ប្រធាន WHO នៅកម្ពុជា ចាត់ទុកកម្ពុជាគឺជាជើងឯកក្នុងការគ្រប់គ្រងហានិភ័យជំងឺកូវីដ១៩
ភ្នំពេញ៖ ប្រធានអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា ចាត់ទុកថា ប្រទេសកម្ពុជាគឺជាប្រទេសជើងឯកមួយដែលអាចរក្សាតុល្យភាពការគ្រប់គ្រងហានិភ័យជំងឺកូវីដ១៩ និងការបើកសេដ្ឋកិច្ចនិងសង្គមឡើងវិញប្រកបដោយចីរភាព។
ថ្លែងក្នុងពិធីអញ្ជើញទៅទទួលវ៉ាក់សាំង Astrazenecaជាង៣២ម៉ឺនដូស នៅល្ងាចថ្ងៃទី១៥ វិច្ឆិកាពេល លោកស្រីលី អាយលែន បានបន្តថា « វាជាពេលវេលាដ៏សមស្របមួយដែលកម្ពុជាបើកសេដ្ឋកិច្ចនិងសង្គមឡើងវិញខណៈប្រទេសនេះបានគ្រប់ក្រជំងឺកូវីដ១៩បានល្អប្រសើរ»។
លោកស្រីថា ការបើកប្រទេសឡើងវិញនេះ ដោយសារអាស្រ័យលើការចាក់វ៉ាក់សាំងព្រោះថា វ៉ាក់សាំងបានជួយកាត់បន្ថយពីជំងឺធ្ងន់ធ្ងរមកស្រាល ការស្លាប់និងការចម្លងផងដែរ។ ប៉ុន្តែវ៉ាក់សាំងមិនអាចជួយបាន១០០ភាគរយនិងមិនមែនជាដំណោះស្រាយ១០០ភាគរយដែរ។ ដូច្នេះតួនាទីបុគ្គលម្នាក់ៗមានសារសំខាន់ណាស់ក្នុងការធានាការចម្លងចូលក្នុងសហគមន៍របស់ខ្លួន។
លោកស្រីឱ្យដឹងទៀតថា «យើងកំពុងស្ថិតនៅក្នុងការរៀនសូត្រមួយថ្មីតើជោគជ័យឬបរាជ័យអាស្រ័យដោយមានការចូលរួមពីបុគ្គលម្នាក់។ បើមានការចូលរួមមានការគ្រប់គ្រងបានល្អនោះវានឹង ជោគជ័យតែបើមិនគ្រប់គ្រងបានល្អទេវានឹងធ្វើឱ្យមានករណីកើនឡើងនៃជំងឺកូវីដ១៩ឡើងវិញ»។
លោកស្រី រំពឹងថា « អង្គការសុខភាពពិភពលោកនឹងរើសបានម៉ូឌែលមួយល្អដែលជោគជ័យហើយខ្ញុំសូមជូនពរដល់ប្រទេសកម្ពុជាទទួលបានជោគជ័យ»៕