ឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី តំណាងសម្តេចតេជោ ថ្លែងក្នុងកិច្ចប្រជុំកំពូលស្តីពី ប្រព័ន្ធស្បៀង ដែលរៀបចំដោយឯកឧត្តមអគ្គលេខាធិការអង្គការសហប្រជាជាតិ
(ភ្នំពេញ)នៅថ្ងៃទី23ខែកញ្ញាឆ្នាំ2021 អង្គការសហប្រជាជាតបានរៀបចំកិច្ចប្រជុំកំពូលស្តីពីប្រព័ន្ធស្បៀងនៅទីក្រុងញ៉ូយ៉ក ។ កិច្ចប្រជុំនេះបានផ្តល់ឱកាសដ៏សំខាន់សម្រាប់ប្រមុខរដ្ធ ប្រមុខរដ្ធាភិបាល និងថ្នាក់ដឹកនាំកំពូលៗនៅក្នុងពិភពលោក ថ្លែងការណ៍បញ្ជាក់ពីការប្តេជ្ញាចិត្តអនុវត្តផែនទីចង្ហាញផ្លូវស្តីពីប្រព័ន្ធស្បៀងប្រកបដោយចីរភាព ឆ្នាំ២០៣០ និងដាក់ចេញផែនការសកម្មភាពអាទិភាពនានា ដើម្បីប្រើប្រាស់ឥទ្ធិពលនៃស្បៀងអាហារសម្រាប់ស្តារសេដ្ធកិច្ច និងសង្គមឡើងវិញ ពីវិបត្តិកូវីដ-១៩ និង ដើម្បីធ្វើឱ្យប្រព័ន្ធស្បៀងកាន់តែមានភាពរឹងមាំ និងមានសមធម៌ មានចីរភាពសេដ្ធកិច្ច ចីរភាពសង្គម ចីរភាពបរិស្ថាន ហើយជាចុងក្រោយជំរុញឱ្យមានវឌ្ឍនភាពនៃគោលដៅអភិវឌ្ឍប្រកបដោយចីរភាពទាំង១៧ របស់អង្គការសហប្រជាជាតិ។
តបតាមការអញ្ជើញរបស់ឯកឧត្តម Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ រាជរដ្ឋាភិបាលកម្ពុជាបានចាត់ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ធមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចូលរួមធ្វើសេចក្តីថ្លែងការណ៌ស្តីពីការប្តេជ្ញាចិត្តរបស់រាជរដ្ធាភិបាលកម្ពុជានៅក្នុងកិច្ចប្រជុំកំពូលស្តីពីប្រព័ន្ធស្បៀងនេះ តាមរយៈការថតវីដេអូទុកជាមុន។