សម្តេចតេជោ បារម្ភខ្លាចផ្ទុះរីករាលដាលឡើងវិញនៃជំងឺកូវីដ១៩ ក្នុងពេលអាកាសធាតុចុះត្រជាក់នាពេលខាងមុខនេះ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្តីបារម្ភមានការផ្ទុះរីករាលដាលឡើងវិញនៃជំងឺកូវីដ១៩ ក្នុងកំលុងពេលអាកាសធាតុចុះត្រជាក់នាពេលខាងមុខនេះ ខណៈប្រមុខរដ្ឋាភិបាល អំពាវនាវអោយពលរដ្ឋរួមគ្នាយកចិត្តទុកដាក់ថែទាំសុខភាព និងបន្តអនុវត្តវិធានសុខាភិបាល ជាពិសេស «៣ការពារ និង៣កុំ» ឱ្យបានខ្ពស់ ដើម្បីធានាថា មិនមានការផ្ទុះឡើងវិញនៃជំងឺកូវីដ១៩។

សម្តេចតេជោ ហ៊ុន សែន ថ្លែងនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ ថា បើទោះបីមិនទាន់មានការសិក្សាច្បាស់លាស់តាមបែបវិទ្យាសាស្ត្រក៏ដោយចុះ ក៏ប៉ុន្តែតាមបទពិសោធន៍ប្រទេសមួយចំនួននៅពេលរដូវត្រជាក់បានចាប់ផ្តើមជំងឺឆ្លងតែងកើតមាន។

សម្តេចតេជោថា កម្ពុជាបើទោះបីពេលបច្ចុប្បន្ន ជំងឺកូវីដ១៩ បានធូរស្រាល ប៉ុន្តែការឆ្លងនៃជំងឺនេះមិនទាន់បានបញ្ចប់នៅឡើយទេ ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ទប់ស្កាត់ និងការពារឱ្យបានខ្ពស់។

ប្រមុខរាជរដ្ឋាភិបាលបន្ថែមថា «រដូវរងារតែងនាំមកនូវជំងឺផ្សេងៗ ជាពិសេសផ្តាសាយ ហើយផ្តាសាយនៅក្នុងពេលកំពុងកើតមានជំងឺកូវីដ១៩នេះ វាងាយនាំទៅដល់ការឆ្លងនៃជំងឺកូវីដ១៩ ពិតប្រាកដ។ ដូច្នេះជារួមសារមួយនេះ ខ្ញុំសម្តៅអំពាវនាវជូនចំពោះប្រជាពលរដ្ឋរបស់យើងយកចិត្តទុកដាក់ការពារសុខភាពក្នុងរយៈពេលនៃរដូវរងារ រដូវរំហើយនេះ ដែលធម្មតាតែងតែមានជំងឺឆ្លង»

សម្តេចតេជោ បន្តថា «នៅក្នុងដំណាក់ដែលប្រទេសយើងពុំទាន់បានបញ្ចប់នូវជំងឺកូវីដ១៩ ហានិភ័យនៅមានខ្ពស់នៅឡើយ ប៉ុន្តែប្រសិនបើយើងទាំងអស់គ្នាមានការយកចិត្តទុកដាក់ថែទាំសុខភាព គឺយើងអាចនឹងឆ្លងកាត់បាននៅក្នុងដំណាក់កាលដែលនឹងមកដល់ពេលខ្លីខាងមុខនេះ»

សម្តេចតេជោ ហ៊ុន សែន បង្ហាញក្តី និងជឿជាក់ថា ប្រជាពលរដ្ឋទាំងអស់ចូលរួមថែទាំសុខភាព ការពារការរាតត្បាតជំងឺកូវីដ១៩ ហើយទទួលបានផលទាំងអស់គ្នាពីកិច្ចប្រឹងប្រែងថែទាំសុខភាពមួយនេះ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds