រសៀលនេះ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញទទួលវ៉ាក់សាំង Oxford AstraZeneca ជាជំនួយទ្វេភាគីរបស់ចក្រភពអង់គ្លេស ចំនួន ៤១៥.០០០ ដូស ជូនរាជរដ្ឋាភិបាលកម្ពុជា
តាមកម្មវិធីដែលបានគ្រោងទុក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញទៅទទួលវ៉ាក់សាំង Oxford AstraZeneca ជាការបរិច្ចាគរបស់ចក្រភពអង់គ្លេស ចំនួន ៤១៥.០០០ ដូស ក្នុងក្របខណ្ឌទ្វេភាគី ជូនរាជរដ្ឋាភិបាលកម្ពុជា។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក៏បានសម្រេចដាក់ចេញ នូវយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី ៣ ឬដូសជំរុញ ជូនដល់មន្ត្រីបម្រើសេវាសាធារណៈ នៅជួរមុខ ដែលកំពុងបម្រើការងារនៅតាមបណ្តាខេត្តនានា ដែលស្ថិតតាមព្រំដែនប្រទេសថៃ ដែលមេរោគបំប្លែងថ្មី ដែលតា កំពុងវាយលុក និងរាលដាល។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី ១ ខែសីហា ឆ្នាំ ២០២១ ក្នុងឱកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនកុមារ និងយុវវ័យ ចាប់ពីអាយុ ១២ ឆ្នាំ ដល់ ក្រោមអាយុ ១៨ ឆ្នាំ សម្តេចបានអះអាងថា អ្នកធ្លាប់ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទវ៉ាក់សាំង សុីណូហ្វាម និង សុីណូវ៉ាក់ គឺត្រូវចាក់វ៉ាក់សាំងប្រភេទ AstraZeneca សម្រាប់ដូសទី៣ ឬដូសជំរុញ។
សូមជម្រាបថា គិតត្រឹមថ្ងៃទី ៤ ខែសីហា ឆ្នាំ ២០២១ កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ មាន ៧៥,៤២% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៨,២៩% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់។ ប្រភព: ទទក
ដងស្រង់ដោយ: លោក រ៉ូប៊ី