ក្រសួងប្រៃសណីយ៍ កោះហៅតំណាងក្រុមហ៊ុនទូរស័ព្ទចល័ត smart និងលោក សុន សុភ័ន្ត ចូលធ្វើការដោះស្រាយគ្នា

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ ២០២១ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា បានហៅតំណាងក្រុមហ៊ុនទូរស័ព្ទចល័ត smart និងលោក សុន សុភ័ន្ត ចូលធ្វើការដោះស្រាយគ្នា បន្ទាប់ពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា បានចេញសេចក្តីព្រមានដល់ក្រុមហ៊ុនស្មាត កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១នេះ។

សូមរំលឹកផងដែរថា លោក សុន សុភ័ន្ត បានដាក់ពាក្យប្ដឹងក្រុមហ៊ុនបម្រើសេវាកម្មទូរស័ព្ទប្រព័ន្ធស្មាត (SMART) ថា បានលួចលក់លេខទូរស័ព្ទដែលគាត់កំពុងប្រើប្រាស់រាល់ថ្ងៃ ឲ្យទៅបុគ្គលផ្សេងដែលមិនមែនជាកម្មសិទ្ធិផ្ទាល់ កាលពីថ្ងៃទី៣១ 

ខែឧសភា ឆ្នាំ២០២១ ដោយរូបលោកបានដាក់ពាក្យបណ្ដឹងនៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការនគរបាលជាតិ។ 

បន្ទាប់ពីការប្រជុំពិភាក្សាគ្នារួចមក ភាគីដើមបណ្ដឹង និងភាគីចុងចម្លើយ បានយល់ព្រមផ្សះផ្សា និងព្រមព្រៀងគ្នា

អនុវត្តតាមខ្លឹមសារដូចខាងក្រោម៖ 

ទី១. ភាគីវិវាទឯកភាពប្រគល់ និងទទួលលេខទូរស័ព្ទ ០១៥ 

៥៣២០១៦ ក្រុមហ៊ុន smart បានប្រគលលេខទូរស័ព្ទនេះ ជូនលោក សុន សុភ័ន្ត ចាប់ពីថ្ងៃផ្សះផ្សានេះតទៅ។ 

ទី២. ភាគីវិវាទបានឯកភាពគ្នា ទទួលយកចំណុចដែលក្រុមហ៊ុន smart បានដាក់វិន័យរដ្ឋបាលដល់បុគ្គលិកដែលបានប្រព្រឹត្តល្មើសនឹងគោលការណ៍របស់ក្រុមហ៊ុន តាមរយៈការព្យួរការងារ និងបញ្ឈប់ពីការងារ ភាគីវិវាទក៏បានឯកភាពគ្នាបន្តនីតិវិធីជាមួយស្ថាប័នមានសមត្ថកិច្ចក្នុងការស្រាវជ្រាវ នឹងដាក់ពាក្យប្ដឹងក្នុងករណីបទល្មើសព្រហ្មទណ្ឌ។ ដូចនេះ ភាគីដើមបណ្ដឹងត្រូវបន្តនីតិវិធីតាមច្បាប់ជាធរមាន ទៅស្ថាប័នមានសមត្ថកិច្ច។ ដើម្បីផ្ដន្ទាទោសបុគ្គលដែលពាក់ព័ន្ធខាងលើ ជាមួយគ្នាក្រុមហ៊ុន smart និងផ្ដល់កិច្ចសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច និងភាគីដើមបណ្ដឹង (លោក សុន សុភ័ន្ត) ក្នុងករណីបទល្មើសព្រហ្មទណ្ឌ។ 

ទី៣. ភាគីវិវាទមិនបានឯកភាពលើការទាមទារ នឹងផ្ដល់សំណងការខូចខាតជូនលោក សុន សុភ័ន្ត នៅទឹកប្រាក់៥១២០០ដុល្លារនោះទេ ក៏ដូចជាការផ្សារភ្ជាប់ទំនាក់ទំនងជាមួយអតិថិជន ដែលក្រុមហ៊ុន smart បានផ្ដល់ជូនគម្រោងសេវាកម្ម smart ធំហ្មងជាទឹកប្រាក់៥ដុល្លារ ប្រចាំខែក្នុងរយៈពេល ១២ខែនោះដែរ។ ភាគីវិវាទអាចបន្តនីតិវិធីទៅមជ្ឈត្តការ ឬតុលាការមានសមត្ថកិច្ច ស្របតាមបទប្បញ្ញត្តិជាធមាន។ 

កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១នេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានរកឃើញថា ក្រុមហ៊ុនស្មាត អាស្យាតា ខូអិលធីឌី បានអនុវត្តខុសនឹងនីតិវិធី ក្នុងការបើកលេខទូរស័ព្ទជូនអតិថិជន ដោយបានកាត់ផ្ដាច់លេខទូរស័ព្ទរបស់អតិថិជនដែលកំពុងប្រើប្រាស់រាល់ថ្ងៃ ហើយយកទៅលក់បន្តឲ្យអតិថិជនថ្មី ដោយគ្មានការយល់ព្រមពីម្ចាស់ដើម។ 

ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍អ្នកប្រើប្រាស់សេវាទូរស័ព្ទចល័ត ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សូមជម្រាបជូនសាធារណជនអំពីការចាត់វិធានការលើក្រុមហ៊ុនស្មាត អាស្យាតា ខូអិលធីឌីដូចខាងក្រោម៖ 

ទី១៖ ក្រុមហ៊ុនស្មាត អាស្យាតា ខូអិលធីឌី ត្រូវធ្វើការសុំទោសជាសាធារណៈ ដោយចុះផ្សាយក្នុងគេហទំព័រផ្លូវការរបស់ខ្លួន និងសន្យាមិនឲ្យមានហេតុការណ៍ខាងលើ កើតមានសារជាថ្មីម្ដងទៀត។ 

ទី២៖ ក្រុមហ៊ុនស្មាត អាស្យាតា ខូអិលធីឌី ត្រូវផ្ដល់សំណងនៃការខូចខាតដល់ម្ចាស់ដើម ចំពោះការប្រព្រឹត្តខុសនឹងនីតិវិធី ក្នុងការបិទលេខទូរស័ព្ទអតិថិជនដែលកំពុងប្រើប្រាស់។ 

ទី៣៖ ម្ចាស់ដើមមានសិទ្ធិទទួលបានលេខទូរស័ព្ទនេះ មកប្រើប្រាស់វិញ។ 

ទី៤៖ រាល់បុគ្គលពាក់ព័ន្ធនឹងករណីខាងលើនេះ នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។ 

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សូមរំលឹកដល់ប្រតិបត្តិកផ្ដល់សេវាទូរស័ព្ទចល័តទាំងអស់ ត្រូវពង្រឹងការគ្រប់គ្រង និងនីតិវិធីនៃចែកចាយ និងលក់ស៊ីមកាតទូរស័ព្ទចល័តឲ្យបានត្រឹមត្រូវជូនអតិថិជនរបស់ខ្លួន ចៀសវាងមានករណីបែបនេះកើតឡើង។ 

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នឹងបន្តតាមដាន និងចាត់វិធានការយ៉ាងតឹងរឹងបំផុត ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ចំពោះប្រតិបត្ដិករផ្ដល់សេវាទូរស័ព្ទចល័តណា ដែលបានប្រព្រឹត្តខុស។ សេចក្តីដូចបានជម្រាបជូនខាងលើ សូមថាសាធារណជនទាំងអស់ មេត្តាជ្រាបជាព័ត៌មាន!!!៕ ប្រភព: CSN News Daily ដកស្រងដោយ: Mr Roby

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds