លោក ពេជ្រ ស្រស់ លើកឡើងថា ក្រុមដែលតែងតែចោទគេ ថាជាអាយ៉ងរបស់បក្សកាន់អំណាចនោះ បាន ចេញមកបង្កើតបក្សជាបន្តបន្ទាប់ដូចហែរកឋិន

ភ្នំពេញ៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា នៅរសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១នេះ បានលើកឡើងថា ក្រុមដែលតែងតែចោទគេ ថាជាអាយ៉ងរបស់បក្សកាន់អំណាចនោះ ពេលនេះបាន ចេញមកបង្កើតបក្សជាបន្តបន្ទាប់ដូចហែរកឋិន។

ការលើកឡើងរបស់លោក ពេជ្រ ស្រស់ បែបនេះធ្វើឡើង ក្រោយពីសង្កេតឃើញថា មានអតីតមន្រ្តីអតីតបក្សប្រឆាំងជាច្រើន បានស្នើរសុំសិទ្ធិធ្វើនយោបាយឡើងវិញ ហើយឈានទៅដល់ការបង្កើតគណបក្សថ្មី ដែលត្រូវបានរងការរិះគន់ យ៉ាងចាស់ដៃពីសំណាក់ មជ្ឈដ្ឋានជាតិនិងអន្តរជាតិ ជាពិសេសក្រុមអ្នកគាំទ្រលោក កឹម សុខា ដែលសុខចិត្តទ្រាំ នៅបន្តក្នុងសមរភូមិនយោបាយ មិនរត់ចោលស្រុក ផ្ទុយស្រលះពីលោក សម រង្ស៊ី និងបក្ខពួកមួយចំនួន ដែលតែងតែស្រែកវាយប្រហារ អ្នកកាន់អំណាចកម្ពុជា ពីខាងក្រៅ។

នៅលើបណ្ដាញសង្គមហ្វេសប៊ុក លោក ពេជ្រស្រស់ បានសរសេរយ៉ាងដូច្នេះថា «គណបក្សយុវជនកម្ពុជា #សេរីភាព #យុត្តិធម៌ #អភិវឌ្ឍន៍ ផល្លា វាមិនចម្លែកនោះទេដែលមានអ្នកចេញមកបង្កើត គណបក្សនយោបាយ ដូចហែរកថិនទាន បែបនេះ ប៉ុន្តែ អ្វីដែលចម្លែកនោះ គឺថាពួកគេ បើកគណបក្សនយោបាយព្រោងព្រាតនេះ គឺគ្មានអ្នកលាបពណ៌ ថាអាយ៉ងអ្នកនេះ អាយ៉ងអ្នកនោះឡើយ ពីព្រោះអ្នកលាបពណ៌ ទាំងនោះបានចេញមកបង្កើត គណបក្សនយោបាយ ដូចហែរកថិន អស់ហើយ ដោយឡែកពួកយើង ដែលធ្លាប់ពួកគេលាបពណ៌ ថាបក្សយើងអាយ៉ងអ្នកនេះ អាយ៉ងអ្នកនោះគឺខ្ពើម នឹងទៅចោទបកពួកគេវិញណាស់ពីព្រោះវាជាអំពើថោកទាប ដោយពួកយើងគឺជាជនថ្លៃថ្នូរ មិនអាចប្រព្រឹត្តអំពើដ៏ ថោកទាប ដូចជាពួកគេបាននោះឡើយ»

សូមរំលឹកថា គិតមកដល់ពេលនេះ អតីតមន្រ្តីនៃអតីតគណបក្សសង្រ្គោះជាតិ បានបង្កើតបក្សចំនួន៦ ហើយរួមមាន គណបក្សឆន្ទៈខ្មែរ (មានលោក គង់ មូនីកា និងលោកគង់ គាំ) គណបក្សខ្មែរអភរិក្ស (លោក រៀល ខេមរិន្ទ) គណបក្សខ្មែរស្រឡាញ់ជាតិ (លោកជីវ កត្តា) គណបក្សកំណែទម្រង់កម្ពុជា(លោក ប៉ុល ហំម និងអ៊ូ ច័ន្ទរ័ត្ន ) គណបក្សបេះដូងជាតិ (ប្រភពអះអាងថាលោក ថាច់ សេដ្ឋា) និងគណបក្សកម្ពុជានិយម «.» (លោក យ៉ែម បុញ្ញឬទ្ធិ)

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds