សមាគមសិល្បៈសុវណ្ណភូមិ រៀបចំសម្ដែងទម្រង់សិល្បៈ ល្ខោនស្រមោលស្បែកធំ ក្រោយខកខានជាង១ឆ្នាំ
ភ្នំពេញ ៖ ក្រោយខកខាន ការសម្ដែងនូវទម្រង់សិល្បៈល្ខោនស្រមោលស្បែកធំនេះ ជាង ១ ឆ្នាំមកហើយ ដោយសារតែវិបត្តិនៃការឆ្លងរីករាលដាលជំងឺកូវីដ ១៩ នៅរាត្រីថ្ងៃទី ២៥ ខែវិច្ឆិកា សមាគមសិល្បៈសុវណ្ណភូមិ សហការជាមួយសាលាមធ្យមវិចិត្រសិល្បៈ បានរៀបចំព្រឹត្តិការណ៍សម្ដែងទម្រង់សិល្បៈ «ល្ខោនស្រមោលស្បែកធំ» នៅសាលមហោស្រប នៃសាលាធ្យមវិចិត្រសិល្បៈ។
លោក ម៉ាន់ កុសល ប្រធានសមាគមសិល្បៈសុវណ្ណភូមិ បានអោយដឹងថា ដើម្បីអបអរសាទរខួបលើកទី១៦ នៃការដាក់បញ្ចូលនូវទម្រង់សិល្បៈ «ល្ខោនស្រមោលស្បែកធំកម្ពុជា» ចូលទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ ទើបសមាគមរបស់លោក ក្រោមកិច្ចសហការចូលរួម គាំទ្រពីសាលាមធ្យមវិចិត្រសិល្បៈ និងក្រសួងវប្បធម៌វិចិត្រសិល្បៈ រៀបចំសម្ដែងសិល្បៈល្ខោនស្រមោលស្បែកធំ នេះជាសាធារណៈឡើងវិញ។
លោកថា «ការសម្ដែងសិល្បៈល្ខោនស្រមោលស្បែកធំ របស់សមាគមយើងខ្ញុំនៅពេលនេះ គឺចង់បង្ហាញទស្សនិកជន ជាតិនិងអន្តរជាតិ ឱ្យបានស្គាល់កាន់តែច្បាស់ថែមទៀត ពីមរតកនៃទម្រង់សិល្បៈបុរាណខ្មែរ ដើម្បីទុក្ខជាប្រយោជន៍សម្រាប់មនុស្សជាតិជំនាន់ក្រោយបានសិក្សារៀនសូត្រ និងបន្តថែរក្សានូវគុណតម្លៃនៃមរតកវប្បធម៌សិល្បៈមួយនេះបានឋិតនៅគង់វង្សជារៀងរហូតទៅ»។
លោកបានថ្លែងថា៖«តាមរយៈការសម្ដែងផ្ទាល់ជាសាធារណៈ និងការថតផ្សាយបន្តផ្ទាល់តាមប្រព័ន្ធបណ្ដាញសង្គមនេះ យើងរំពឹងថា នឹងមានការចូលរួមគាំទ្រទស្សនា ច្រើនកុះករ ពីបងប្អូនប្រជាពលរដ្ឋរបស់យើង ពិសេសពីយុវជន»។
បើតាម លោក កុសល ការរក្សាការពារបេតិកភណ្ឌវប្បធម៌អរូបី គឺជាការទទួលខុសត្រូវរបស់សហគមន៍ ដោយមានការគាំទ្រលើកទឹកចិត្តពីអាជ្ញាធរមូលដ្ឋាន និង ស្ថាប័នជំនាញពាក់ព័ន្ធ។
ចំណែកការរក្សាការពារបេតិកភណ្ឌវប្បធម៌រូបី គឺជាការទទួលខុសត្រូវរបស់រដ្ឋាភិបាល។ ដូច្នេះសហគមន៍ ដែលបានទទួលនូវមរតកវប្បធម៌អរូបី ល្ខោនស្រមោលស្បែកធំ នេះគប្បី ប្រឹងប្រែងអភិរក្ស និង អភិវឌ្ឍន៍ទំនើបកម្មលើវិស័យនេះបន្ថែមទៀត ដើម្បីផលប្រយោជន៍របស់សហគមន៍ ហើយក្រសួងនឹងបន្តគាំទ្រនិងលើកទឹកចិត្តបន្ថែមក្នុងការផ្សព្វផ្សាយពង្រីកនូវស្នាដៃវប្បធម៌សិល្បៈអរូបីនេះ។
លោកបានឱ្យដឹងផងដែរថា សិល្បៈល្ខោនស្រមោលស្បែកធំ មានប្រវត្តិ និងអាយុកាលជាយូរលង់ណាស់មកហើយ លើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានសកលលោកទទួលស្គាល់ និងឱ្យតម្លៃថា ជាសម្បត្តិមនុស្សជាតិដ៏អស្ចារ្យ និងបានដាក់បញ្ចូល ជាបេតិកភណ្ឌពិភពលោក ខាងបេតិកភណ្ឌបញ្ចេញសំឡេង និងអរូបិយរបស់មនុស្សជាតិ របស់អង្គការយូណេស្កូ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០០៥៕