សម្តេចតេជោ ណែនាំដល់អាជ្ញាធរ ឲ្យយកចិត្តទុកដាក់ចំពោះសុខភាព របស់មនុស្សចាស់ដែលគ្មានទីពឹង
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ណែនាំដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ ឲ្យយកចិត្តទុកដាក់ចំពោះសុខភាព របស់មនុស្សចាស់ដែលគ្មានទីពឹង តាមរយៈការផ្តល់នូវសម្ភារៈចាំបាច់ ដូចជាមុង ភួយ ដើម្បីឲ្យពួកគាត់មានភាពកក់ក្តៅក្នុងរដូវរងា។
តាមរយៈសារសំឡេងផ្ញើជូនជនរួមជាតិពាក់ព័ន្ធការថែរក្សាសុខភាព ពិសេសជំងឺកូវីដ១៩ ក្នុងពេលអាកាសធាតុចុះត្រជាក់ នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ សម្តេចតេជោបានអោយដឹងថា «ខ្ញុំសូមអំពាវនាវចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ សូមមេត្តាយកចិត្តទុកដាក់ ចំពោះមនុស្សចាស់ដែលពុំមានទីពឹង មានន័យថាមនុស្សចាស់ដែលពុំមានកូនចៅនៅជិត ត្រូវផ្តល់នូវសម្ភារៈចាំបាច់ ជាមុង ជាភួយ ដើម្បីឲ្យពួកគាត់មានភាពកក់ក្តៅ នៅក្នុងកាលៈទេសៈដែលត្រូវឆ្លងកាត់ក្នុងដំណាក់កាលនៃរដូវរងានេះ។
ជាមួយគ្នានេះដែរសម្តេច ស្នើសូមឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ សប្បុរសជន ក៏ជាកាកបាទក្រហមគ្រប់លំដាប់ថ្នាក់ យកចិត្តទុកដាក់ទៅលើអ្នកដែលពុំមានទីពឹង ដែលពួកគាត់ងាយនឹងរងគ្រោះដោយសារជំងឺផ្សេងៗ ជាពិសេសជំងឺកូវីដ១៩»។
សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់ចៅអធិការវត្តទាំងអស់ សូមយកចិត្តទុកដាក់ ចំពោះលោកយាយជីតាជី ដែលបានទៅសុំសីល៍ នៅតាមទីវត្តអារាម ធ្វើឲ្យយ៉ាងណាផ្តល់ភាពកក់ក្តៅឲ្យពួកគាត់ តាមរយៈការផ្តល់ជាភួយ ជាមុង ក្នុងរដូវត្រជាក់នេះ។ ចំពោះព្រះសង្ឃដែលមានវ័យចាស់ជរា ក៏ត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាពផងដែរ។