រដ្ឋមន្ត្រីក្រសួងបរិស្ថានកម្ពុជា ៖ មហាសន្និបាតសមុទ្រអាស៊ីបូព៌ាឆ្នាំ២០២១នេះ ស័ក្តិសមបំផុតសម្រាប់PEMSEA
ព្រះសីហនុ៖ ថ្លែងក្នុងពិធីបើកមហាសន្និបាតសមុទ្រអាស៊ីបូព៌ា លើកទី៧ ដែលកម្ពុជាជាម្ចាស់ផ្ទះនៅខេត្តព្រះសីហនុ នាថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លើកឡើងថា មហាសន្និបាតនេះ គឺស័ក្តិសមបំផុតសម្រាប់អង្គការអន្តរជាតិភាពជាដៃគូនៃការគ្រប់គ្រងបរិស្ថានសមុទ្រអាស៊ីបូព៌ា ( PEMSEA ) ក៏ដូចជាសម្រាប់ប្រទេសកម្ពុជាផងដែរ។
លោកសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអោយដឹងថា នៅក្នុងរយៈពេល ២ទសវត្សរ៍មកនេះ ក្នុងនាមជាយន្តការសម្របសម្រួលដ៏សំខាន់សម្រាប់អភិបាលកិច្ចសមុទ្រនៅថ្នាក់តំបន់ និងភាពជាដៃគូជាពិសេសសម្រាប់ភាពជាដៃគូក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍ដោយចីរភាពសម្រាប់សមុទ្រអាស៊ីបូព៌ា និងជាអ្នកចែករំលែកយុទ្ធសាស្ត្រផ្នែកសមុទ្រក្នុងចំណោមប្រទេសចំនួន១៤នៅក្នុងតំបន់ គឺPEMSEA បានធ្វើការយ៉ាងមានប្រសិទ្ធភាពជាមួយរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិនៃបណ្តាប្រទេសជាសមាជិក សហគមន៍ ដៃគូអភិវឌ្ឍន៍ អ្នកស្រាវជ្រាវ និងវិទ្យាសាស្ថានវិទ្យាសាស្ត្រ និងវិស័យឯកជន។
លោក សាយ សំអាល់ បន្តថា សមិទ្ធផលទាំងនេះ គឺជាការចាក់គ្រឹះយ៉ាងរឹងមាំសម្រាប់ឆ្ពោះទៅកាន់របៀបវារៈរបស់យើងក្នុងការធានានូវកិច្ចការពារសមុទ្រ ជីវភាពប្រកបដោយនិរន្តរភាព សេដ្ឋកិច្ចខៀវប្រកបដោយនិរន្តរភាព ដែលជាចលករ មួយយ៉ាងសំខាន់ដើម្បីធានានូវកំណើនដែលយើងចាំបាច់ត្រូវកសាងលើសមិទ្ធផលទាំងនេះ។
លោកថា រហូតមកដល់ពេលនេះ PEMSEA សម្រេចបានសមិទ្ធផលលើការគ្របដណ្តប់ជាង ១៧ភាគរយ នៃឆ្នេរសមុទ្រក្នុងតំបន់ ក្រោមកម្មវិធីគ្រប់គ្រងចម្រុះតំបន់ឆ្នេរ (ICM) ដែលគ្របដណ្ដប់ឆ្នេរសមុទ្រជាង៤២.០០០គីឡូម៉ែត្រ និងប្រជាជនជាង១៤៦លាននាក់ ដែលរស់នៅក្នុងតំបន់ឆ្នេរ និងតំបន់ទំនាបទឹក។
លោករដ្ឋមន្ត្រី បន្ថែមទៀតថា ប្រធានបទនេះ ក៏បានឆ្លុះបញ្ចាំងយ៉ាងល្អអំពីអាទិភាពនៃការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ក៏ដូចជាខេត្តព្រះសីហនុ ដែលជាខេត្តមួយក្នុងចំណោមខេត្តជាប់មាត់សមុទ្រទាំង៤របស់កម្ពុជា។ ឆ្នេរសមុទ្រកម្ពុជា មានប្រវែង៤៤០គីឡូម៉ែត្រ ហើយវិស័យសមុទ្រ និងសមុទ្ររបស់យើងរួមមានជលផល កំពង់ផែ និងការដឹកជញ្ជូន និងទេសចរណ៍តាមឆ្នេរសមុទ្រ។
លោកថា នេះគឺជាផ្នែកគន្លឹះសំខាន់ៗដែលនាំឱ្យមានកំណើនសេដ្ឋកិច្ចក្នុងតំបន់ ធានាសន្តិសុខស្បៀង កាត់បន្ថយភាពក្រីក្រ កាត់បន្ថយភាពគ្មានការងារធ្វើ និងធ្វើឱ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់ប្រជាជន៕