ថ្ងៃស្អែក សាលាដំបូង ​នឹង​បើកសវនាការ​សំណើរ​សុំ​នៅក្រៅ​ឃុំ​របស់​សមាជិក​អតីត​CNRP

ភ្នំពេញ៖ តាម​ការគ្រោងទុក នៅ​​ថ្ងៃទី១៧​ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ ចៅក្រម​សាលាដំបូង​នឹង​បើកសវនាការ​លើ​សំណុំ​សុំ​នៅក្រៅ​ឃុំ​របស់​សមាជិក​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​១៤​នាក់ ​ដែល​កំពង់​ជាប់ពន្ធនាគារ​ព្រៃ​ស។

មេធាវី​ការពារ​សមាជិក​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ​លោកមេធាវី សំ សុ​គង់ បានបញ្ជាក់ថា សំណុំរឿង​កូនក្ដី​របស់ខ្លួន ត្រូវបាន​លោក រស់ ពិសិដ្ឋ ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំ​ជំ​រះ​បាន​បើកសវនាការ​រឿង​ក្ដី​នេះ​ច្រើនលើកច្រើនសារ ប៉ុន្តែ​ដោយ​បញ្ហា​កូ​វីដ​១៩ បាន​ផ្ទុះឡើង​នៅ​ទូទាំងប្រទេស​កម្ពុជា ទើប​សវនាការ​គ្រោង​នៅ​ថ្ងៃ​បន្ទាប់​បានអូសបន្លាយ​រហូតដល់​ប​ច្ចុប្បន្ន ហើយ​នៅ​មិនទាន់​កំណត់​កាលបរិច្ឆេត​ដើម្បី​បើក​សវនាការ​លើ​រឿងក្ដី​នេះ។

លោកបន្ថែមថា ខណៈ​ការឃុំខ្លួន​បណ្ដោះអាសន្ន​ត្រូវ​អូសបន្លាយ​អស់​រយៈពេល​ជិត​២​ឆ្នាំ បណ្ដាល​អោយ​ជនជាប់ចោទ​ម្នាក់​ក្នុង​រឿងក្ដី​កើតមាន​ជំងឺ​ស្ទើរ​គ្រប់គ្នា ដូចជា​ជំងឺ​លើស​សម្ពាធ​ឈាម ជំងឺ​លើស​អា​ស៊ីត ជំងឺ​សន្លាក់ ថ្លើម ជំងឺ​ទឹកនោមផ្អែម ក្រពះ​ពោះវៀន​ធ្ងន់ធ្ងរ ដែល​ត្រូវការ​ព្យាបាល​ពី​សំណាក់​គ្រូពេទ្យ​ជំនាញ និង​មើលថែទាំ​ពី​ក្រុមគ្រួសារ ។​

ជនជាប់ចោទ​ទាំង​១៤​នាក់​ដែល​តុលាការ​គ្រោង​នឹង​ជំនុំ​ជំ​រះ​តាម​ពាក្យស្នើសុំ​នៅក្រៅ​ឃុំ​រួមមាន ៖ ហេង ច័ន្ទ​សុ​ទ្ធី ហៅ​ធី​, កាក់ ក​ម្ភា​រ​, យឹម សារ៉េត , ពៀត ម៉ាប់​, សុខ ចាន់ថា​, ឃឹម ភា​ណា, ស៊ុន ធន, ញែ​ម វាន, ជុំ ចាន់​, ថៃ គ​ន្ធា​, កែវ ថៃ​, ឡុង ផា​រី, ងិន ឃាង​ និងឃុ​ត ច្រិ​ក

អាស្រ័យ​ដោយមាន​ការស្នើសុំ​ពី​សំណាក់​មេធាវី​ការពារ​អោយ​ជនជាប់ចោទ​ទាំង​១៤​នាក់ ទើប​តុលាការ​កំណត់​យក​ថ្ងៃទី​១៧ ខែ​វិច្ឆិកា ដើម្បី​បើកសវនាការ​មុន​អង្គសេចក្ដី​លើ​សំណុំរឿង​នៅក្រៅ​ឃុំ​នេះ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds