តាលីបង់ ឲ្យចូលរៀនមែន តែសិស្សស្រី និងសិស្សប្រុស ត្រូវខណ្ឌចែកដាច់ពីគ្នា
សិស្សនិស្សិតនៅទូទាំងប្រទេសអាហ្វហ្គានីស្ថាន បានចាប់ផ្តើមវិលត្រឡប់ទៅសាលារៀនវិញហើយ បន្ទាប់ពីក្រុមតាលីបង់ ឡើងកាន់អំណាច ប៉ុន្តែឥឡូវនេះ សិស្សស្រី ត្រូវបានខណ្ឌចែកពីសិស្សប្រុស ដោយវាំងននឬក្តារ នៅកណ្តាលបន្ទប់។
អ្វីដែលកើតឡើងនៅតាមសាកលវិទ្យាល័យនិងសាលារៀនទូទាំងប្រទេស នឹងត្រូវបានឃ្លាំមើលយ៉ាងដិតដល់ពីមហាអំណាចបរទេស។
រូបថត ដែលត្រូវបានចែករំលែកដោយសាកលវិទ្យាល័យ Avicenna ក្នុងទីក្រុងកាប៊ុល ហើយត្រូវបានចែកចាយយ៉ាងទូលំទូលាយនៅលើបណ្តាញសង្គម បានបង្ហាញពីវាំងននពណ៌ប្រផេះ ត្រូវបានដាក់នៅចំកណ្តាលថ្នាក់រៀន ខណៈនិស្សិតស្រីពាក់រ៉ូបវែងនិងគ្របក្បាលប៉ុន្តែមុខរបស់ពួកគេអាចមើលឃើញ។
បណ្តាប្រទេសលោកខាងលិចបាននិយាយថា ជំនួយនិងការទទួលស្គាល់ក្រុមតាលីបង់ នឹងអាស្រ័យលើរបៀបដែលពួកគេដឹកនាំប្រទេសអាហ្វហ្គានីស្ថាន រួមទាំងការប្រព្រឹត្តដាក់ក្មេងស្រីនិងស្ត្រីរបស់ពួកគេផងដែរ។
នៅពេលក្រុមនេះ ដាក់ការគ្រប់គ្រងលើកចុងក្រោយចាប់ពីឆ្នាំ ១៩៩៦ ដល់២០០១ ក្រុមនេះបានហាមឃាត់ក្មេងស្រីមិនឲ្យចូលសាលារៀន និងស្ត្រីមិនឲ្យទៅសាកលវិទ្យាល័យនិងធ្វើការ។