អាម៉េរិក​ កាត់ទោសមន្ត្រី​ចារកម្ម​ចិន​ម្នាក់

​អាមេរិក ៖” ក្រសួង​យុត្តិធម៌​អាម៉េរិក​បាន​និយាយ​ថា​ មន្ត្រី​ចារកម្ម​ចិន​ម្នាក់​ត្រូវ​​បាន​កាត់ទោស​នៅក្នុង​តុលាការ​សហព័ន្ធ​អាម៉េរិក​ កាលពី​ថ្ងៃ​សុក្រ​ទី​៥ ​វិច្ឆិកា ​ពីបទ​ធ្វើ​ចារកម្ម​សេដ្ឋកិច្ច​នៅក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​គាំទ្រ​ដោយ​រដ្ឋ​ដើម្បី​លួច​បច្ចេកវិជ្ជា​ពី​ក្រុមហ៊ុន​អាកាសចរណ៍​អាម៉េរិក​​និង​បារាំង​។​

​លោក ស៊ូ យ៉ាន​ជុន ជា​មន្ត្រី​ម្នាក់​នៅក្នុង​ការិយាល័យ​ចារកម្ម​បរទេស​ខេត្ត​ជាំ​ង​ស៊ូ ​នៃ​ក្រសួង​សន្តិសុខ​រដ្ឋ ត្រូវបាន​រកឃើញ​ថា ​មានទោស​នៅក្នុង​តុលាការ​ក្រុង​ស៊ីន​ស៊ីន​ណា​ទី​ចំនួន​ពីរ​បទល្មើស ​គឺ​សមគំនិត​​ឃុបឃិត​និង​ប៉ុនប៉ង​ធ្វើ​ចារកម្ម​សេដ្ឋកិច្ច និង​បី​ករណី​ពាក់ព័ន្ធ​នឹង​ការ​លួច​ការណ៍​សម្ងាត់​ពាណិជ្ជ​កម្ម​។​

​ការចោទប្រកាន់​ពី​បទ​ចារកម្ម​សេដ្ឋកិច្ច​អាច​ជាប់ពន្ធនាគារ​អតិបរមា ១៥ ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​រហូតដល់ ៥ លាន​ដុល្លារ ខណៈ​បទចោទប្រកាន់​ផ្សេងទៀត​អាច​ជាប់​ពន្ធនាគារ​រហូត​ដល់ ១០​ឆ្នាំ​ក្នុង​​មួយ​ករណី​។​

​លោក​ស៊ូ​គឺជា​ជនជាតិ​ចិន​ម្នាក់​ក្នុងចំណោម​ជនជាតិ​ចិន​ចំនួន ១១ នាក់ រួមទាំង​មន្ត្រី​ស៊ើបការណ៍​សម្ងាត់​ពីរ​នាក់ ដែល​ត្រូវបាន​ចោទប្រកាន់​កាលពី​ខែ​តុលា​ឆ្នាំ ២០១៨​ជាប់​ពាក់ព័ន្ធ​ក្នុង​គម្រោងការ​​រយៈពេល ៥ ឆ្នាំ​ដើម្បី​លួច​បច្ចេកវិជ្ជា​ពី​ក្រុមហ៊ុន GE Aviation ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ស៊ីន​ស៊ីន​ណា​ទី ដែលជា​ក្រុមហ៊ុន​ផលិត​ម៉ាស៊ីន​យន្តហោះ​ឈានមុខ​គេ​មួយ​របស់​ពិភពលោក និង​ក្រុមហ៊ុន Safran Group របស់​បារាំង ដែល​ធ្វើការ​ជាមួយ​ក្រុមហ៊ុន GE លើ​ការអភិវឌ្ឍ​ម៉ាស៊ីន​។​

​ក្រសួង​យុត្តិធម៌ចេញសេចក្តីថ្លែងការណ៍​មួយ​ថា “​លោក​ស៊ូ​បាន​ប៉ុនប៉ង​លួច​បច្ចេកវិជ្ជា​ទាក់ទង​នឹង​កង្ហារ​ម៉ាស៊ីន​យន្តហោះ​ផ្គុំ​ផ្តាច់មុខ​របស់​ក្រុមហ៊ុន GE Aviation​ដែល​គ្មាន​ក្រុមហ៊ុន​​ណាមួយ​ក្នុង​ពិភពលោក​អាច​ចម្លង​ដូច​បាន​ទេ ដើម្បី​ជា​ប្រយោជន៍​ដល់​រដ្ឋ​ចិន​”​។​

​សេចក្តីថ្លែងការណ៍​បាន​បន្ថែមថា លោក​ស៊ូ “​បានកំណត់​អត្តសញ្ញាណ​អ្នកជំនាញ​ដែល​ធ្វើការ​ឱ្យ​ក្រុមហ៊ុន និង​ជ្រើសរើស​ពួកគេ​ឱ្យ​ធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​ចិន​”​។​

​លោក​ស៊ូ​ត្រូវបាន​ចាប់ខ្លួន​នៅ​ខែ​មេសា​ឆ្នាំ ២០១៨ នៅ​ប្រទេស​បែលហ្ស៊ិក កន្លែង​ដែល​គាត់​ទំនងជា​ត្រូវ​បាន​បោក​បញ្ឆោត​ក្នុង​ប្រតិបត្តិ​ការប្រឆាំង​ចារកម្ម​សម្ងាត់​ពេល​គាត់​មាន​គម្រោង​ជួប​ជាសម្ងាត់​​ជាមួយ​បុគ្គលិក​ក្រុមហ៊ុន GE ក្នុងការ​ធ្វើ​ដំណើរ​មួយ​នោះ​៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds