សត្វរញីពីរប្រភេទ ត្រូវបានចុះក្នុងបញ្ជីក្រហមរបស់ IUCN ថា ជាប្រភេទសត្វងាយរងគ្រោះ
ភ្នំពេញ ៖ សត្វរញីពីរប្រភេទគឺរញីប្រផេះ និងរញីភ្លើងនេះត្រូវបានចុះក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ថាជាប្រភេទងាយរងគ្រោះថ្នាក់។ គ្រោះថ្នាក់ដោយសារតែវាកំពុងរងគ្រោះដោយសារតែការបរបាញ់ ទាក់ចាប់និងការធ្វើអាជីវកម្ម។ នេះបើយោងតាមទំព័រហ្វេសបុក លោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។
លោក នេត្រ ភក្ត្រា បានលើកឡើងថា ពលរដ្ឋមួយចំនួនមានជំនឿថារញីជាប្រភេទសត្វយកមកត្រាំស្រា ធ្វើជាថ្នាំកែរោគផ្សេងៗ ប៉ុន្តែតាមអ្នកជំនាញវេជ្ជសាស្ត្រ សត្វព្រៃដទៃទៀតពុំមានលក្ខណៈវេជ្ជសាស្រ្ត ឬវិទ្យាសាស្រ្តណាមួយអះអាងនោះទេថា អាចផ្សំ ឬលាយជាមួយអ្វីមួយដើម្បីចេញជាថ្នាំព្យាបាល ថ្នាំបង្កើនសុខភាព ឬជំនួយសុខភាពនោះទេ ប៉ុន្តែវាអាចជាប្រភពចម្លងជំងឺពីសត្វនោះមកមនុស្សទៅវិញទេ។ អ្វីដែលគេបានអនុវត្តពីមុនមកនោះ គឺជាការជឿតៗគ្នា ដែលគ្មានលក្ខណៈវិទ្យាសាស្រ្តទាល់តែសោះ។
លោកបន្ថែមថា តាមការស្រាវជ្រាវកន្លងមក មានក្រុមជនខិលខូចមួយចំនួនបានយកសត្វឆ្មាដែលមានរូបរាងដូចនឹងសត្វរញី មកក្លែងបន្លំធ្វើជាសត្វរញីឆ្អើរដាក់លក់នៅតាមទីតាំងឧសថបុរាណមួយចំនួន ឬដើរលក់តាមភូមិនានា។
រហូតមកទល់ពេលនេះ មិនមានទិន្នន័យណាមួយបញ្ជាក់ពីចំនួនសត្វរញីនៅលើពិភពលោកពិតប្រាកដឡើយ។ សម្រាប់ប្រទេសកម្ពុជា សត្វរញីប្រផេះជាប្រភេទសត្វកម្រនិងស្ថិតនៅក្នុងបញ្ជីឧបសម្ព័ន្ធ ១ នៃអនុសញ្ញាសាយតេសដែលមានរស់នៅក្នុងតំបន់ការពារធម្មជាតិរបស់ព្រះរាជាណាចក្រកម្ពុជា។ សត្វរញីប្រផេះមាននិន្នាការធ្លាក់ចុះនៅលើពិភពលោករួមទាំងនៅកម្ពុជាផងដែរ។
អ្នកនាំពាក្យរូបនេះ បញ្ជាក់ថា រញីប្រផេះជាទូទៅវាមានពណ៌ផ្សេងៗគ្នាចាប់ពីត្នោត ប្រផេះ ព្រលែត ទៅក្រហម ត្នោត និងមានឆ្នូតពណ៌ ត្នោតចាប់ពីក្បាលរហូតដល់ពាក់កណ្តាលខ្នង ឬដល់គល់កន្ទុយ និងមានលក្ខណៈស្រដៀងគ្នាទៅនឹងរញី ភ្លើងដែរ។ វាមានពណ៌ត្នោតចាស់ពទ្ធ័ជុំវិញរង្វង់ភ្នែកទាំងពីរ និងមានរោមឆ្នូតពណ៌សតាមបណ្តោយខ្ទង់ច្រមុះ។