តុលាការកំពូលកោះហៅ ស្ថាបនិកបក្សបេះដូងជាតិ និងមេធាវីចូលរួមក្នុងសវនាការនៅថ្ងៃទី ២៤ ខែធ្នូ
ភ្នំពេញៈ ស្ថាបនិកនៃគណបក្សបេះដូងជាតិ និងមេធាវីតំណាងដោយអាណត្តិ ត្រូវតុលាការកំពូលកោះហៅឱ្យចូលរួមក្នុងសវនាការនៅថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២១ ដើម្បីដោះស្រាយបណ្តឹងដែលសុំឱ្យតុលាការកំពូលចេញដីកាបង្គាប់ក្រសួងមហាផ្ទៃចុះបញ្ជីគណបក្សនយោបាយជូនគណបក្សបេះដូងជាតិ។
ដីកាកោះហៅផ្សេងៗគ្នាដែលចុះហត្ថលេខាដោយលោក ឌិត មុន្ទី ប្រធានតុលាការកំពូលកាលពីថ្ងៃទី ៣ ធ្នូ ឆ្នាំ ២០២១ កោះហៅលោកសៀម ភ្លុក ជាស្ថាបនិកនៃគណបក្សបេះដូងជាតិ លោក ជូង ជូងី មេធាវីតំណាងដោយអាណត្តិ និងលោក សំ សុគង់ មេធាវីតំណាងដោយអាណត្តិឱ្យចូលរួមសវនាការនៅថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២១ នៅតុលាការកំពូល។
ស្ថាបនិកនៃគណបក្សបេះដូងជាតិលោក សៀម ភ្លុក បានអោយដឹងថា លោក និងមេធាវីតំណាងដោយអាណត្តិចំនួន ២ រូបនឹងទៅចូលរួមសវនាការនេះដោយនាំយកទាំងឯកសារដែលជាប់ពាក់ព័ន្ធនឹងករណីបណ្តឹងនេះ ដើម្បីបង្ហាញតុលាការកំពូល។
លោកថា ការជំនុំជម្រះនេះមានទាំងវិជ្ជមាន និងអវិជ្ជមាន។ ក៏ប៉ុន្តែលោករំពឹងថាគណបក្សរបស់លោកនឹងទទួលបានភាពវិជ្ជមានច្រើនជាងអវិជ្ជមានព្រោះគណបក្សមានអំណះអំណាង ១០០ ភាគរយប្រសិនបើតុលាការកំពូលយកផ្លូវច្បាប់មកដោះស្រាយ ប៉ុន្តែបើតុលាកំពូលយកករណីនេះទៅពាក់ព័ន្ធនឹងបញ្ហានយោបាយ លោករំពឹងថា ដំណោះស្រាយអាចមានត្រឹម ៥០ ភាគរយ។
លោកថ្លែងថា៖ «វាអាស្រ័យលើឆន្ទៈ អ្នកនយោបាយ អ្នកនយោបាយគាត់សម្រេចទៅខាងណា គឺខាងនោះជាអ្នកឈ្នះហើយ ប៉ុន្តែបើពឹងលើអង្គហេតុ អង្គច្បាប់ ខ្ញុំរំពឹងច្រើន ព្រោះខាងខ្ញុំពឹងតែលើច្បាប់ទេ»។
លោក សៀម ភ្លុក បញ្ជាក់ថា លោកបានដាក់ពាក្យបណ្តឹងទៅតុលាការកំពូលកាលពីថ្ងៃទី ២៦ ខែវិច្ឆិកា ស្របតាមច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយមាត្រា ២៥ ថ្មី ដែលបើកផ្លូវឱ្យគណបក្សនយោបាយណាដែលក្រសួងមហាផ្ទៃបានចេញលិខិតមិនយល់ព្រមចុះបញ្ជីគណបក្សនយោបាយនោះ មានសិទ្ធិប្តឹងទៅតុលាការកំពូល។
លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ធ្លាប់បានលើកឡើងថា លោកស្វាគមន៍ចំពោះគណបក្សបេះដូងជាតិដែលប្តឹងក្រសួងមហាផ្ទៃជុំវិញការបដិសេធមិនចុះបញ្ជីគណបក្សនេះនៅក្នុងបញ្ជីគណបក្សនយោបាយរបស់ក្រសួងមហាផ្ទៃ និងត្រៀមតតាំងគ្នានៅតុលាកំពូលផងដែរ។
លោកថ្លែងថា៖ «ឥឡូវវាល្អដែរ ប៉ុន្តែសូមជម្រាបជូនគាត់មុនថា កុំរត់ចោលស្រុក កុំរត់ចោលស្រែ កុំរត់ចោលចម្ការ នៅតតាំងគ្នានៅតុលាការ។ ផ្តាំទៅមេគណបក្សមុនឱ្យហើយ បើលេងកុំខឹង បើខឹងកុំលេង»។
ក្រសួងមហាផ្ទៃកាលពីថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២១ បានបដិសេធចុះបញ្ជីគណបក្សបេះដូងជាតិ បន្ទាប់ពីក្រសួងមហាផ្ទៃរកឃើញភាពមិនប្រក្រតីមួយចំនួនពាក់ព័ន្ធនឹងការផ្តិតស្នាមមេដៃជំនួសការក្លែងបន្លំអត្តសញ្ញាណបុគ្គល និងការផ្តិតធ្វើឱ្យខូចគុណភាព ដើម្បីបង្កើនបរិមាណចំនួនសមាជិកព្រមទាំងខ្លឹមសារមួយចំនួននៃលក្ខន្តិកៈរបស់គណបក្សផ្ទុយទៅនឹងបទប្បញ្ញត្តិនៃច្បាប់ស្តីពីគណបក្សនយោបាយផងដែរ៕