ការចម្អិនអាហារជាមួយក្រដាសអាលុយមីញ៉ូមធ្វើអោយប៉ះពាល់ខួរក្បាល ពុកឆ្អឹង
សុខភាព៖ ការចម្អិនអាហារជាមួយក្រដាសអាលុយមីញ៉ូមធ្វើអោយប៉ះពាល់ខួរក្បាល ពុកឆ្អឹង ព្រោះនៅពេលក្រដាសអាលុយមីញ៉ូមត្រូវកម្តៅខ្ពស់ដែលបណ្តាលជាតិអាលុយមីញ៉ូមជ្រាបចូលអាហារ។
ការសិក្សាបានបង្ហាញថា ការប្រើក្រដាសអាលុយមីញ៉ូមចម្អិនអាហារដែលមានជាតិអាស៊ីដបណ្តាលឱ្យជាតិអាលុយមីញ៉ូមជ្រាបចូលក្នុងអាហារកាន់តែច្រើន។ ដោយសារតែសារធាតុអាលុយមីញ៉ូមមិនត្រូវបានបំប្លែងដោយរាងកាយ ពេលចូលក្នុងរាងកាយ វាអាចស្ថិតនៅក្នុងឈាម សាច់ដុំ និងសរីរាង្គផ្សេងៗ។
១. ប៉ះពាល់ខួរក្បាល
អ្នកវិទ្យាសាស្រ្តបានលើកឡើងថា ការមានសារធាតុអាលុយមីញ៉ូមច្រើនក្នុងខ្លួនបណ្តាលឱ្យការចងចាំចុះខ្សោយ មានជំងឺប្រព័ន្ធសរសៃប្រសាទ និង ជំងឺប៉ាគីនសិនជាដើម ព្រោះអាលុយមីញ៉ូមអាចកាត់បន្ថយអត្រាលូតលាស់របស់កោសិកាខួរក្បាល។
២. ពុកឆ្អឹង
ការកើនឡើងកម្រិតអាលុយមីញ៉ូមក្នុងខ្លួនក៏បណ្តាលឱ្យមានជំងឺពុកឆ្អឹងដែរ ព្រោះសារធាតុអាលុយមីញ៉ូមរំខានដល់ការស្រូបយកកាល់ស្យូមរបស់រាងកាយ។
អង្គការសុខភាពពិភពលោក (WHO) បានលើកឡើងថា ក្នុង ១ថ្ងៃយើងអាចញុំាសារធាតុអាលុយមីញ៉ូម ១មិល្លីក្រាមធៀបនឹងទម្ងន់រាងកាយ ១គីឡូក្រាម។ ដូច្នេះអ្នកដែលមានទម្ងន់ ៥០គីឡូអាចញុំាសារធាតុអាលុយមីញ៉ូម ៥០មិល្លីក្រាមក្នុង ១ថ្ងៃ។ ប៉ុន្តែភាគច្រើនយើងញុំាសារធាតុអាលុយមីញ៉ូមលើសកម្រិត។
សារធាតុអាលុយមីញ៉ូមមាននៅក្នុងពោត ឈីសពណ៌លឿង អំបិល ឱសថ គ្រឿងទេស តែ ឧបករណ៍ចម្អិនម្ហូបដូចជា ឆ្នាំង ខ្ទះ ឬវែកធ្វើពីអាលុយមីញ៉ូម ថ្នាំបន្សាបជាតិអាស៊ីដក្នុងក្រពះ និងទឹកសម្រាប់ញុំាដែលឆ្លងកាត់ការបន្សុត ដោយប្រើសារធាតុអាលុយមីញ៉ូមស៊ុលហ្វាតជាដើម។
យើងអាចចៀសវាងប្រើក្រដាសអាលុយមីញ៉ូមខ្ចប់អាហារក្នុងការចម្អិនដោយប្រើស្លឹកចេក ឬអំបិលជំនួសវិញ។ ឧទាហរណ៍ ត្រីដុតអំបិល ប្រហុកដុតស្លឹកចេក៕
ប្រភពពី Hello គ្រូពេទ្យ