អាវុធហត្ថខេត្ត កសាងសំណុំរឿងជនជាតិថៃផ្ទុះអាវុធនៅកន្លែងផឹកស៊ីផ្សាររាត្រីទឹកពុះ

បន្ទាយមានជ័យ៖ កម្លាំងការិយាល័យព្រហ្មទណ្ឌ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត នាសៀលថ្ងៃចន្ទ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ កសាងសំណុំរឿងជនជាតិថៃផ្ទុះអាវុធនៅកន្លែងផឹកស៊ីផ្សាររាត្រីទឹកពុះប្លុកកាស៊ីណូក្រុងប៉ោយប៉ែត បញ្ជូនជនសង្ស័យចំនួន១១នាក់ និងវត្ថុតាងទៅតុលាការ។

ជនសង្ស័យចំនួន១១នាក់ ពួកគេពាក់ព័ន្ធករណីហិង្សារដោយចេតនា ស្ថានទម្ងន់ទោស បាញ់បោះសេរី បង្កអានាធិបតេយ្យ បង្កខូចខាតសណ្តាប់ធ្នាសាធារណ: ភូមិឃុំមានសុវត្ថិភាព ដែលប្រព្រឹត្តកាលពីថ្ងៃទី២០ ខែវិច្ឆិកាវេលាម៉ោង២៣ និង១៥នាទី នៅចំណុចផ្សាររាត្រីទឹកពុះ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែត ។

ជនសង្ស័យមួយក្រុម មានគ្នាប្រហែល៣០នាក់ ជិះរថយន្តចំនួនបីគ្រឿង ទៅអង្គុយផឹកស៊ីនៅហាង ABCក្នុងផ្សាររាត្រីទឹកពុះ ដែលមានទាំងជនជាតិខ្មែរ និងជនជាតិថៃចំនួនប្រាំនាក់ ។

ពេលកំពុងផឹកស៊ីនោះ ក្រុមជនរងគ្រោះក៏ទៅដល់កន្លែងផឹកស៊ីដែរ មួយសន្ទុះក្រោយមកក្រុមជនសង្ស័យបានធ្វើសកម្មភាពប្រើហិង្សា ដោយយកដបស្រា និងកែវជាច្រើន គប់ទៅលើជនក្រុមជនរងគ្រោះ។

ភ្លាមៗនោះកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានចុះទៅដល់កន្លែងកើតហេតុដើម្បីធ្វើអន្តរាគមន៍ តែក្រុមជនសង្ស័យមិនស្ដាប់តាម ហើយបន្តគប់ដបស្រា និងកែវ ព្រមទាំងដេញវាយទៅលើក្រុមជនរងគ្រោះ និងកម្លាំងអាវុធហត្ថថែមទៀត បន្ទាប់មកក្រុមជនសង្ស័យបានប្រើប្រាស់កាំភ្លើងខ្លី (ពុំស្គាល់ម៉ាក) បាញ់មកលើកម្លាំងអាវុធហត្ថ បណ្ដាលឲ្យអាវុធហត្ថម្នាក់រងរបួសធ្ងន់ ។

ក្រៅពីនេះកម្លាំង អាវុធហត្ថ០២នាក់ទៀត រងរបួសស្រាលដោយសារត្រូវនឹងកែវស្រាដែលពួកជនសង្ស័យគប់មកលើ ។ ក្រុមជនសង្ស័យនៅតែបន្តវាយមកលើសមត្ថកិច្ច ក្រោយមកទើបកម្លាំងបានសម្រេចចិត្តបាញ់កាំភ្លើងតបតវិញ ដើម្បីការពារខ្លួន ទើបបណ្ដាលឲ្យខាងជនសង្ស័យរងរបួសម្នាក់ចំជើង ។

មេបញ្ជាការកងរាជអាវុធហត្ថខេត្តលោក បោន ប៊ិន បានឲ្យដឹងថា ដោយឃើញសភាពការណ៍ដូច្នេះលោកបានរាយការណ៍ជូន អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងបានសុំគោលការណ៍ពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ហើយបានដឹកនាំកម្លាំងចុះបង្រ្កាបករណីខាងលើនេះឃាត់ខ្លួនក្រុមជនបង្កជាបន្តបន្ទាប់បានចំនួន១១នាក់ ព្រមទាំងដកហូតវត្ថុតាងរួមមាន រថយន្តម៉ាកឡិចស៊ីស NX200T ពណ៌ខ្មៅ ពាក់ស្លាកលេខ កម្ពុជា CND 7677ចំនួន០១គ្រឿង រថយន្តឡង់គ្រីស័រ ពណ៌ស ពាក់ស្លាកលេខ កម្ពុជា CNE 7677 ចំនួន០១គ្រឿង បំពង់ទីបដែកប្រវែង១១០សង់ទីម៉ែត្រ ចំនួន០១ដើម កាំបិតប៉័ងតោដងឈើចំនួន០២ដើម កាំបិតចុងស្រួចចំនួន០១ដើម ហើយបញ្ជូនមកមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីសាកសួរ ។

លោកថា ជនសង្ស័យទាំង១១នាក់ ក្រោយពីកម្លាំងជំនាញសាកសួរចម្លើយរួច បានឆ្លើយសារភាពថា ពួកគេមានគ្នាចំនួន២០នាក់ បាននាំគ្នាជិះ រថយន្តពីរគ្រឿងដែលមានភិនភាគខាងលើ ព្រមទាំងម៉ូតូចំនួនពីរគ្រឿងទៀត ពិតជាបាននាំគ្នាទៅផឹកស៊ីក្នុងហាងនោះពិតប្រាកដមែន ហើយបានបង្កជម្លោះទៅលើក្រុមម្ខាងទៀត។

តមក សមត្ថកិច្ចកងរាជអាវុធហត្ថបានចុះមកអន្តរាគមន៍ ពួកគេក៏បានធ្វើការតដៃជាមួយសមត្ថកិច្ចទៀត ប៉ុន្តែពួកគេមិនបានដឹងថា ក្រុមរបស់គេអ្នកណាមានកាំភ្លើងបាញ់ទៅលើសមត្ថកិច្ចនោះទេ ។

ចំណែកបក្ខសពួកជនបង្កប្រាំបួននាក់ផ្សេងទៀត ដែលរត់គេចខ្លួន កម្លាំងកំពុងស្រាវជ្រាវឃាត់ខ្លួនបន្ត ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds