គុណភាពខ្យល់របស់ទីក្រុងហាណូយ បានឈានដល់កម្រិតមិនល្អដល់សុខភាព ទោះបីជាទីក្រុងនេះកំពុងស្ថិតក្រោមវិធានការរក្សាគម្លាតក៏ដោយ

គុណភាពខ្យល់នៅតំបន់ភាគកណ្តាល និងខាងត្បូងជាច្រើនរបស់ប្រទេសវៀតណាម បានបង្ហាញពីភាពប្រសើរឡើង ប៉ុន្តែខេត្តភាគខាងជើងមួយចំនួន បានមើលឃើញពីការកើនឡើងនៃការបំពុលបរិយាកាស បើទោះបីជាប្រទេសនេះកំពុងស្ថិតក្រោមវិធានការរក្សាគម្លាតក៏ដោយ។ ការបំពុលបរិយាកាសនាំឱ្យមនុស្សប្រឈមនឹងការស្រូបយកភាគល្អិតមិនល្អនៅក្នុងខ្យល់កខ្វក់ ដែលអាចជ្រាបចូលជ្រៅទៅក្នុងសួត និងប្រព័ន្ធសរសៃឈាមបេះដូង ហើយប្រការនេះ វាអាចបណ្តាលឱ្យមនុស្សមានជំងឺរួមមាន៖ ជំងឺដាច់សរសៃឈាមខួរក្បាល ជំងឺបេះដូង មហារីកសួត ជំងឺស្ទះសួតរ៉ាំរ៉ៃ និងការឆ្លងមេរោគផ្លូវដង្ហើមផ្សេងៗ។

កម្មវិធីឃ្លាំមើល AirVisual of IQAir ដែលជាកម្មវិធីត្រួតពិនិត្យ និងតាមដានគុណភាពខ្យល់អាកាសរបស់ប្រទេសស្វីស បានកត់ត្រាចំណុចក្រហមចំនួន ៩ នៅម៉ោងប្រហែល ៨ព្រឹក ថ្ងៃសៅរ៍ ទី០៤ ខែកញ្ញា ឆ្នាំ២០២១ នៅរដ្ឋធានីហាណូយ ខេត្តហុងយ៉េន និងក្រុងឡាងសុន។ ជាមួយគ្នានេះដែរ អ្នកជំនាញបរិស្ថានម្នាក់បាននិយាយថា៖«នេះមានន័យថាគុណភាពខ្យល់ទូទៅកំពុងចាប់ផ្តើមជះឥទ្ធិពលអវិជ្ជមានដល់សុខភាពរបស់មនុស្សធម្មតា និងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពរបស់ក្រុមងាយរងគ្រោះ»។

តំបន់សំខាន់ៗនៃទីក្រុងហាណូយ ដែលរងផលប៉ះពាល់ពីកម្រិតនៃការបំពុលបរិយាកាសខ្ពស់រួមមាន៖ ផ្លូវទៅង៉ុកវ៉ាននៅស្រុកតៃហូ និងផ្លូវជីធួងនៅស្រុកឡុងបៀន។ ទន្ទឹមនឹងនេះដែរ កម្មវិធីតាមដានគុណភាពខ្យល់ឯករាជ្យ PAMAir ក៏បានរាយការណ៍ដែរថា គុណភាពខ្យល់នៅស្ថានីយ៍ត្រួតពិនិត្យជាច្រើន ដែលមានទីតាំងនៅទូទាំងទីក្រុងហាណូយ និងតំបន់ជិតខាង គឺមានពណ៌ទឹកក្រូច ដែលបង្ហាញថាគុណភាពខ្យល់ទាំងមូលស្ថិតក្នុងកម្រិតគ្រោះថ្នាក់ដល់សុខភាពមនុស្ស៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds