គ្រូជម្រើសជាតិចិន បានធ្វើការលាលែងពីតំណែងក្រោយដឹកនាំបានតែ២ប្រកួតប៉ុណ្ណោះ
គ្រូបង្គោលជម្រើសចិន លោក Fabio Cannavaro បានសម្រេចចិត្តលាលែងពីតំណែងជម្រើសជាតិប្រទេសយក្សអាស៊ីមួយនេះ ក្រោយចូលកាន់តំណែងបានតែជាង១ខែប៉ុណ្ណោះ និងដឹកនាំបានតែ២ប្រកួត។
អតីតកីឡាករជម្រើសជាតិអ៊ីតាលីធ្លាប់ជួយជម្រើសជាតិខ្លួន លើកពាន FIFA World Cup កាលពីឆ្នាំ២០០៦ ខាងលើ បានឈានជើងកាន់តំណែងជម្រើសជាតិចិន កាលពីថ្ងៃទី១៥ ខែមីនា ថ្មីៗនេះ ហើយក៏មានភារកិច្ចដឹកនាំប្រកួតក្នុងព្រឹត្តិការណ៍ពានមិត្តភាពអន្តរជាតិ China Cup ២០១៩ ប៉ុន្តែធ្វើមិនបានល្អឡើយក្នុងនាមជាក្រុមម្ចាស់ផ្ទះ ដោយចាញ់ទាំង២លើក ក្រោមថ្វីជើង ថៃ និងអូប៊េគីស្ថាន។
យ៉ាងណាក្តី ត្បិតចាកចេញពីតំណែងធំមួយនេះ ក៏បុរសវ័យ៤៥ឆ្នាំរូបនេះមិនទាន់ចាកចេញពីទឹកដីចិនឡើយ ដោយបន្តការដឹកនាំក្លឹប Guangzhou Evergrande សមាជិកនៃលីគកំពូលចិនដដែល។
អត្ថបទ៖ គឹមស្រ៊ិន