ខេត្តព្រះសីហនុក្លាយជាខេត្តទីមួយដែលមានស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់កម្រិតស្តង់ដារ

ព្រះសីហនុ ៖ ខេត្តព្រះសីហនុក្លាយជាខេត្តទីមួយដែលត្រូវបានសាងសង់ និងដាក់ឱ្យដំណើរការនូវស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់កម្រិតស្តង់ដារពីប្រទេសអ៉ីស្រាអែល ដែលជាស្នាដៃបង្កើតឡើង ដោយក្រុមវិស្វករកូនខ្មែរសុទ្ធសាធ។

ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់នៅក្នុងខេត្តព្រះសីហនុ មានចំនួនពីរ ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី១ មានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងបរិមាណ ៥,00ម៉ែត្រគូប ក្នុងមួយថ្ងៃ ទទួលរងទឹកកខ្វក់ពីតំបន់ទី៣ ដែលមានផ្ទៃដី ៣៦៤ហិកតា ស្ថិតក្នុងសង្កាត់លេខ៣។ ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី២ មានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងបរិមាណ ៧,២០០ម៉ែត្រគូប ក្នុងមួយថ្ងៃ ទទួលរងទឹកកខ្វក់ពីតំបន់ទី៤ ដែលមានផ្ទៃដី ៤៨៦ហិកតា ស្ថិតក្នុងសង្កាត់លេខ៣។

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានឱ្យដឹងថា ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ចំនួន២ គឺកសាងឡើងក្រោមជំនួយពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ត្រូវបានដាក់ឱ្យដំណើរ ដោយស្ថានីយទី១ មានសមត្ថភាពសម្អាតទឹកកខ្វក់ ក្នុងមួយថ្ងៃបាន ៥,២០០ម៉ែត្រគូប និងស្ថានីយទី២ មានសមត្ថភាពសម្អាតទឹកកខ្វក់បាន ៧,២០០ម៉ែត្រគូប ក្នុងមួយថ្ងៃ។

តាមផែនការមេនៃគម្រោងអភិវឌ្ឍន៍ប្រព័ន្ធទឹកកខ្វក់នៅក្រុងព្រះសីហនុ ដែលបង្ហាញដោយក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីពេលកន្លងទៅ បានឱ្យដឹងថា នៅឆ្នាំ២០២១-២០២៣ នឹងត្រូវសាងសង់លូមេប្រវែង៦៩គីឡូម៉ែត្រ លូមេរងប្រវែងជិត៤០គីឡូម៉ែត្រ លូតភ្ជាប់ពីលំនៅដ្ឋាន និងអគារពាណិជ្ជកម្មប្រវែងជាង៩២គីឡូម៉ែត្រ ខណៈចន្លោះពីឆ្នាំ២០២៣-២០៣០ ស្ថានីយអាចនឹងពង្រីកសម្ថភាពប្រព្រឹត្តកម្មដល់ ៦០,០០០ម៉ែត្រគូប ឬ៨០,០០០ម៉ែត្រគូប ក្នុងមួយថ្ងៃ។

លោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន បានអោយដឹងថា បច្ចុប្បន្ននេះ សម្រាប់ប្រទេសកម្ពុជា គឺមានតែខេត្តព្រះសីហនុមួយប៉ុណ្ណោះ ដែលត្រូវបានសាងសង់ និងដាក់ឱ្យដំណើរការនូវស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់កម្រិតស្តង់ដារ ដែលយកបច្ចេកវិទ្យាពីប្រទេសអ៉ីស្រាអែល និងត្រូវបានសាងសង់ឡើងដោយស្នាដៃកូនខ្មែរ។

លោកបន្ថែមថា ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់នេះ មានសមត្ថភាពក្នុងការដកយកកាកសំណល់ភាគល្អិតបំផុត និងសម្លាប់មេរោគ និងបាក់តេរីផ្សេងៗ ដែលអាចធ្វើឱ្យទឹកមានសុវត្ថិភាពរហូតដល់ ៦០ភាគរយ មុននឹងបង្ហូចូលទៅក្នុងសមុទ្រ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds