អ្នកនាំពាក្យ ៖ ព្រះសង្ឃអង្គណានិមន្តបិណ្ឌបាតតាមទីផ្សារឡើយ នឹងត្រូវប្រឈមការចាប់ផ្សឹក
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា អំពាវនាវដល់ព្រះសង្ឃមិនអោយនិមន្តបិណ្ឌបាតតាមទីផ្សារឡើយ ហើយក្នុងករណីព្រះសង្ឃអង្គណាល្មើស នឹងត្រូវប្រឈមការចាប់ផ្សឹកដើម្បីកុំឱ្យប៉ះពាល់ដល់តម្លៃនៃព្រះពុទ្ធសាសនា។
លោក សេង សុមុនី អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា បានអោយដឹងថា ជនខិលខូចមួយចំនួន ដែលយកសាសនាធ្វើជាឈ្នាន់សម្រាប់ធ្វើអាជីវកម្មដូចជាដើររ៉ៃអង្គាសប្រាក់ ឬធ្វើសង្ឃក្លែងក្លាយត្រូវបញ្ឈប់ទង្វើទាំងនេះជាបន្ទាន់ ដើម្បីចៀសវាងប្រឈមនឹងទោសទណ្ឌ។
លោកអំពាវនាវអោយព្រះសង្ឃដែលនិមន្តបិណ្ឌបាតរាល់ថ្ងៃ នៅតាមភូមិនានាត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់បន្ថែមទៀតចំពោះជំងឺកូវីដ១៩ ទោះបីស្ថានភាពជំងឺនេះមានភាពធូរស្រាលក៏ដោយ។
លោកថា «ពេលនិមន្តបិណ្ឌបាតតាមភូមិព្រះសង្ឃត្រូវពាក់ម៉ាស ឧស្សាហ៍លាងសំអាតដៃជាមួយសាប៊ូឬអាកុលឲ្យបានញឹកញាប់ និងត្រូវដាក់ព្រះកាយឲ្យនៅឆ្ងាយពីពុទ្ធបរិស័ទប្រមាណជាង២ម៉ែត្រ ដើម្បីការពារកុំឲ្យឆ្លងជំងឺកូវីដ១៩ សំដៅធ្វើយ៉ាងណាកុំឲ្យនាំជំងឺនេះមកចំលងដល់ព្រះសង្ឃផ្សេងៗទៀត»។
បើតាមលោកថា បច្ចុប្បន្ននេះព្រះសង្ឃនៅភ្នំពេញ អាចនិមន្តបិណ្ឌបាតបានឡើងវិញជាបណ្តើរៗហើយដោយសារស្ថានភាពជំងឺកូវីដ១៩មានភាពធូរស្រាល ហើយរាជរដ្ឋាភិបាលក៏បានចាប់ផ្តើមបើកដំណើរការសេដ្ឋកិច្ចឡើងវិញផងដែរ បន្ទាប់ពីបានផ្អាកមួយរយៈដោយសារមានផ្ទុះជំងឺកូវីដ១៩។
យ៉ាងណាក៏ដោយ លោក សេង សុមុនី បានអំពាវនាវដល់ព្រះសង្ឃមិនត្រូវនិមន្តទៅបិណ្ឌបាតនៅតាមទីផ្សារឡើយ ក្នុងករណីព្រះសង្ឃអង្គណាល្មើសនឹងត្រូវប្រឈមនឹងការចាប់ផ្សឹក ដើម្បីកុំឲ្យប៉ះពាល់ដល់តម្លៃនៃព្រះពុទ្ធសាសនា។
គួរបញ្ជាក់ថារហូតដល់ពេលនេះ មានព្រះព្រះពុទ្ធសាសនា នៅទូទាំងប្រទេសចំនួន១២១៩អង្គបានឆ្លងជំងឺកូវីដ-១៩ ជាសះស្បើយចំនួន១១៤២អង្គ និងអនិច្ចធម្មចំនួន១២អង្គ៕