អ៊ំុទូករយៈពេល៤ថ្ងៃ កម្ពុជា ទទួលភ្ញៀវទេសចរជាង១,១លាននាក់
ភ្នំពេញ ៖ ក្នុងឳកាសព្រះរាជពិធីបុណ្យអុំទូក បូកថ្ងៃអាទិត្យ រយៈពេល៤ថ្ងៃ កម្ពុជាទទួលបានភ្ញៀវទេសចរ ១,១៤៧,៣៥៩នាក់ ក្នុងនោះភ្ញៀវជាតិមាន១,១៣២,៩០៣នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងមាន១៤,៤៥៦នាក់។
គោលដៅទេសចរណ៍សំខាន់ៗរយៈពេល៤ថ្ងៃនេះ រាជធានីភ្នំពេញនាំមុខគេ ២០៣,៤៥៤នាក់ ខណៈខេត្ត ព្រះសីហនុឈរលេខ២ ១៤៥,០៤២នាក់, ចំណែក ខេត្តសៀមរាប ១៤១,២១៩នាក់, កំពត ១០២,១៦៧នាក់, កែប ៩២,៥៣៨នាក់ , ពោធិ៍សាត់ ៧៥,៥៧៨នាក់ ,បាត់ដំបង ៥៦,៦៧៩នាក់, កំពង់ស្ពឺ ៥០,៩៦០នាក់, មណ្ឌលគិរី ៤០,៩១៧នាក់, កណ្តាល ៤០,២០៦នាក់, កោះកុង ៣៨,៦៥០នាក់, រតនគិរី ៣១,៤៥៧នាក់។
តួលេខនេះ ជាចំនួនដ៏ច្រើនគិតចាប់ពីមានព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។ ជាក់ស្តែង ចំនួននេះមានការកើនឡើងប្រមាណ ២៥.៨% ធៀបនឹងរយៈពេលដូចគ្នានៃពិធីបុណ្យភ្ជុំបិណ្ឌនាដើមខែតុលា ឆ្នាំ២០២១ កន្លងមក ដែលមានភ្ញៀវទេសចរតែ៩១១,១៤៧នាក់។
កំណើនភ្ញៀវទេសចរជិតមួយសប្តាហ៍នេះ បង្កើតបាននូវចរន្តសេដ្ឋកិច្ចដ៏សំខាន់សម្រាប់សេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចមូលដ្ឋាន ពិសេសសម្រាប់វិស័យឯកជន និងប្រជាពលរដ្ឋទូទៅ ខណៈដែលប្រតិបត្តិករទេសចរណ៍នានាបានប្រមើលមើលពីកាលានុវត្តភាពនៃការងើបឡើងដ៏រហ័សនៃវិស័យទេសចរណ៍។
អាជីវកម្ម ផ្នែកឯកជន និងអ្នករកទទួលទានក្នុងវិស័យទេសចរណ៍បានត្រៀមខ្លួនរួចរាល់ក្នុងការចូលរួមស្តារ និងលើកកម្ពស់វិស័យទេសចរណ៍ក្រោយវិបត្តិជំងឺកូវីដ-១៩ តាមរយៈការរៀបចំ និងកែលម្អទម្រង់ធុរកិច្ច និងអាជីវកម្មរបស់ខ្លួនក្នុងគន្លងប្រក្រតីភាព ក៏ដូចជាដើម្បីត្រៀមទទួលភ្ញៀវទេសចរអន្តរជាតិនាពេលខាងមុខឆាប់ៗនេះផងដែរ៕