ទឹកឃ្មុំ​ព្រៃ​ចូលរួមចំណែក​លើកកម្ពស់​ជីវភាព​សហគមន៍​ព្រៃឈើ​ប្រាសាទ​ទឹកខ្មៅ និង​ជួយ​ការពារ​ព្រៃឈើ

ក្រចេះ៖ ទឹកឃ្មុំ​ធម្មជាតិ​មាន​តួនាទី​សំខាន់​ក្នុង​ការចូលរួម​ថែរក្សា​ព្រៃឈើ និង​លើកកម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាសហគមន៍​ព្រៃឈើ​ប្រាសាទ​ទឹកខ្មៅ​ដែល​ស្ថិតនៅ​ក្នុង​ភូមិ​ទន្សោងធ្លាក់ ឃុំ​កំពង់ចាម ស្រុក​សំបូរ ខេត្តក្រចេះ​។

លោក​ ឈុត ណន មេឃុ​កំពង់ចាម​បាន​ថ្លែងថា សហគមន៍​ព្រៃឈើ​ប្រាសាទ​ទឹកខ្មៅ​មាន​សមាជិក​ជាង​ ១០០ ​គ្រួសារ​។ ក្នុងនោះ​មាន​សមាជិក​មិនតិចជាង​ ៦០ ​គ្រួសារ​ទេ ដែល​កំពុងតែ​ចូល​ព្រៃ​រក​បេះ​ឃ្មុំ​ព្រៃ​ធម្មជាតិ ដើម្បី​យកទៅលក់​ដោះស្រាយ​ជីវភាព​ក្នុង​គ្រួសារ​។

លោកថា​៖ ​វា​ជួយ​ថែរក្សា​ឈើ​ធំៗ​កុំ​ឱ្យមាន​ជនល្មើស​លួច​កាប់​។ ទឹកឃ្មុំ​ជួយ​កាត់បន្ថយ​ភាពក្រីក្រ​បាន​ខ្លះៗ​ដែរ តាមរយៈ​ការលក់ដូរ​។ ហើយក៏​ជួយ​ថែរក្សា​ព្រៃ​ផងដែរ ព្រោះថា បើ​គ្មាន​ព្រៃ ឃ្មុំ​ធ្វើ​ម៉េច​រស់នៅ​បាន​? ​មានព្រៃ ទើប​ឃ្មុំ​វា​នៅ​»​។ លោក​បាន​បន្ថែមថា ទឹកឃ្មុំ​មួយ​លីត្រ ពួកគាត់​លក់​បាន​តម្លៃ​ចាប់ពី ​៥ ​ទៅ​ ៦ ​ម៉ឺន​រៀល​។

កាលពី​ថ្ងៃទី​ ១៤ ​ខែវិច្ឆិកា​នេះគម្រោង​ព្រៃឡង់​បៃតង (USAID Greening Prey Lang) ​​ក៏បាន​លើក​ឡើ​ផងដែរ​ថា ​​ការចូលរួម​របស់​ទឹកឃ្មុំ​ព្រៃ មិន​ត្រឹមតែ​ល្អ​សម្រាប់​ជួយ​ដល់​សុខភាព​របស់​មនុស្ស​ប៉ុណ្ណោះ​ទេ តែ​វា​ថែមទាំង​ជួយ​ដល់​ការការពារ​ព្រៃឈើ​ផងដែរ​។

«​ក្រុម​ប្រមូល​ទឹកឃ្មុំ​ព្រៃ ប្រកប​ដោយ​និរន្តរភាព​នៅ​សហគមន៍​ព្រៃឈើ ប្រាសាទ​ទឹកខ្មៅ​ក្នុង​ខេត្តក្រចេះ​ចាប់ផ្តើម​មាន​ជីវភាព​ធូរធា​ជាង​មុន​ហើយ ពួកគាត់​បាន​ចូលរួមចំណែក​ក្នុង​ការការពារ​ព្រៃឈើ​ និង​ធនធាន​ធម្មជាតិ​យ៉ាង​ល្អប្រសើរ​»​។ បន្ថែម​ពី​លើ​ការបរិច្ចាគ​ប្រាក់ចំណេញ​ពី​ការលក់​ទឹកឃ្មុំ​ព្រៃ​ទៅលើ​ការគាំទ្រ​ការគ្រប់គ្រង​សហគមន៍​ព្រៃឈើ ពួកគាត់​ក៏​ចូលរួមចំណែក​ក្នុង​ការល្បាត​ព្រៃ​ដោយផ្ទាល់​ផងដែរ​។

ព្រៃឡង់​បៃតង​បាន​បង្កើត​ជា​ពាក្យស្លោក​ថា​៖ «​ល្អ​សម្រាប់​សុខភាព ល្អ​សម្រាប់​សហគមន៍ ល្អ​សម្រាប់​ព្រៃឈើ​»៕

 

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds