កម្ពុជានឹងមានរោងចក្រផលិតប្រេងឆាដំបូងបំផុតនៅ នៅស្រុកថ្មគោល ខេត្តបាត់ដំបង
ភ្នំពេញៈ ក្រុមហ៊ុន Skyland 7NGបញ្ចេញទុនបង្កើតរោងចក្រផលិតប្រេងឆាដំបូងបំផុតនៅកម្ពុជាសម្រាប់ចែកចាយទីផ្សារក្នុងស្រុក និងនាំចេញ ដែលរោងចក្រនេះមានទីតាំងនៅស្រុកថ្មគោល ខេត្តបាត់ដំបង។
លោក ស្រី ចាន់ថន អគ្គនាយកក្រុមហ៊ុន Skyland 7NG ដែលវិនិយោគលើរោងចក្រនេះ បានសរសេរនៅលើបណ្តាញសង្គមផ្ទាល់ខ្លួន កាលថ្ងៃទី ១០ ខែធ្នូ ថា បន្ទាប់ពីបានស្នើសុំច្បាប់អនុញ្ញាតពីអាជ្ញាធររួច លោកបានចាប់ផ្តើមឈូសដីធ្វើផ្លូវចូលរៀបចំសាងសង់អគារ ឃ្លាំង និងការិយាល័យរោងចក្រនេះ។ នេះជារោងចក្រផលិតប្រេងឆាដំបូងគេនៅកម្ពុជា ហើយវានឹងបើកដំណើរការក្នុងពេលឆាប់ៗ។
លោកថា បន្ទាប់ពីនោះ ខ្ញុំនឹងបន្តគម្រោងក្នុងការបង្កើតរោងចក្រផលិតគ្រឿងអាហារកំប៉ុង ក៏ដូចជារោងចក្រកែច្នៃផ្លែឈើស្រស់ ផលិតជាទឹកផ្លែឈើកំប៉ុង ដើម្បីជួយកសិករផង និងផ្តល់ការងារដល់បងប្អូនខ្មែរយើង ព្រមទាំងចូលរួមជាមួយរដ្ឋាភិបាលកម្ពុជា ដើម្បីកាត់បន្ថយការធ្វើចំណាកស្រុកទៅប្រទេសជិតខាង ក៏ដូចជាកាត់បន្ថយការនាំចូលផលិតផលពីក្រៅប្រទេសផងដែរ»។
លោក គឹម ហួត ប្រធានមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង បានអោយដឹងថា ក្រុមហ៊ុន Skyland 7NG នឹងបង្កើតរោងចក្រផលិតប្រេងឆាដំបូងបំផុតនៅកម្ពុជា ដោយចម្រាញ់កន្ទក់ធ្វើជាប្រេងឆា។ រោងចក្រនេះស្ថិតក្នុងស្រុកថ្មគោល ព្រោះជាតំបន់សម្បូររោងម៉ាស៊ីនកិនស្រូវ ដែលមានភាពងាយស្រួលក្នុងការប្រមូលកន្ទក់យកមកចម្រាញ់។
លោកបន្តថា វត្តមានរបស់រោងចក្រនេះនឹងជួយកាត់បន្ថយការនាំចូលពីក្រៅប្រទេស ខណៈផលិតផលប្រេងឆានាំចូលមួយចំនួនមិនមានគុណភាព និងស្តង់ដាអនាម័យល្អនោះទេ។ លោកថា «វាល្អណាស់នៅពេលដែលមានរោងចក្រនេះ ប៉ុន្តែបើតាមឧកញ៉ា ស្រី ចាន់ថន រយៈពេល ២ ឆ្នាំទៀតបានធ្វើរួច។ អ្វីដែលប្លែកនោះគឺការប្រើកន្ទក់»។