ស្រ្តីក្នុងវិស័យនយោបាយ មានចំនួនតិចនៅឡើយ
ភ្នំពេញ ៖ ចំនួនស្រ្តីនៅក្នុងវិស័យនយោបាយនៅមានកម្រិតនៅឡើយ បើគិតមកដល់ពេលនេះ បើទោះជាមានការជំរុញជាបន្តបន្ទាប់ក៏ដោយ។ ឃុំសង្កាត់រាប់រយក្នុងចំណោមឃុំជាង១៦០០នៅទូទាំងប្រទេស មិនមានវត្តមានស្រ្តីជាក្រុមប្រឹក្សា ឬមេឃុំនោះទេ។ ប៉ុន្តែគេមើលឃើញថា តាមរយៈការបណ្តុះបណ្តាលរបស់អង្គការមួយចំនួន សំឡេងរបស់ស្រ្តីត្រូវបានបន្លឺឡើង ហើយស្រ្តីមានភាពក្លាហាន និងទំនុកចិត្តច្រើនក្នុងការចូលរួមក្នុងវិស័យនយោបាយ។
ថ្លែងក្នុងសិក្ខាសាលាថ្នាក់ជាតិស្តីពីការបង្កើនចំនួនអ្នកដឹកនាំស្ត្រីក្នុងវិស័យនយោបាយ និងថ្នាក់សម្រេចចិត្តនៅកម្ពុជា នាថ្ងៃទី២៥ វិច្ឆិកា នេះ លោកស្រី ធីតា ឃឹះ នាយិកាប្រតិបត្តិអង្គការសីលការដែលធ្វើការលើសិទ្ធិស្រ្តី មានប្រសាសន៍ថា ចំនួនស្រ្តីកាន់មុខតំណែងធំ ដែលមានការសម្រេចចិត្ត មានកម្រិតទាបនៅឡើយ។ ការរើសអើងចំពោះស្រ្តីនៅតែមាននៅឡើយ ដូចជាការមិនស្តាប់យោបល់របស់ស្រ្តីជាដើម។
លោកស្រីមានប្រសាសន៍ថា៖«(បុរស)អត់ស្តាប់(ស្រ្តី) បើប្រើឲ្យរៀបចំម្ហូបអាហារ ដើរបោសជូត ធ្វើម្ហូប ធ្វើអាហារ អាហ្នឹងប្រើស្រី។ ប៉ុន្តែដល់ធ្វើការសម្រេចចិត្តដែលជាការធ្វើការសម្រេចចិត្តដែលប៉ះពាល់ដល់ការអនុវត្តផ្សេងៗគឺបុរស»។ បុរសត្រូវបានលើកតម្កើង និងគាំទ្រតែក្នុងក្រុមរបស់ពួកគេផងដែរ។
ទោះជាចំនួនស្រ្តីក្នុងវិស័យនយោបាយនៅមានចំនួនតិចនៅឡើយ លោកស្រី ធីតា ឃឹះ នៃអង្គការសីលការបានជំរុញឲ្យគណបក្សនយោបាយបន្តលើកតម្កើងតួនាទីស្រ្តី និងព្យាយាមធ្វើយ៉ាងណាឲ្យមានវត្តមានស្រ្តីយ៉ាងតិច៣០ភាគរយ នៅក្នុងស្ថាប័នទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
ប្រធានគណបក្សប្រជាធិបតេត្យមូលដ្ឋាន លោកយ៉េង វិរៈ មានប្រសាសន៍ថា បញ្ហាប្រឈមរបស់ស្រ្តីបច្ចុប្បន្ននេះគឺទាក់ទង ភាពក្រីក្រ និងការមិនអនុញ្ញាតរបស់ក្រុមគ្រួសារ ជាពិសេសស្វាមី មិនឲ្យស្រ្តីចូលរួមសកម្មភាពសង្គម និងនយោបាយ។
នៅក្នុងចំណោមប្រជាជនកម្ពុជាជាង១៦លាននាក់ ចំនួនស្រ្តីមានប្រមាណ៥២ភាគរយ។ តែចំនួនស្រ្តីនៅក្នុងតំណែងដឹកនាំគ្រប់លំដាប់ថ្នាក់ នៅទាបនៅឡើយ។ ក្នុងចំណោមសមាជិករដ្ឋសភា សរុបទាំង១២៥មកពីគណបក្សប្រជាជនកម្ពុជា មានតែស្រ្តី២៥នាក់តែប៉ុណ្ណោះគឺស្មើនឹង២០ភាគរយ។ សមាជិកព្រឹទ្ធសភាស្រ្តីមានប្រមាណ១៨ភាគរយ។
ក្នុងចំណោមក្រុមប្រឹក្សាឃុំសង្កាត់១១៥៧២នាក់ ស្រ្តីមានចំនួន២៣២៣នាក់គឺស្មើនឹងប្រមាណ២០ភាគរយ។ នៅក្នុងចំណោមឃុំសង្កាត់ទូទាំងប្រទេសសរុប១៦៤៦ឃុំសង្កាត់ មានឃុំសង្កាត់ជាង៣០០មិនមានក្រុមប្រឹក្សាស្រ្តីសូម្បីតែម្នាក់។ ប៉ុន្តែការងារដឹកនាំឃុំសង្កាត់តម្រូវឲ្យមានក្រុមប្រឹក្សាម្នាក់ទទួលបន្ទុកផ្នែកស្រ្តីនិងកុមារ នៅក្នុងឃុំ៕