ក្រសួងកម្ពុជា នឹងចុះត្រជាក់ខ្លាំងចាប់ពីដើមខែធ្នូ ដល់ខែកុម្ភៈឆ្នាំក្រោយ

ភ្នំពេញ៖ បាតុភូតឡានីណា La Nina ក្នុងមហាសមុទ្រប៉ាស៊ីហ្វិក(ត្រជាក់) មានប្រមាណ ៩០% និងថយបន្តិចម្តងៗមកត្រឹម ៦០%នៅខែកុម្ភៈ។ ស្ថានភាពបែបនេះ នឹងធ្វើឲ្យអាកាសធាតុត្រជាក់ នៅតំបន់ស៊ីបេរី រុញច្រានទ្រនុងសម្ពាធខ្ពស់ ពីប្រទេសចិនចុះមកក្រោម និងគ្របដណ្តប់មកលើកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី ២២ ខែវិច្ឆិកា។

ក្រសួងធនធានទឹក បានឲ្យដឹងថា ធាតុអាកាសនឹងចាប់ផ្តើមចុះត្រជាក់លើកទី១ ចាប់ពីសប្តាហ៍ទី១ខែធ្នូ ដល់សប្តាហ៍ទី៣ខែធ្នូ ឆ្នាំ ២០២១។ ក្នុងអំឡុងពេលនោះ មានពេលខ្លះអាកាសធាតុអាចនឹងចុះត្រជាក់ក្នុងកម្រិតពីមធ្យមទៅបង្គួរ ចន្លោះពី ១៧អង្សាទៅ ១៩អង្សា នៅតំបន់ជួយភ្នំដងរែក និងខ្ពង់រាបភាគឦសាន។ ចំណែកបណ្តារាជធានី និងខេត្តដទៃទៀត សីតុណ្ហភាពរង្វង់ ១៩អង្សា ទៅ២១អង្សា។ អាកាសធាតុនឹងចុះត្រជាក់លើកទី២ ចាប់ពីសប្តាហ៍ទី៤ខែធ្នូ ដល់ខែកុម្ភៈ ឆ្នាំ ២០២២។

ក្រសួងបញ្ជាក់ថា ក្នុងឡុងពេលនេះ មានថ្ងៃខ្លះអាកាសធាតុចុះត្រជាក់ជាប់ៗគ្នាច្រើនថ្ងៃ ក្នុងរង្វង់ ១៥អង្សា ទៅ១៧អង្សា នៅតំបន់ភ្នំ និងតំបន់ខ្ពង់រាបភាគឦសាន។ ដោយឡែកបណ្តារាជធានីខេត្តដទៃទៀត សីតុណ្ហភាពរង្វង់ ១៨ទៅ ២០អង្សាសេ។ ក្រសួងធនធានទឹក បានអះអាងថា ខ្លួនកំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើបាតុភូតធម្មជាតិនេះ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds