អគ្គនាយកដ្ឋានពន្ធដារបានចេញសេចក្តីជូនដំណឹងថ្មីមួយ តម្រូវឲ្យបំពាក់ឧបករណ៍វាស់ចំណុះស្រាបៀរ និងភេសជ្ជៈគ្មានជាតិសុរាទៅលើសហគ្រាសផលិតក្នុងស្រុកទាំងអស់!

 

ភ្នំពេញ៖ ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១នេះអគ្គនាយកដ្ឋានពន្ធដារ  បានចេញសេចក្ដីជូនដំណឹងថ្មីមួយ ដោយកំណត់ឲ្យសហគ្រាសផលិតផលិតស្រាបៀរ និងភេសជ្ជៈគ្មានជាតិសុរា ក្នុងស្រុកទាំងអស់ បំពាក់ឧបករណ៍វាស់ចំណុះស្រាបៀរ និងភេសជ្ជៈគ្មានជាតិសុរា។ 

ដោយសហគ្រាសផលិតត្រូវអនុវត្តតាមពេលវេលាដែលបានកំណត់ដូចតទៅ៖ គឺចាប់ពីថ្ងៃ ទី២០ ខែកញ្ញា ឆ្នាំ២០២១ ត្រូវធ្វើការបញ្ជាទិញឧបករណ៍វាស់ចំណុះទៅកាន់អ្នកផ្គត់ផ្គង់ ហើយចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ ត្រូវធ្វើការដំឡើងឧបករណ៍វាស់ចំណុះ ដោយក្រុមអ្នកបច្ចេកទេសរបស់ សហគ្រាសផ្គត់ផ្គង់ និងក្រោមការត្រួតពិនិត្យរបស់អគ្គនាយកដ្ឋានពន្ធដារ និងចាប់ពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ ចាប់ផ្តើមអនុវត្តប្រើប្រាស់ឧបករណ៍វាស់ចំណុះ។  

ដោយនៅក្នុងនោះ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ តទៅ អគ្គនាយកដ្ឋានពន្ធដារនឹងធ្វើការ ត្រួតពិនិត្យ និងតាមដានការអនុវត្តការដំឡើងឧបករណ៍វាស់ចំណុះនៅតាមបណ្តារោងចក្រផលិតស្រាបៀរ និងភេសជ្ជៈគ្មានជាតិសុរា ក្នុងស្រុកទាំងអស់ផងដែរ។

សហគ្រាសផលិត ត្រូវដំឡើងឧបករណ៍វាស់ចំណុះ នៅក្នុងទីតាំងរោងចក្រផលិតរបស់ខ្លួន ព្រមទាំងអាចភ្ជាប់ទៅនឹងប្រព័ន្ធអេឡិចត្រូនិក ដោយផ្ទាល់ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធ បណ្តាញរបស់អគ្គនាយកដ្ឋានពន្ធដារ។ ក្នុងករណីដែលសហគ្រាសផលិតជួបការ លំបាកក្នុងការបញ្ជាអគ្គនាយកដ្ឋានពន្ធដារ នឹងជួយសម្របសម្រួលក្នុងដំណើរការទាំងមូលនៃការរៀបចំអនុវត្តការដំឡើងឧបករណ៍វាស់ចំណុះនៅតាមសហតសផលិតក្នុងស្រុក។  

សូមជម្រាបថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដាក់ចេញនូវប្រកាសថ្មីនេះ គឺក្នុងគោលបំណងកំណត់អំពីវិធាន និងនីតិវិធីគ្រប់គ្រងការប្រើប្រាស់ឧបករណ៍វាស់ចំណុះស្រាបៀរ និង/ឬភេសជ្ជៈគ្មានជាតិសុរា ដែលផលិតក្នុងស្រុក និងពង្រឹងការគ្រប់ប្រមូលចំណូលពន្ធអាករគ្រប់ប្រភេទ ជាពិសេសចំណូលអាករពិសេសលើស្រាបៀរ និងភេសជ្ជៈគ្មានជាតិសុរា ប្រកបដោយតម្លាភាព ប្រសិទ្ធភាពស័ក្ដិសិទ្ធិភាព និងធានាបាននូវការប្រកួតប្រជែងដោយស្មើភាព៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds