លោក ស៊ី នឹងលោក ពូទីន និងជួបពិភាក្សាគ្នា តាមរយៈវីដេអូខលនៅថ្ងៃពុធស្អែកនេះ
ចិន៖ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង នឹងជួបពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាធីមៀ ពូទីន តាមរយៈវីដេអូខលនៅ ថ្ងៃពុធនេះ ។ នេះបើយោងតាមកាសែតCGTN ដែលដកស្រងសម្តីអ្នកនាំពាក្យក្រសួងការបរទេសចិន ។
នៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃចន្ទ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Wang Wenbin បាននិយាយថា មេដឹកនាំទាំងពីរនឹងសង្ខេបការអភិវឌ្ឍន៍ទំនាក់ទំនងទ្វេភាគី និងសមិទ្ធិផលសហប្រតិបត្តិការដែលប្រទេសទាំងពីរសម្រេចបានក្នុងវិស័យផ្សេងៗ ។
លោកនិយាយថា មេដឹកនាំទាំងពីរក៏នឹងរៀបចំផ្លូវអភិវឌ្ឍន៍នាពេលអនាគតនៃទំនាក់ទំនងទ្វេភាគី ក៏ដូចជាផ្លាស់ប្តូរទស្សនៈលើបញ្ហាអន្តរជាតិ និងតំបន់សំខាន់ៗដែលជាកង្វល់រួម ។
យោងតាមអ្នកនាំពាក្យ កិច្ចប្រជុំនេះត្រូវបានគេរំពឹងថានឹងពង្រឹងបន្ថែមទៀតនូវទំនុកចិត្តកម្រិតខ្ពស់ លើគ្នាទៅ វិញទៅ មក ក៏ដូចជាជំរុញការសម្របសម្រួលយុទ្ធសាស្ត្រ និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងចិន និងរុស្ស៊ី ដើម្បីស្ថិរភាពស្ថានភាពអន្តរជាតិដែលកំពុងជាប់គាំង ៕