជំនួប​តាម​វីដេអូនេះ​បានកើត​មាន​ឡើងតែប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់ពី​រដ្ឋមន្ត្រី​ការបរទេសនៃ​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ជឿនលឿនG-7 បាន​ពិភាក្សា​ការ​ដាក់ពង្រាយ​យោធា​របស់​រដ្ឋាភិ បាល​ក្រុង​មូស្គូ​ប្រឆាំង​នឹង​អ៊ុយក្រែន​និង​ការបង្ក្រាប​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នៅក្នុង​ក្រុង​ហុងកុង​និង​តំបន់ Xinjiang។

លោក Putin បាន​និយាយ​នៅ​ក្នុង​ការសន្ទនា​ផ្សាយតាម​ទូរទស្សន៍​ជាតិ​បន្ទាប់ពី​លោក​បាន​និយាយ​ថា លោក នឹង​ចូលរួម​ការប្រកួត​កីឡា​ដោយ​លោក​បាន​ហៅ​លោក Xi ថា​ជា«មិត្ត​សំឡាញ់» លោក​ថា «នៅ​ខែ​កុម្ភៈ នៅ​ទីបញ្ចប់ យើង នឹង​អាច​ជួប​មុខ​គ្នា​ដោយ​ផ្ទាល់​នៅ​ក្នុង​ទីក្រុង​ប៉េកាំង»។

ទីភ្នាក់ងារ​ព័ត៌មាន​ស៊ីនហួ​ផ្លូវការ​របស់​ចិន​បាន​ដកស្រង់​សម្តី​របស់​លោក Xi មក​ចុះផ្សាយ​ថា «ទំនាក់​ទំនង​រវាង​ចិន​និង​រុស្ស៊ី​បាន​អត់ធន់​នឹង​ការសាកល្បង​គ្រប់​ប្រភេទ​ទាំង​អស់ ហើយ​កំពុង​បង្ហាញ​នូវ​ថាមពល​និង​ភាពក្លៀវក្លាថ្មី»។

សហរដ្ឋ​អាមេរិក ចក្រភព​អង់គ្លេស កាណាដា​និង​ប្រទេស​អូស្ត្រាលី នឹង​មិន​បញ្ជូន​តំណាង​នយោបាយ​ទៅ​ចូលរួម​ការប្រកួត​កីឡា​អូឡាំពិក​ដោយសារ​ការរំលោភ​ធ្វើ​បាប​របស់​ចិន​លើ​ជនជាតិ​ភាគ​តិច Uyghurs និង​ជន​ជាតិ​ភាគតិច​កាន់សាសនា​អ៊ីស្លាម​ជាច្រើន​ទៀត​នៅ​ក្នុង​តំបន់ Xinjiang។

រដ្ឋាភិបាល​ក្រុង​ប៉េកាំង​និង​រដ្ឋាភិបាល​ក្រុង​មូស្គូ បានរិះគន់​ការធ្វើ​ពហិការ​ខាង​ការទូត​នេះ​ហើយ​លោក Putin កាលពី​ថ្ងៃ​ពុធ​បាន​និយាយ​ថា មេដឹកនាំ​ទាំង២ បាន​ជំទាស់​ប្រឆាំង«ការ​ប៉ុនប៉ង​ណាមួយ​ដើម្បី​យក​រឿង​កីឡានិង​ចលនា​អូឡាំពិក​នេះ​ក្លាយ​ជា​បញ្ហា​នយោបាយ»។ នេះ​ជា​ការរិះគន់​ដែល​រុស្ស៊ី​បាន​ធ្វើ​ម្តង​ហើយ​ម្តង​ទៀត​ចំពោះ​ប្រទេស​លោក​ខាង​លិច។

ទាំង​ចិន​និង​រុស្ស៊ី បាន​ឃើញ​ទំនាក់ទំនង​របស់​ខ្លួន​ជាមួយ​ប្រទេស​លោក​ខាង​លិចមាន​ការ យ៉ាប់យ៉ឺន​ឡើង​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​ហើយ​បាន​ស្វះស្វែង​ធ្វើ​ការរួបរួម​គ្នា​កាន់តែ​ខ្លាំង​ឡើង៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds