តុលាការសម្រេចប្រកាសដាក់លក់អតីតទីស្នាក់ការ CNRP ដើម្បីសងសំណងផ្នែករដ្ឋប្បវេណី ដល់ដើមបណ្តឹង
ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចដាក់លក់ផ្ទះរបស់ លោក សម រង្ស៉ី ដែលជាអតីតទីស្នាក់ការ នៃអតីតគណបក្សសង្រ្គោះជាតិ ដើម្បីអនុវត្តតាមអំណាចសាលក្រម សាលដីកាស្ថាពរ យកទៅសងសំណងផ្នែករដ្ឋប្បវេណី និងប្រាក់ពិន័យតាមច្បាប់។ នេះបើយោងតាមដីកាសម្រេចចាប់ផ្តើមការលក់ដោយបង្ខំ» ដែលបណ្តាញព័ត៌មាន ទទួលបាននៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១។
ការសម្រេចដាក់លក់នេះ បន្ទាប់ពីមានសំណើសុំឱ្យអនុវត្តវិធានបង្ខំដោយផ្ទាល់ របស់ភាគីដើមបណ្តឹងរដ្ឋប្បវេណីទាំង៤ និងបណ្តឹងរបស់អយ្យការអមសាលាដំបូងភ្នំពេញចំនួន៤សំណុំរឿងទៀត បន្ទាប់ពីភាគីអ្នកចាញ់ក្តី មិនបានបំពេញកាតព្វកិច្ចសងសំណង តាមសាលក្រម សាលដីកាស្ថាពរ កាលពី៣ឆ្នាំមុន និងសាលក្រមស្ថាពរ ជាបន្តបន្ទាប់ទៀត។
ដើមបណ្តឹងរដ្ឋប្បវេណី រួមមាន៖ សម្តេចតេជោ, សម្តេចពញាចក្រី ហេង សំរិន, សម្តេចក្រឡាហោម ស ខេង និងមេធាវីតំណាងឲ្យរាជរដ្ឋាភិបាលកម្ពុជា។
ក្នុងសំណុំរឿងបរិហារកេរ្តិ៍ ប្តឹងដោយមេធាវីតំណាងរបស់សម្តេចតេជោ តុលាការបានបង្គាប់ឱ្យ លោក សម រង្ស៉ី សងជំងឺចិត្តចំនួន ៤០០០លានរៀល។ សំណុំប្តឹងដោយមេធាវីតំណាងរបស់សម្តេច ហេង សំរិន តុលាការបានបង្គាប់ឱ្យ លោក សម រង្ស៉ី សងជំងឺចិត្តចំនួន ៤ពាន់លានរៀល។ សំណុំរឿងប្តឹងដោយមេធាវីតំណាងសម្តេចក្រឡាហោម, តុលាការបានបង្គាប់ឱ្យ លោក សម រង្ស៉ី សងជំងឺចិត្តចំនួន ២ពាន់លានរៀល។ នឹងសំណុំរឿងប្តឹងដោយមេធាវីតំណាងរាជរដ្ឋាភិបាលកម្ពុជា, តុលាការបានបង្គាប់ឱ្យលោក សម រង្ស៉ី សងជំងឺចិត្តចំនួន ១៨០០លានរៀល។
«តាមដីកាសម្រេចចាប់ផ្តើមការលក់ដោយបង្ខំ» ទាំង៤ ចេញដោយ លោក អ៉ឹម វណ្ណៈ ចៅក្រមអនុវត្តសាលាដំបូងរាជធានីភ្នំពេញ បញ្ជាក់ដូច្នេះថា៖ «យោងលើឯកសារចម្លងយថាភូត នៃលិខិតអនុវត្តដែលមានអានុភាព ដើម្បីអនុវត្តលើបំណុលខាងលើគប្បីតុលាការសម្រេច តាមពាក្យសុំរបស់ម្ចាស់បំណុលនៃការអនុវត្តតាមមាត្រា៣៥០.២.ក នៃក្រមនីតិវិធីរដ្ឋប្បវេណី។
ហេតុដូច្នេះសម្រេច៖
១៖ ចាប់ផ្តើមនីតិវិធីលក់ដោយបង្ខំ,
២៖ រឹបអូសអចលនវត្ថុ មានបណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ លេខ ភព០៩៧២៥ ចុះថ្ងៃទី១៥ ខែសីហា ឆ្នាំ២០០៧ ចេញដោយមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ មានទីតាំងស្ថិតនៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលជាកម្មសិទ្ធិរបស់កូនបំណុលនៃការអនុវត្ត ឈ្មោះ សម រង្ស៊ី និងប្រពន្ធឈ្មោះ ជូឡុង សូមួរ៉ា ដើម្បីយកប្រាក់មកទូទាត់បំណុលឱ្យម្ចាស់បំណុលនៃការអនុវត្ត រហូតដល់គ្រប់ចំនួន»។