សម្ដេចតេជោ ហ៊ុន សែន ​​ព្រមានអ្នកបកស្រាយពីកិច្ចព្រមព្រៀងទីក្រុង​ប៉ារីស ​​ឱ្យ​ប្រ​យ័ត្ន​

ភ្នំពេញ៖ ពិធីសម្ពោធអាគារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹក​​ថ្ងៃ​ទី០៨ ខែវិច្ឆិកា ​នេះ សម្ដេចតេជោ ហ៊ុន សែន ​​ព្រមានអ្នកបកស្រាយពីកិច្ចព្រមព្រៀងទីក្រុង​ប៉ារីស ​​ឱ្យ​ប្រ​យ័ត្ន​ ហើយ​សម្តេច​បានឱ្យសមត្ថកិច្ចសិក្សា​ករណីចោទប្រកាន់នេះផងដែរ។

សម្ដេច​តេជោ ហ៊ុន សែន បានបញ្ជាក់ថា៖ “អ្នកត្រូវស្គាល់ឱ្យច្បាស់ អ៊ុនតាក់ (UNTAC) អស់ភារកិច្ចចាប់ផ្ដើមគ្រប់គ្រង កិច្ចការនៅក្នុងប្រ​ទេសកម្ពុជា គឺក្រោយពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស រហូតមកដល់​សភាធម្មនុញ្ញ​ក្លាយទៅជាសភាជាតិ បង្កើតទៅជារដ្ឋាភិបាល គឺ UNTAC ​អស់​ភារ​កិច្ច។ បើ​នៅ​​​​ក្នុង​​ដំណាក់កាល​អ៊ុន​តាក់នេះ ​កុំភ្លេចឱ្យសោះ អ្នក​ចង់ឱ្យកិច្ចព្រមព្រៀងទីក្រុងប៉ារីសត្រឡប់វិញ អ្នកកំពុងហៅ​បរទេសមកត្រួតត្រា​កម្ពុជាសារជាថ្មី។

អ្នកត្រូវ​មើល​ ទាក់ទិន​ទៅនឹង​ចំណុច​នេះ​មួយ បើ​អ្នកជាខ្មែរ ហើ​យអ្នកជាមនុស្ស ហើយ​​អ្នកមិនមែនជាសត្វតិរច្ឆាន អ្នកមិនមែនជាសត្វ អ្នកត្រូវតែច្បាស់ ត្រង់កន្លែងថា អេសអិនស៊ី គឺជាប្រភពអំណាចតែមួយគត់ ប៉ុន្តែចែងច្បាស់​អំពីថា អេសអិនស៊ី ធ្វើការ​តាមកុងសង់ស៊ីស ក្នុង​​ករណី​​គ្មាន​​កុង​សង់ស៊ីស ប្រធាន​​អេសអិនស៊ី ធ្វើ​​ការ​សម្រេច​​​ដោយយោងទៅលើ​​គំនិត​របស់​សមាជិក​ដទៃ ក្នុងករណីមិនអាចសម្រេចបាន ប្រធានអ៊ុនតាក់ គឺជាអ្នក​សម្រេច”។

សម្ដេចតេជោ មានប្រសាសន៍បន្តថា៖ ដូច្នេះ​អ្នកធំជាងគេនៅស្រុកខ្មែរនៅ​ពេលនោះ ដំណាក់កាលអ៊ុនតាក់ មិនមែនព្រះកូណាបិតាទេ គឺប្រធានអ៊ុនតាក់ ហើយប្រធានអុនតាក់ជានរណា សមាជិក​​ក្រុម​ប្រឹក្សា​សន្តិសុខ​អចិន្ត្រៃយ៍ ទើបបញ្ជាបាន។ អ្នកត្រូវយល់ រដ្ឋធម្មនុញ្ញពេលនេះ ព្រះ​មហាក្សត្រព្រះអង្គធំជាងគេ​ ម៉េចក៏ចង់ហៅគេមកត្រួតត្រាឡើងវិញ​។

សម្ដេច​តេជោ ហ៊ុន សែន មានប្រសាសន៍បន្ថែមថា៖ ​“ការកាត់ទោសខ្មែរក្រហម អត់មាននៅក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីស​ទេ អ្នកឯងថាខុសទេ វាជាអធិបតេយ្យខ្មែរ ដែលធ្វើការសម្រេចចិត្ត ចូលរួមជាមួយអង្គការសហ​ប្រជាជាតិកាត់ទោសខ្មែរក្រហម។ ខ្ញុំមិនយល់ មនុស្សខ្លះបែរជាបកស្រាយកិច្ចព្រមព្រៀងទីក្រុងប៉ារីស ខ្ញុំធ្វើតាមរដ្ឋធម្មនុញ្ញ ព្រោះធាតុចូលទាំងប៉ុន្មានវាចូលមកក្នុងហ្នឹងអស់ហើយ តែសុំកុំច្រឡឺម កុំព្រហើន ខ្ញុំប្រាប់តែប៉ុណ្ណឹង កុំព្រហើន និយាយអីនិយាយចុះ ប៉ុន្តែតែចូលដល់ខុសច្បាប់​​ធ្ងន់ពេក គឺដាក់ហើយ​។

មានខុសតាមផ្លូវច្បាប់ត្រង់ណា ដែលចោទថា សភាកែពី ២ភាគ៣ មក ៥០+១ ខុសកិច្ចព្រម​ព្រៀងទីក្រុងប៉ារីស? កិច្ចព្រមព្រៀងទីក្រុងប៉ារីសបានកំណត់ថា សភាធម្មនុញ្ញកម្ពុជាត្រូវតែ ​២/៣​​ ឯណា? ដើម្បី​ដំណើរ​ការ​ប្រជាធិបតេយ្យឱ្យកាន់តែល្អ ថ្ងៃក្រោយគេមិនអាចនឹងកំណត់ថា ៥០បូក១នោះទៅទៀត គេកំណត់ភាគច្រើនទៅវិញ ឱ្យតែភាគច្រើន ហ្នឹងគឺឈ្នះហើយ ប៉ុន្តែវាក៏ឆាប់បាត់ទៅវិញដែរ នៅពេលដែលបោះឆ្នោតដកការទុកចិត្ត ចឹងបានគេស្វះស្វែងឱ្យមាន៥០បូក១នោះ​ ដូច្នេះបើអ្នកឯងចោទសភាខុស គេមានសិទ្ធិ​វាយខ្នោះអ្នកឯង។ ផ្ដាំ​ផ្ញើទៅផង ល្មមៗបានហើយ និយាយគ្នាឱ្យច្បាស់”។

ជាមួយគ្នានោះ សម្ដេចបានផ្ដាំផ្ញើឱ្យអ្នកបកស្រាយ ធ្វើយ៉ាងណាកុំបកស្រាយប៉ះពាល់ដល់ស្ថាប័នជាតិ។ បើចង់ហៅបរទេសមកគ្រប់គ្រង ត្រូវតែប្រឈមមុខចំពោះច្បាប់៕

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds