រដ្ឋមន្ត្រីក្រសួងព័ត៌មាន ៖ ប្រឆាំងព័ត៌មានក្លែងក្លាយ គឺត្រូវប្រើបច្ចេកវិទ្យា ដើម្បីផ្ទៀងផ្ទាត់ប្រភពព័ត៌មាន
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លើកឡើងថា វិធីសាស្ត្រប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ គឺត្រូវប្រើបច្ចេកវិទ្យា ដើម្បីផ្ទៀងផ្ទាត់ប្រភពព័ត៌មាន និងបង្ហាញនូវការពិតដល់សាធារណជនទូទៅ ដើម្បីកុំឱ្យមានការភាន់ច្រឡំ។ ការថ្លែងបែបនេះ ក្នុងឱកាសបើកវេទិកាតុមូលនិពន្ធនាយកសារព័ត៌មានអាស៊ី-អឺរ៉ុប លើកទី១០ នៅរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ។
ឯកឧត្តម ខៀវ កាញារីទ្ធ បានអោយដឹងថា ជាទូទៅការផ្សព្វផ្សាយរឿងរ៉ាវដែលប្រឌិត ខ្លឹមសារក្លែងបន្លំ និងព័ត៌មានក្លែងក្លាយ ភាគច្រើនពឹងផ្អែកលើបច្ចេកវិទ្យាថ្មីមានដូចជាប្រព័ន្ធផ្សព្វផ្សាយសង្គម និងអ៊ិនធឺណិត ប៉ុន្តែបើសិនមានភាពជាអ្នកដឹកនាំដ៏រឹងមាំ ធ្វើការងារជាក្រុម និងការរួមកិច្ចសហប្រតិបត្តិការគ្នាល្អប្រសើរ នឹងអាចកាត់បន្ថយការរាលដាលនៃដំណឹងក្លែងក្លាយដែលជះឥទ្ធិពលជាអវិជ្ជមានលើផ្នែកនយោបាយ សេដ្ឋកិច្ច សន្តិសុខ និងសណ្តាប់ធ្នាប់សារធារណៈ។
ឯកឧត្តមរដ្ឋមន្ត្រី ជឿជាក់ថា និពន្ធនាយក និងអ្នកសារព័ត៌មានជាន់ខ្ពស់នៃសារព័ត៌មានធំៗនៅក្នុងបណ្តាប្រទេសដៃគូអាស៊ី-អឺរ៉ុប ដែលមានវត្តមានក្នុងវេទិកានេះ នឹងធ្វើការផ្លាស់ប្តូរនូវទស្សនៈលើកិច្ចការទាក់ទងនឹងការប្រឆាំងដំណឹងក្លែងក្លាយ ព្រមទាំងអាចលើកកម្ពស់ភាពជឿជាក់របស់អ្នកសារព័ត៌មានក្នុងការផលិតព័ត៌មានត្រឹមត្រូវដែលមានប្រយោជន៍ដល់មហាជន និងសង្គម។