ចាប់ពីថ្ងៃទី១២ ខែវិច្ឆិកា នេះតទៅ អ្នករៀបចំកម្មវិធីផ្សេងៗនៅភ្នំពេញ មិនកំណត់អ្នកចូលរួម
ភ្នំពេញ ៖ ចាប់ពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ នេះតទៅ រដ្ឋបាលរាជធានីអនុញ្ញាតឲ្យរៀបចំពិធីអាពាហ៍ពិពាហ៍ ពិធីបុណ្យប្រពៃណី ពិធីសាសនា ការជួបជុំ និងកម្មវិធីផ្សេងៗនៅរាជធានីភ្នំពេញ ដោយមិនកំណត់ចំនួនអ្នកចូលរួម ប៉ុន្តែ អាស្រ័យទៅ តាមទីតាំងប្រារព្ធពិធី ដែលអាចធានាបានការរក្សាគម្លាតសុវត្ថិភាពសង្គម-បុគ្គល និងវិធានសុខាភិបាល។
សេចក្តីសម្រេច របស់រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១២ ខែវិច្ឆិកានេះ បានកែសម្រួលចំពោះការអនុញ្ញាតឱ្យរៀបចំពិធីអាពាហ៍ពិពាហ៍ ពិធីបុណ្យប្រពៃណី ពិធីសាសនា ការជួបជុំ និងកម្មវិធីផ្សេងៗ នៅរាជធានីភ្នំពេញ ដោយមិនកំណត់ចំនួនអ្នកចូលរួម ប៉ុន្តែ អាស្រ័យទៅ តាមទីតាំងប្រារព្ធពិធី ដែលអាចធានាបានការរក្សាគម្លាតសុវត្ថិភាពសង្គម-បុគ្គល និងវិធានសុខាភិបាល ចាប់ពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ នេះតទៅ។
ចំពោះការរៀបចំពិធីអាពាហ៍ពិពាហ៍ និងពិធីបុណ្យប្រពៃណីនានា ម្ចាស់កម្មវិធី ត្រូវមានទីតាំងឯកជន សមស្របសម្រាប់រៀបចំកម្មវិធី និងត្រូវជូនដំណឹងមករដ្ឋបាលសង្កាត់នៃទីតាំងប្រារព្ធជាមុនសិន ដើម្បីចុះពិនិត្យទីតាំង ធំឬតូច សមាមាត្រទៅនឹងចំនួនអ្នកចូលរួម រួចទើបសម្រេចជូន។
ម្ចាស់កម្មវិធី ត្រូវចុះកិច្ចសន្យាជាមួយរដ្ឋបាលសង្កាត់នៃទីតាំងប្រារព្ធ ដើម្បីទទួលខុសត្រូវអនុវត្តតាម គោលការណ៍រក្សាគម្លាតសុវត្ថិភាពសង្គម-បុគ្គល ការបង្ហាញប័ណ្ណចាក់វាក់សាំងកូវីដ-១៩ និងអនុវត្តតាមនីតិវិធីប្រតិបត្តិ ស្ដង់ដារ ចុះថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ស្ដីពីការរៀបអាពាហ៍ពិពាហ៍ និងពិធីបុណ្យ ប្រពៃណីនានានៅក្នុងព្រះរាជាណាចក្រកម្ពុជា ព្រមទាំងគោលការណ៍ណែនាំរបស់ក្រសួង-ស្ថាប័នជំនាញពាក់ព័ន្ធ ជាពិសេស ត្រូវអនុវត្តវិធានការសុវត្ថិភាពផ្នែកសុខាភិបាលឱ្យបានម៉ឺងម៉ាត់ គឺកាតព្វកិច្ចពាក់ម៉ាស (លើកលែងពេលទទួលទានអាហារ ភេសជ្ជៈ) ការធ្វើអនាម័យ បាញ់ថ្នាំសម្លាប់មេរោគៈ ការវាស់កម្ដៅ និងត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវវិធានការ ។