ថ្ងៃស្អែក កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះមហាសន្និបាតសមុទ្រអាស៊ីបូព៌ាឆ្នាំ២០២១ លើកទី៧

ព្រះសីហនុ៖ ក្រោយចូលជាសមាជិកនៃអង្គការអន្តរជាតិភាពជាដៃគូនៃការគ្រប់គ្រងបរិស្ថានសមុទ្រអាស៊ីបូព៌ា (PEMSEA) នៅឆ្នាំ ១៩៩៤ កម្ពុជាបានទទួលរៀបចំជាលើកទី១ នូវមហាសន្និបាតសមុទ្រអាស៊ីបូព៌ាឆ្នាំ ២០២១ ក្រោម ប្រធានបទ«បង្កើតទសវត្សរ៍ថ្មីសម្រាប់សុខមាលភាពមហាសមុទ្រ មនុស្ស និងសេដ្ឋកិច្ច» ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១-២ ខែធ្នូ ឆ្នាំ២០២១ នៅខេត្តព្រះសីហនុ។

សមាជិក PEMSEA សន្និសីទអន្តរជាតិ និងវេទិការរដ្ឋមន្ត្រីគឺជាមហាសន្និបាតលើកទី៧ ហើយបន្ទាប់ពីបានរៀបចំជាលើកទី១ នៅឆ្នាំ២០០៣ នៅប្រទេសម៉ាឡេស៊ី។ មហាសន្និបាតសមុទ្រអាស៊ីបូព៌ាត្រូវបានរៀបចំឡើងរៀងរាល់ ៣ ឆ្នាំមកដោយមានការចូលរួមពីប្រទេសជាសមាជិកនៃអង្គការអន្តរជាតិភាពជាដៃគូនៃការគ្រប់គ្រងបរិស្ថានសមុទ្រអាស៊ីបូព៌ា។

មហាសន្និបាតសមុទ្រអាស៊ីបូព៌ាលើកទី៦ ត្រូវបានរៀបចំឡើងនៅប្រទេសហ្វីលីពីន។ ប្រទេសជាសមាជិកនៃអង្គការ PEMSEA មានចំនួន ១១ ក្នុងនោះរួមមាន កម្ពុជា សឹង្ហបុរី ឡាវ ហ្វីលីពីន ឥណ្ឌូនេស៊ី វៀតណាម ទីម័រ ចិន កូរ៉េខាងត្បូង កូរ៉េខាងជើង ជប៉ុន ព្រមទាំងមានអង្គការដៃគូជាច្រើនទៀត។

នេះគឺជាមោទកភាពសម្រាប់កម្ពុជាដែលបានធ្វើជាម្ចាស់ផ្ទះនៃមហាសន្និបាតដ៏មានសារៈសំខាន់នេះ ដែលរៀបចំឡើងក្នុងគោលបំណងពិនិត្យលើផែនការការងារដែលបានសម្រេចអនុម័តកន្លងមក និងផែនការទិសដៅដែលត្រូវធ្វើជាបន្តបន្ទាប់ រួមទាំងការគិតគូរពីមូលនិធិដែលត្រូវយកមកអនុវត្តដើម្បីការពារនិងអភិរក្សសមុទ្រនៅតំបន់អាស៊ីបូព៌ា។

មហាសន្និបាតនេះ មានការប្រជុំពិភាក្សាតុមូល សិក្ខាសាលា និងប្រជុំក្រុមប្រឹក្សារបស់អង្គការ ដើម្បីពិនិត្យលើវឌ្ឍភាពនៃការងារនិងសមិទ្ធផលទាំងអស់ រួមទាំងការធានាសន្តិសុខស្បៀង ចំណូល និងជីវភាពនៃ មនុស្សដែលរស់នៅតំបន់ឆ្នេរ និងការស្តារឡើងវិញនូវធនធានធម្មជាតិនៅក្នុងសមុទ្រដូចជាផ្កាថ្មី ស្មៅសមុទ្រ និងព្រៃកោងកាង រួមនឹងការគ្រប់គ្រងលើការបំពុលទឹក ការប្រែប្រួលអាកាសធាតុ និងភាពធន់ទៅនឹងការប្រែប្រួលអាកាស និងការរស់នៅរបស់សហគមន៍។

ព្រឹត្តិការណ៍សំខាន់ៗ ចំនួន ៣ នៃមហាសន្និបាតឆ្នាំ២០២១ នេះរួមមាន ទី១ សន្និសីទអន្តរជាតិ ដែលមានការចូលរួមពីវាគ្មិនល្បីៗពីការអភិវឌ្ឍ ការអភិរក្ស ការគ្រប់គ្រងសមុទ្រប្រកបដោយចីរភាព ការគ្រប់គ្រងសេដ្ឋកិច្ចខៀវ និងការស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រ។ ទី២) វេទិការដ្ឋមន្ត្រីទី៧ ផ្តោតលើសេចក្តីថ្លែងការណ៍នៃបណ្តាប្រទេសសមាជិកអង្គការទាំង ១១ ដែលផ្តោតលើការរៀបចំផែនទីនៃការអភិរក្ស និងអភិវឌ្ឍតំបន់សមុទ្រដែលគិតគូរពីសុខុមាលភាពមហាសមុទ្រ មនុស្ស និងសេដ្ឋកិច្ចពីឆ្នាំ២០២១ ដល់២០៣០ និងទី៣) ផែនការរបស់រដ្ឋបាលថ្នាក់ក្រោមជាតិនៃបណ្តាប្រទេសសមាជិក៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds