ស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ ទាត់ចោលការចោទប្រកាន់ថាអាជ្ញាធរ គំរាមចាប់ខ្លួនយុវជន២នាក់, មូលហេតុពួកគេរំខានប្រតិបត្តិការសមត្ថកិច្ចបង្ក្រាបក្រុមចោរឆក់

(ភ្នំពេញ)៖ លោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានថ្លែង នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១នេះ បានច្រានចោលទាំងស្រុងចំពោះការចុះផ្សាយព័ត៌មានខុសពីការពិតទាំងស្រុងរបស់សារព័ត៌មាន VOD ថា សមត្ថកិច្ចគំរាមចាប់ខ្លួនអ្នកការពារបរិស្ថាន នៅសង្កាត់បឹងទំពន់១ ខណ្ឌមានជ័យ ពីព្រោះមូលហេតុពួកគេរំខានប្រតិបត្តិការសមត្ថកិច្ចបង្ក្រាបក្រុមចោរឆក់។

អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ការចោទប្រកាន់ខុសពីការពិតមកលេីសមត្ថកិច្ច តាមពិតជាក់ស្តែងនៅព្រឹកថ្ងៃអង្គារ ទី០៧ ខែកញ្ញា ឆ្នាំ២០២១ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសហការជាមួយអជ្ញារមូលដ្ឋានសង្កាត់បឹងទំពន់១ បានចុះធ្វេីរដ្ឋបាលត្រួតពិនិត្យនៅតាមបន្ទប់ជួលនៅសង្កាត់បឹងទំពន់១ ដោយសារមានជនសង្ស័យលេីបទល្មេីសឆក់រត់ចូលក្នុងទីតាំងដូចបានបញ្ជាក់ខាងលេី ពេលកំពុងអនុវត្តការងារក៏មានយុវជន២នាក់ចេញមកថតសកម្មភាពអនុវត្តការងាររបស់សមត្ថកិច្ច ដោយពុំមានការអនុញ្ញាត ដោយឃេីញដូច្នេះសមត្ថកិច្ចជំនាញក៏បានធ្វេីការណែនាំអប់រំ និងឱ្យលប់រូបនេះចេញវិញ ដោយមិនបានធ្វេីការឃាត់ខ្លួន ឬដាក់ទោសអ្វីឡេីយ»។

លោកវរសេនីយ៍ឯក សាន សុខសីហា បានបញ្ជាក់បន្ថែមទៀត៖ «សេចក្តីបកស្រាយ បំភ្លឺ និងបដិសេធរបស់អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាធានីភ្នំពេញ ទាក់ទងទៅនឹងសារព័ត៌មាន VOD ដែលបានចុះផ្សាយព័ត៌មានខុសពីការពិតទាំងស្រុង ថាមានករណីគំរាមចាប់ខ្លួនអ្នកការពារបរិស្ថាននៅសង្កាត់បឹងទំពន់១ ខណ្ឌមានជ័យ»។

ក្នុងនាមសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមធ្វេីការអំពាវនាវដល់គ្រប់សារព័ត៌មានជាតិ អន្តរជាតិ និងសាធារៈណជនទាំងអស់មុននឹងធ្វេីការផ្សព្វផ្សាយព័ត៌មានសូមធ្វេីការស្រាវជ្រាវឱ្យបានគ្រប់ជ្រុងជ្រោយ ដោយកុំធ្វេីការសន្និដ្ឋានដោយអត្តនោម័តដែលធ្វេីឱ្យប៉ះពាល់ដល់កិត្តិយសរបស់កងកម្លាំងនគរបាលជាតិ និងធ្វេីឱ្យមានការវាយតម្លៃអវិជ្ជមានចំពោះកិច្ចប្រតិបត្តិការរបស់សមត្ថកិច្ច ដែលអំពេីនេះគួរតែត្រូវបានបញ្ឈប់ជាបន្ទាន់។

ជាមួយគ្នានេះដែរ លោកវរសេនីយ៍ឯក សាន សុខសីហា ក៏បានអំពាវនាវឱ្យចូលរួមសហការលុបបំបាត់ព័ត៌មានមិនពិតផងដែរ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds